Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

វិបត្តិ​ នៅ​រោងចក្រ​ មេតថេក ​នៅ​កំពង់ចាម​ មិន​ទាន់​អាច ​ដោះស្រាយ​ បាន

workers-protest610.jpg
កម្មករ​រោងចក្រ មេតថេក ខេមបូឌា ខូអិលធីឌី (Medtecs Cambodia Co., Ltd) នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧ នាគ​ព័ន្ធ ក្នុង​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ២០១៣។
(RFA / Saut Sokprathna)

វិបត្តិ​ នៅ​រោងចក្រ​ មេតថេក ​នៅ​កំពង់ចាម​ មិន​ទាន់​អាច ​ដោះស្រាយ​ បាន

បញ្ហា​ ដែល​កើត​ឡើង​ នៅ​ក្នុង​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia) ដែល​បាន​កើត​ឡើង​ តាំង​ពី​មាន​ ការ​ធ្វើ​បាតុកម្ម​​ របស់​ កម្មករ​ ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ ដែល​កើត​ឡើង​ទូទាំង​ប្រទេស​ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​ មាន​ការ​ដោះស្រាយ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ នោះ​ឡើយ។

ដោយ​ សូត សុខប្រាថ្នា / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
សំណុំ​រឿង​របស់​ភាគី​រោងចក្រ និង​ភាគី​តំណាង​កម្មករ​បាន​រុញ​​មក​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ប៉ុន្តែ​ត្រូវ​រង់ចាំ​ទទួល​លទ្ធផល​ក្រោយ​ពី​កិច្ច​ពិភាក្សា​រក​ដំណោះស្រាយ​កាល​ពី​ថ្ងៃ​២៩ មករា កន្លង​ទៅ។ យ៉ាងណា​ក៏​ដោយ​តំណាង​កម្មករ​ហាក់បីដូចជា​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​ក្នុង​រោងចក្រ​នៅ​ពេល​កន្លង​ទៅ​ជូន​ពួក​គាត់​បាន​ប្រសើរ​ជាង​ការ​ដោះស្រាយ​មុនៗ។
ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បាន​មាន​ប្រសាសន៍​ថា ខាង​តំណាង​សហជីព​អ្នកស្រី​បាន​ចូល​រួម​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​រោងចក្រ មេតថេក ខេមបូឌា កាល​ពី​ថ្ងៃ​ទី​២៩ មករា នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ប៉ុន្តែ​លទ្ធផល​អ្នកស្រី​មិន​ដឹង​យ៉ាង​ណា​នោះ​ទេ ដោយ​ខាង​អ្នកស្រី​នៅ​រង់ចាំ​ក្នុង​ការ​ទទួល​បាន​នូវ​សេចក្ដី​បង្គាប់ ឬ​សេចក្ដី​សម្រេច​ក្រោយ​ការ​ពិភាក្សា​ ១៥ ថ្ងៃ​ទើប​ទទួល​បាន​ព័ត៌មាន​ថា​យ៉ាង​ណា។
អ្នកស្រី​ថ្លែង​បន្ត​ថា របៀបវារៈ​ដែល​ខាង​អ្នកស្រី​យក​ទៅ​ពិភាក្សា​រួម​ពីរ​ចំណុច។ ទី​មួយ​ស្នើ​សុំ​ឱ្យ​ភាគី​រោងចក្រ​យល់​ព្រម​ឱ្យ​តំណាង​សហជីព​របស់​គាត់​បាន​វិល​ត្រឡប់​ចូល​ធ្វើការ​ជា​ធម្មតា និង​ស្នើ​សុំ​ឱ្យ​ភាគី​រោងចក្រ​ដក​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលាការ​វិញ៖ «យើង​នៅ​មាន​ក្តី​សង្ឃឹម​ពី​តំណាង​កម្មករ ឬ​ក៏​តំណាង​ពួក​សហជីព​​របស់​យើង​នៅ​តាម​មូលដ្ឋាន​នៅ​ក្នុង​រោងចក្រ មេតហាតថេន គាត់​មិន​បាន​ធ្វើ​អ្វី​ខុស ឬ​​ប្រព្រឹត្ត​អ្វី​ខុស​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង។ អ៊ីចឹង​ទៅ​យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​ពួកគាត់ ពីព្រោះ​ពួកគាត់​អត់​បាន​ប្រព្រឹត្ត​កំហុស​ជាប់​ទោស​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្ដឹង​គាត់​ហ្នឹង​ថា គាត់​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ឱ្យ​ក្រុមហ៊ុន​សង​ក្រុមហ៊ុន​អ៊ីចឹង​ទៅ»
អ្នកស្រី​មាន​សង្ឃឹម​ច្រើន​ថា នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ពិភាក្សា​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៅ​កន្លង​ទៅ​នោះ ហើយ​ប្រសិន​បើ​លទ្ធផល​ប្រែ​ចេញ​ជា​អវិជ្ជមាន​សម្រាប់​តំណាង​សហជីព​របស់​អ្នកស្រី​នោះ ខាង​សហជីព​នឹង​មាន​វិធានការ​ត​ទៅ​ទៀត ពិសេស​ត្រូវ​ស្វែង​រក​អ្នក​បញ្ជាទិញ​ផលិតផល​រោងចក្រ​មួយ​នេះ ដើម្បី​ដាក់​សម្ពាធ​មក​លើ​ថៅកែ​ក្រុមហ៊ុន​ឱ្យ​តំណាង​របស់​គាត់​បាន​ត្រឡប់​ចូល​ធ្វើការ​ដូច​ដើម។
ចំណែក​តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា នៅ​ក្នុង​រោងចក្រ មេតថេក ខេមបូឌា នៅ​ខេត្ត​កំពង់ចាម លោក ចន ធាង វិញ បាន​មាន​ប្រសាសន៍​ថា តាំង​ពី​សហជីព​ពួក​លោក​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​មក កម្មករ​ដែល​ធ្វើការ​នៅ​ទី​នោះ ក៏​ចេះ​តែ​មាន​បញ្ហា​ជា​បន្តបន្ទាប់។
លោក​បន្ត​ថា មក​ដល់​ពេល​នេះ​ទាំង​តំណាង​កម្មករ និង​កម្មករ​ជាង ១០០​នាក់​ហើយ​ដែល​ត្រូវ​រោងចក្រ​បញ្ឈប់ និង​ខ្លះ​រោងចក្រ​មិន​បន្ត​អាណត្តិ​ថ្មី​ឱ្យ​ឡើយ៖ «និយាយ​រួម​ទៅ​នៅ​មាន​កម្មករ​ដែល​ដូច​ថា នរណា​ចេញ​មុខ​គាំទ្រ​ខាង​ខ្ញុំ​អ៊ីចឹង​ក្រុមហ៊ុន​គេ​មិន​បន្ត​កិច្ចសន្យា​ជា​បន្តបន្ទាប់​ទៅ។ ១០០​នាក់​ទាំង​ពួក​ខ្ញុំ ប្រហែល ១០៣ ឬ ១០៤ នាក់​ហើយ»
វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​បញ្ឈប់​កម្មករ​នេះ​ពី​សំណាក់​អ្នក​បក​ប្រែ​ភាសា​ចិន លោក សម សីហា បាន​ទេ នៅ​ថ្ងៃ​០៣ កុម្ភៈ។
តែ​យ៉ាង​ណា​ក៏ដោយ​តំណាង​កម្មករ​បាន​ឱ្យ​ដឹង​ថា ខាង​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​មន្ទីរ​ការងារ​ខេត្ត​កំពង់ចាម រួច​ហើយ ជុំវិញ​ករណី​បញ្ឈប់​កម្មករ​ក្រោម​លេស​ផ្សេងៗ ប៉ុន្តែ​មិន​ទាន់​មាន​ការ​កោះ​ហៅ​ណា​មួយ​ពី​ខាង​មន្ទីរ​ដើម្បី​ទៅ​ធ្វើ​ការ​សម្របសម្រួល​គ្នា​នោះ​ឡើយ។
លោក ចន ធាង មាន​ការ​បារម្ភ​ថា ប្រសិន​បើ​ពួក​លោក​ដែល​ជា​តំណាង​កម្មករ រួម​នឹង​កម្មករ​ជាង ១០០​នាក់​នៅ​តែ​មិន​អាច​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ​បាន​ នោះ​នឹង​មាន​ការ​ធ្វើ​បាតុកម្ម​ស្របច្បាប់​អាច​កើត​មាន​ឡើង​ពី​សំណាក់​កម្មករ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕



No comments:

Post a Comment