Paris Peace Accords 23 Oct. 1991

Thursday, February 6, 2014

លោក ហោ ណាំហុង ប្រាប់​ឧបការី​រង ​ការបរទេស​ អាមេរិក ​ថា បាតុកម្ម​ គណបក្ស​ សង្គ្រោះ​ជាតិ ជា​ការគ្រោងទុក​ ពេល​ចាញ់ឆ្នោត​​


ជំនួបពិភាក្សាគ្នារវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក នាព្រឹកមិញ (រូបភាពដោយ តាំង វីដា)

លោក ហោ ណាំហុង ប្រាប់​ឧបការី​រង ​ការបរទេស​ អាមេរិក ​ថា បាតុកម្ម​ គណបក្ស​ សង្គ្រោះ​ជាតិ ជា​ការគ្រោងទុក​ ពេល​ចាញ់ឆ្នោត​​

ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃពុធ ទី5 ខែកុម្ភៈ ឆ្នាំ2014

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រាប់​ទៅ​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ថា ការធ្វើ​បាតុកម្ម​ជា​ហូរហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការបោះឆ្នោត​ឡើងវិញ គឺជា​ការ​ព្រៀងទុក​មុន​របស់​គណបក្ស​នេះ ដែល​មិន​ទទួលស្គាល់​លទ្ធផល​ថា ខ្លួន​ចាញ់​។​
​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Scot Marciel ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក និង លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហោ ណាំហុង បាន​ជម្រាបជូន លោក Scot Marciel ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ថា​មហា​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទប្រកាន់​លើ​ការបោះឆ្នោត គឺជា​បាតុកម្ម ដែល​បាន​គ្រោងទុកជាមុន ពេល​ចាញ់ឆ្នោត​ «​ឯកឧត្តម​បាន​បញ្ជាក់​ហើយ ថា​ពេល​មុន​បោះឆ្នោត​នេះ​ទៀត គេ​ធ្វើ​យុទ្ធនាការ​គគ្រឹក​គ​គ្រែង​ណាស់ មានន័យ​ថា​គេ​ធ្វើ​នេះ ធ្វើ​ដើម្បី​យក​ឈ្នះ​តែ​ម្តង ប៉ុន្តែ​ដល់​ពេល​គេ​ដាក់​លក្ខខណ្ឌ​មួយ គឺថា ប្រសិន​ជា​ចាញ់ គេ​មិន​ទទួល​ស្គាល់​ទេ ។ ប៉ុន្តែ​គេ​ខំ​ធ្វើ​ដើម្បី​ឈ្នះ បើ​ចាញ់ គេ​មិន​ទទួលស្គាល់ លទ្ធផល​គឺ​បានបង្ហាញ​ណាស់ គណបក្ស​ប្រជាជន​បាន ៦៨[​អាសនៈ​] គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំនួន ៥៥[​អាសនៈ​]​។ ចំនួន​នេះ គេ​នៅ​មិន​សុខចិត្ត​ទៀត ហើយ​គេ​ចោទ​ថា​គណបក្ស​ប្រជាជន លួច​បន្លំ​សន្លឹកឆ្នោត​»​។​
​តែ​ទោះ​យ៉ាងណា លោក កុយ គួង ឲ្យដឹងទៀតថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកចំហរ និង​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​តុ និង​ចូលប្រជុំ​សភា ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​សន្តិវិធី ហើយ​ការទាមទារ​បោះឆ្នោត អាចធ្វើ​បាន​លុះណាតែ​មាន​ការជជែក​គ្នា ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រឹមត្រូវ តាម​សេចក្តីសម្រេច​បោះឆ្នោត​កូរ៉ុម​ក្នុង​សភា​។​
​ក្រោយ​ជំនួប​នេះដែរ អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក លោក Sean McIntosh ឲ្យដឹង​ដែរថា អាមេរិក ប្រកាន់​ជំហរ​កណ្តាល និង​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំងពី​រ វិល​ចូល​តុ​ចរចា​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ជា​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​។ លោក​បន្តថា សហរដ្ឋ​អាមេរិក​គាំទ្រ​ចំពោះ​បាតុកម្ម​ដោយ​អហិង្សា និង​ជំរុញ​ឲ្យ​អាជ្ញាធរ ដកចេញ​នូវ​បម្រាម​ហាមឃាត់​ការប្រមូលផ្តុំ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ធានា​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ការធ្វើ​បាតុកម្ម​កន្លង​មកនេះ គឺ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើងវិញ​។ លោក​ថា គណបក្ស​នេះ បាន​ដឹង​ជា​មុន​ពី​គម្រោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃុបឃិត​ជាមួយ គជប បង្ក​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​ការចូលរួម​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ គឺ​ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អន្តរជាតិ ទទួល​ដឹង​ពី​ភាពមិនប្រក្រតី​នេះ និង​ភាព​មិន​ឯករាជ្យ​របស់ គជប​ «​ប្រសិន​ជា​យើង​មិន​ចូល យើង​ម៉េច​ដឹង ទាល់តែ​យើង​ចូល​ទើប​យើង​ឃើញ​ទង្វើ​របស់​គេ​ឃើញ​អញ្ចឹង​មែន ឃើញ​បាត់​ឈ្នោះ​១​លាន​៣​សែន​នាក់ ឃើញ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ក្លែងក្លាយ​មួយចំនួន ឃើញ​ចេញ​បង្កើត​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ ឃើញ​មាន​ការ​រាប់​សន្លឹកឆ្នោត ដោយ​អយុត្តិធម៌ សុំ​ឲ្យ​រាប់​ឡើងវិញ មិន​ព្រម​រាប់ រកឃើញ​ក្រោយពេល​ដែល​យើង​ចូលរួម​ការបោះឆ្នោត​។ ការបោះឆ្នោត​របស់​យើង គឺ​ចូលរួម​ដើម្បី​បង្ហាញ ឲ្យឃើញថា គជប គណបក្ស​ប្រជាជន បាន​ឃុបឃិត​គ្នា​ដើម្បី​ធ្វើការ​កែ​បន្លំ ការបោះឆ្នោត ដោយ​មាន​ការ​ក្លែងបន្លំ​»​។​
​នៅ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាង ថវិកា​ផ្អាក​ការផ្តល់​មូលនិធិ​មក​រដ្ឋាភិបាល​កម្ពុជា ចំនួន​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​គួរឲ្យ​ទុកចិត្ត​មួយ ទៅលើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ទើប​អាមេរិក​ផ្តល់​មូលនិធិ​ឡើងវិញ តែ​ករណី​នេះ មន្ត្រី​រដ្ឋាភិបាល ធ្លាប់​អះអាងថា នេះ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក តែ​ហាក់​មិន​ត្រឹមត្រូវ​នោះទេ​៕



No comments:

Post a Comment