ប្រជាកសិករធ្វើស្រែ នៅតំបន់ទួលអំពិល ខេត្តកំពង់ឆ្នាំង លោក គៀត ភារម្យ បូមទឹកចេញពីក្នុងស្រែប្រាំងរបស់គាត់
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
ពលរដ្ឋ នៅកំពង់ឆ្នាំង ស្នើសុំ ឲ្យបង្កើតម៉ាស៊ីនសម្ងួតស្រូវ ខ្នាតធំ នៅក្នុងប្រទេស
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ០៥ កុម្ភៈ ២០១៤
ទោះជាយ៉ាងណា ពួកគាត់ចង់ឲ្យមន្ត្រីជំនាញកសិកម្ម និងរដ្ឋាភិបាល គិតគូរបង្កើតឲ្យមានម៉ាស៊ីនសម្ងួតស្រូវខ្នាតធំនៅក្នុងប្រទេស ដើម្បីទទួលទិញស្រូវសើមក្នុងតម្លៃមួយសមរម្យ។
ការលើកឡើងនេះ គឺស្របពេលដែលប្រជាកសិករជាច្រើន ចង់ធ្វើស្រូវប្រាំងពីរដងក្នុង១ឆ្នាំ ប៉ុន្តែអាចជួបនឹងបញ្ហាទឹកភ្លៀងជោកជាំនៅចុងរដូវ។
ចាប់តាំងពីព្រលឹមស្រាងៗ គេឃើញមានប្រជាកសិករដែលមានដីស្រែចម្ការនៅតំបន់ទួលអំពិល និងតំបន់កន្លងឥន ស្ថិតនៅក្រុងកំពង់ឆ្នាំង បាននាំគ្នាភ្ជួររាស់ពង្រាបដី និងខ្លះកំពុងតែពង្រោះស្រូវប្រាំងរបស់ខ្លួន នៅលើផ្ទៃដីដែលទឹកទន្លេទើបតែស្រកផុត។
ទើបឡើងពីរាស់ពង្រាបដី អង្គុយហូបបាយនៅលើភ្លឺស្រែបណ្ដើរ ក្រឡេកមើលទៅមើលផ្ទៃដីដែលទើបរាស់រួចបណ្ដើរ លោក ម៉ម វន មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ គ្រួសាររបស់លោក និងប្រជាកសិករជាច្រើនទៀតនិយមធ្វើស្រូវប្រភេទសូម៉ាលី សែនពិដោរ និងអ៊ីអ៊ែរ៥០៤ (ER 504) ឬហៅស្រូវណាំខូងបូង ដែលជាប្រភេទអង្ករបាយរឹង ក៏ប៉ុន្តែរយៈពេលនៃការទទួលផល គឺ ៣ខែដូចប្រភេទស្រូវប្រាំងដទៃទៀតដែរ៖ «បើយើងធ្វើដីធ្វើអីពង្រាបឲ្យស្មើស្រួលបួលទៅ ១ហិកតារបានប្រាំ ទៅប្រាំមួយតោនដែរ យើងធ្វើដីឲ្យស្មើទៅរួចបាញ់ថ្នាំកក់ ស្មៅអីណា៎»។
ចំណែកប្រជាកសិករម្នាក់ទៀត លោក គៀត ភារម្យ មានប្រសាសន៍ថា រដ្ឋាភិបាល ឬមន្ត្រីជំនាញផ្នែកកសិកម្ម គប្បីទប់ស្កាត់ការឡើងថ្លៃទំនិញ និងសម្ភារៈធ្វើកសិកម្មខ្ពស់ដែលមិនសមាមាត្រគ្នាទៅនឹងតម្លៃស្រូវលក់ចេញត្រឹម ៨០០ ទៅ ៩០០រៀលក្នុង១គីឡូក្រាមនោះ។ លោកបន្តថា រដ្ឋត្រូវតែជំរុញ និងលើកទឹកចិត្ដដល់ប្រជាកសិករក្នុងការផលិតស្រូវប្រាំងឲ្យបានច្រើនដងក្នុង១ឆ្នាំ តាមរយៈការផ្ដល់បច្ចេកទេសដាំដុះ និងមានទទួលទិញស្រូវសើមក្នុងតម្លៃមួយសមរម្យ។ ដូច្នេះ ដើម្បីធានាបាននូវបញ្ហានេះ រដ្ឋត្រូវមានម៉ាស៊ីនសម្ងួតនៅក្នុងស្រុក៖ «យើងចង់ឲ្យរដ្ឋាភិបាលគិតគូរបញ្ហាដូចជាធ្វើស្រែពីរដង វាចំរដូវវស្សា ស្រែប្រាំង ប៉ុន្តែធ្វើ២ដងទៅ វាចំពេលរដូវធ្លាក់ភ្លៀងក្នុងខែ៨ ខែអីអ៊ីចឹង យើងមិនអាចហាលខ្លួនឯងបានទេ តែបើសិនជាស្រុកយើងមានម៉ាស៊ីនសម្ងួតធំៗអីទទួលទិញស្រូវសើម ប្រជាជននៅតាមស្រុកភូមិដែលមានស្រែប្រាំង អាចធ្វើពីរដងហ្នឹង គេអាចធ្វើបានហើយ នៅតំបន់ទួលអំពិលហ្នឹង ធ្វើបានពីរដង»។
ទាក់ទងនឹងការលើកឡើងរបស់ប្រជាកសិករនេះ ប្រធានការិយាល័យសេដ្ឋសាស្ត្រ និងកែលំអដីកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ជា សុផុន មានប្រសាសន៍ថា ការបង្កើតម៉ាស៊ីនសម្ងួតស្រូវខ្នាតធំ គឺជាផ្នែកមួយល្អសម្រាប់ប្រជាកសិករ ដើម្បីធានាបាននូវតម្លៃស្រូវសើមថ្លៃគ្រាន់បើ ក៏ប៉ុន្តែវាត្រូវចំណាយថវិកាច្រើនក្នុងការដំឡើងម៉ាស៊ីនប្រភេទនេះ។ លោកបន្តថា បើអាចទៅរួច នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវមានម៉ាស៊ីនយ៉ាងហោចចំនួន ៣គ្រឿងដែរ ដើម្បីដាក់នៅតាមស្រុក៖ «កន្លងមកយើងមិនដែលបានឮសូរទេ ប៉ុន្តែយើងគិតថា ក៏ជាចំណុចល្អដែរប្រសិនបើគាត់មានសំណើ ប៉ុន្តែយើងកំពុងតែគិតថា តើថវិកាវាត្រូវការកម្រិតណា ហើយការសាងសង់ម៉ាស៊ីនសម្ងួតម៉ាស៊ីនអីហ្នឹង វាទាមទារឲ្យមានសហគមន៍ បានយើងទៅគ្រប់គ្រងបាន។ តាមរយៈរដ្ឋាភិបាល យើងគិតថា បញ្ហាសព្វថ្ងៃហ្នឹងថវិកាហ្នឹងដូចថាវាមានកំណត់ដែរ បើសិនជាមានអង្គការដៃគូគេមកសហការជាមួយខាងរដ្ឋាភិបាល អាហ្នឹងប្រហែលជាអាច»។
លោកបញ្ជាក់ថា ខាងមន្ទីរកសិកម្មមានបណ្ដាញរបស់ខ្លួននៅតាមស្រុក ដើម្បីផ្សព្វផ្សាយអំពីបច្ចេកទេសនៃការដាំដុះដល់ប្រជាកសិករ ទៅតាមតំបន់ធ្វើស្រូវប្រាំងសំខាន់ៗមួយចំនួន និងណែនាំឲ្យពួកគាត់ប្រើប្រាស់ស្រូវពូជចំនួន ១០មុខ ដែលក្រសួងណែនាំ និងអាចនាំចេញទៅក្រៅប្រទេសបាន ដូចជាប្រភេទស្រូវអ៊ីអ៊ែរ៦៦ (ER 66) ជាដើម ក៏ប៉ុន្តែបច្ចុប្បន្នប្រជាកសិករស្ទើរ ៩០% បែរជាធ្វើស្រូវពូជប្រភេទ អ៊ីអ៊ែរ៥០៤ (ER 504) ឬហៅស្រូវណាំខូងបូងរបស់វៀតណាម ទៅវិញ។
ការដែលប្រជាកសិករខ្មែរនិយមធ្វើពូជស្រូវ អ៊ីអ៊ែរ ៥០៤ ឬក៏ណាំខូងបូងរបស់វៀតណាម ដោយសារតែនៅរដូវច្រូតរបស់ពួកគាត់ម្ដងៗក្រុមឈ្មួញវៀតណាម ចុះមកទិញច្រើនក្នុងតម្លៃចាប់ពី ៩៥០រៀល ទៅ ១ពាន់រៀលក្នុង១គីឡូក្រាម។ ទោះជាយ៉ាងណា ប្រជាកសិករទាំងនោះមិនសូវធ្វើស្រូវពីរដងក្នុង១ឆ្នាំឡើយ ដោយមានបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាទឹកភ្លៀងជោគជាំនៅចុងរដូវ ដីខ្សោះជីជាតិ និងបញ្ហាសត្វល្អិត ឬកណ្ដុរស៊ីបំផ្លាញជាដើម។
មន្ត្រីសម្របសម្រួលសហគមន៍អភិវឌ្ឍន៍កសិកម្មនៃអង្គការសេដាក (CEDAC) លោក ឆុង សុផល ថ្លែងថា ការបណ្ដុះបណ្ដាលរបស់ក្រសួង ឬមន្ទីរកសិកម្មទៅដល់ប្រជាពលរដ្ឋតាមរយៈការិយាល័យនៅតាមបណ្ដាស្រុកនានាមានច្រើនគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែការបណ្ដុះបណ្ដាលទាំងនោះគួរតែត្រូវបានតាមដាន ឬអនុវត្តជាក់ស្ដែង ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលទាំងនោះ។ ទោះជាយ៉ាងណា លោកថា រាជរដ្ឋាភិបាលគួរតែកំណត់តម្លៃស្រូវមួយជាក់លាក់ ដើម្បីឲ្យសមស្របទៅនឹងការចំណាយរបស់កសិករ៖ «វាឡើងថ្លៃបើសិនជាយើងសម្ងួតបានល្អ មានន័យថា ការទុកដាក់យើងបានយូរ អ៊ីចឹងការទិញរបស់គេក៏ទៅតាមហ្នឹងដែរ។ យើងធ្លាប់ធ្វើកសិកម្មកន្លងមកក៏អត់មានម៉ាស៊ីនដែរ គាត់ហាលដៃហាលអីបានល្អ អ៊ីចឹងពេលខ្លះវាទាក់ទងនឹងភាពខ្ជិលរបស់គាត់ដែរ ប៉ុន្តែអ្វីដែលខ្ញុំបន្ទោសខ្លាំងទៅលើតម្លៃស្រូវវាអត់ស្មើទៅនឹងក្ដាតផលិតកម្ម។ សម្រាប់ខ្ញុំជាអ្នកបច្ចេកទេស ខ្ញុំគិតថា ម៉ាស៊ីនសម្ងួត និងការហាលកណ្ដាប់កន្លងមក ដែលគាត់ធ្លាប់ធ្វើវាអត់មានជាបញ្ហាអីធ្ងន់ធ្ងរដល់គាត់ទេ អ៊ីចឹងគាត់អាចរួមគ្នាធ្វើក៏បានដែរ»។
ផ្ទៃដីធ្វើស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង មានចំនួន ២៤ពាន់ហិកតារ ក្នុងនោះមានជាង ៥០០ហិកតារ ស្ថិតនៅតំបន់ទួលអំពិល និងកន្លងឥន នៃក្រុងកំពង់ឆ្នាំង។ ប្រជាកសិករសង្ឃឹមថា ស្រូវប្រាំងឆ្នាំនេះនឹងទទួលបានទិន្នផលខ្ពស់ ដោយសារតែនៅឆ្នាំនេះមានទឹកជំនន់ធំ ដែលធ្វើឲ្យដីល្បាប់ហូរចាក់ចូលក្នុងស្រែពួកគាត់កាន់តែមានជីជាតិ៕
No comments:
Post a Comment