កងកម្លាំងរដ្ឋាភិបាលគប់គ្រាប់ឧស្ម័នបង្ហៀរទឹកភ្នែក បំបែកក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ នៅក្បែរក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១៤។
លីកាដូ៖ រដ្ឋាភិបាល រឹតត្បិត សេរីភាព នៃការជួបជុំ របស់ ពលរដ្ឋ
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ០៩ កុម្ភៈ ២០១៤
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ចាត់ទុកថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា សព្វថ្ងៃ មិនត្រូវបានរដ្ឋាភិបាលលើកកម្ពស់ឡើយ។ ជាពិសេសស្ថានការណ៍ចុងក្រោយនេះ ត្រូវគេមើលឃើញកាន់តែច្បាស់ មិនថាឡើយសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ សូម្បីសិទ្ធិការប្រមូលផ្ដុំ ឬសិទ្ធិក្នុងការជួបជុំ ក៏ត្រូវបានរដ្ឋាភិបាលគាបសង្កត់ និងហាមប្រាមយ៉ាងតឹងរ៉ឹងដែរ។
អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍ចំនួន ៩ទំព័រ នៅថ្ងៃទី៨ កុម្ភៈ រកឃើញថា រដ្ឋាភិបាលក្រោមគោលនយោបាយរបស់លោក ហ៊ុន សែន បានប្រើប្រាស់បទបញ្ជាបង្ក្រាប ឬដាវអាជ្ញាសឹកជាច្រើនលើកប្រឆាំងក្រុមអ្នកតស៊ូមតិ ក្រុមសហគមន៍ដីធ្លី សហជីព និងអង្គការសមាគមដែលអនុវត្តគោលការណ៍អហិង្សា ទោះក្នុងទម្រង់នៃការទាមទារនោះតាមរូបភាពបែបណាក៏ដោយ។
របាយការណ៍របស់អង្គការលីកាដូ រកឃើញថា សេរីភាពនៃការជួបជុំត្រូវបានរដ្ឋាភិបាលគាបសង្កត់ និងជិះជាន់ក្នុងសម័យកាលចុងក្រោយ និងព្រឹត្តិការណ៍ថ្មីៗនេះ។
លីកាដូកត់សម្គាល់ជាពិសេសចាប់តាំងពីថ្ងៃបង្ក្រាបក្រុមបាតុករដែលធ្វើបាតុកម្មដោយសន្តិវិធីពីយោធាកងពលឆត្រយោង ៩១១ នៅមុខរោងចក្រ យ៉ាក ជីន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ ហើយការបង្ក្រាបនេះ បានកើតឡើងជាបន្តបន្ទាប់ មានជាអាទិ៍នៅផ្លូវវ៉េងស្រេង និងនៅទីលានប្រជាធិបតេយ្យ។ ចុងក្រោយនៅថ្ងៃទី២៧ មករា កងសន្តិសុខសាលារាជធានីភ្នំពេញ និងមនុស្សស្លៀកពាក់ស៊ីវិលមួយចំនួន ដោយមានក្រុមកម្លាំងសមត្ថកិច្ចជាជំនួយផង បានបង្ក្រាបក្បួនបាតុកម្មរបស់លោក ម៉ម សូណង់ដូ យ៉ាងចាស់ដៃ។
ជាងនេះទៀត នគរបាលបង្ក្រាបយ៉ាងហិង្សាមកលើបាតុករ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកកាសែត បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៨នាក់ របួសធ្ងន់និងស្រាល។ ការបង្ក្រាបនេះ ធ្វើឡើងមុនមួយថ្ងៃ ពោលគឺកាលពីថ្ងៃទី២៦ មករា ខណៈមានវិធីជួបជុំដ៏ធំមួយ បន្ទាប់ពីយុទ្ធនាការដោយសន្តិវិធីរបស់លោក ម៉ម សូណង់ដូ ត្រូវបរាជ័យ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា នោះគឺជាយុទ្ធនាការដើម្បីរក្សាស្ថិរភាព និងសន្តិសុខសង្គម ពុំមានន័យថា ជាការបង្ក្រាបដើម្បីរឹតបន្តឹងសេរីភាពនៃការប្រមូលផ្តុំណាមួយឡើយ។ ម្យ៉ាងទៀត ការធ្វើបាតុកម្មដែលធ្វើអស់ជាច្រើនថ្ងៃកន្លងទៅនេះ គឺសមល្មមហើយដែលអាចឲ្យរដ្ឋាភិបាលធ្វើសេចក្ដីសម្រេច។
យ៉ាងណា អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ អះអាងថា ពុំមានហេតុផលណាមួយដែលរកឃើញថា ការធ្វើបាតុកម្មរបស់ក្រុមបាតុករ នាំឲ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។ តែផ្ទុយទៅវិញ អ្នកស្រីចាត់ទុកថា នោះគឺជាការបង្ក្រាបដ៏ហិង្សាប្រឆាំងបាតុកម្មដោយសន្តិវិធី។
ទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និងលោក ម៉េណា គីអេ (Maina Kiai) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកការជួបជុំដោយសន្តិវិធី ធ្លាប់បានចាត់ទុកថា ទំហំនៃការតវ៉ាក្រោយការបោះឆ្នោតនៅកម្ពុជា បានបន្តកើនឡើង។ ហើយថា លោកនៅតែព្រួយបារម្ភចំពោះការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរកម្ពុជាកាលពីពេលថ្មីៗ បើទោះជាសកម្មភាពនេះបង្ហាញអំពីសារសំខាន់នៃសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធីក៏ដោយចុះ៕
No comments:
Post a Comment