Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

គ្រួសារ​ នៅ​កំពង់ស្ពឺ​ ស្វែង​រក​អន្តរាគមន៍​ ជួយ​នាំ​កូន​ស្រី​ ២​នាក់​ ពី​ប្រទេស​ចិន


ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២១ កុម្ភៈ ២០១៤
សកម្មភាព​រៀប​ការ​នាំ​ស្ត្រី​ខ្មែរ​ទៅ​រស់​នៅ​ប្រទេស​ចិន កំពុង​តែ​កម្រើក​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ស្រី​វ័យ​ក្មេងៗ​ដែល​បាន​ចាក​ចេញ​ពី​ភូមិ​កំណើត ទៅ​រស់​នៅ​ប្រទេស​ចិន ខ្លះ​ក៏​រស់​នៅ​សុខសាន្ត​ជាមួយ​គ្រួសារ​ចិន ខ្លះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​លក់​បន្ត ឬ​ធ្វើ​បាប។ ក្មេង​ស្រី​មួយ​ចំនួន ដែល​រង​ទារុណកម្ម​ពី​សំណាក់​គ្រួសារ​ជនជាតិ​ចិន បាន​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសារ ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ។
ក្រុម​គ្រួសារ​ក្មេង​ស្រី ២​នាក់ ដែល​មេ​ខ្យល់​យក​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ស្វែង​រក​អន្តរាគមន៍​ពី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​កូន​ស្រី​បាន​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ ត្អូញ​ពី​ការ​ធ្វើ​បាប​ដោយ​បង្អត់​អាហារ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​គ្មាន​កម្រៃ​ជាដើម។
លោកស្រី មួង វណ្ណា នៅ​ភូមិ​រកាពក ឃុំ​ទួលអំពិល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា កូន​ស្រី​គាត់​ឈ្មោះ ប៉ាត វណ្ណី អាយុ ២៥​ឆ្នាំ ត្រូវ​បាន​មេ​ខ្យល់​ឈ្មោះ អ៊ុំ វឿន នៅ​ភូមិ​ជាមួយ​គាត់​ដែល​មាន​កូន​ស្រី​ទៅ​រស់​នៅ​ប្រទេស​ចិន យូរ​ឆ្នាំ មក​បញ្ចុះបញ្ចូល​ឲ្យ​រៀប​ការ​ចេញ​ទៅ​ប្រទេស​ចិន។ លោកស្រី​ថា មេ​ខ្យល់​នោះ​ជួយ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ទិញ​សំបុត្រ​យន្តហោះ រហូត​កូន​គាត់​បាន​ចេញ​ពី​ប្រទេស​កម្ពុជា មុន​បោះ​ឆ្នោត គឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៣។ ប្រហែល​១​ខែ​ក្រោយ​មក មេ​ខ្យល់​ឈ្មោះ អ៊ុំ វឿន ឲ្យ​លុយ​គាត់ ៤០០​ដុល្លារ និង ៣០​ម៉ឺន​រៀល។ ប្រមាណ ៣​ខែ​ក្រោយ​ពី​កូន​ស្រី​ទៅ​នៅ​ប្រទេស​ចិន គាត់​ទទួល​ទូរស័ព្ទ​ពី​កូន​ស្រី​ដោយ​យំ​ស្រែក ប្រាប់​ថា​សាច់​ថ្លៃ​វាយ​ធ្វើ​បាប មិន​ឲ្យ​ហូប​បាយ និង​រស់​នៅ​វេទនា​ជាង​សត្វ​ទៅ​ទៀត ទើប​គាត់​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស ជួយ​នាំ​កូន​គាត់​បាន​វិល​មក​ប្រទេស​កម្ពុជា វិញ៖ «កូន​ខ្ញុំ​ហ្នឹង​ទៅ​ចិន ហើយ​គេ​ធ្វើ​បាប​ធ្វើ​ទោស ចង់​ដាច់​ខ្យល់​ដាច់​ថ្លើម​ហើយ​មួយ​ថ្ងៃៗ គេ​បង្អត់​បាយ បិទ​ទ្វារ​អត់​ឲ្យ​ចេញ យំ​មួយ​ថ្ងៃៗ​ចង់​ងាប់​ហើយ»
ដូច​គ្នា​ដែរ លោកស្រី មួង ពៅ អាយុ ៣៥​ឆ្នាំ ជា​កម្មការិនី​កាត់​ដេរ​នៅ​ផ្លូវ​កាណាឌីយ៉ា ថ្លែង​ថា កូន​ស្រី​គាត់​ឈ្មោះ កញ្ញា ឌី មុតនី អាយុ ២៣​ឆ្នាំ ត្រូវ​មេ​ខ្យល់​ឈ្មោះ អ៊ុំ វឿន នាំ​ទៅ​ប្រទេស​ចិន ជាមួយ ប៉ាត់ វណ្ណី ដែរ។ នៅ​ពេល​ទៅ​ដល់ គ្រួសារ​ចិន ឲ្យ​កូន​គាត់​រៀប​ការ ហើយ​ឲ្យ​ទៅ​ធ្វើ​កម្មករ​សំណង់។ កូន​គាត់​បាន​ធ្វើ​ឲ្យ​បែក​ចាន​មួយ ត្រូវ​ក្រុម​ចិន វាយ​បង្អត់​អាហារ​រហូត​កូន​គាត់​ទ្រាំ​មិន​បាន រត់​ចូល​ព្រៃ ត្រូវ​ពស់​ដេញ​ចឹក តែ​បាន​អ្នក​នៅ​ក្នុង​ព្រៃ​គេ​ជួយ។ ប៉ុន្តែ គេ​បញ្ជូន​កូន​គាត់​មក​ផ្ទះ​ចិន នោះ​ដដែល បន្ត​ធ្វើ​បាប និង​រឹត​តែ​មាន​ការ​ឃ្លាំ​មើល​សកម្មភាព​កូន​កាត់។ លោកស្រី​ថា កូន​គាត់​បាន​ទូរស័ព្ទ​អង្វរ​សុំ​ម្តាយ ជួយ​រំដោះ​គាត់​មក​ស្រុក​កំណើត​វិញ​ផង៖ «វា​អត់​ទាន់​ចេះ​ចិន វា​អត់​ទាន់​ដឹង វា​នៅ​ភូមិ​អី​ទេ ឮ​តែ​គេ​ហៅ​ចិនចូវ»
នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន នៃ​ក្រសួង​មហាផ្ទៃ លោក សូ វណ្ណឌី ថ្លែង​ថា គ្រាន់​តែ​ទទួល​បាន​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​កំពង់ស្ពឺ ភ្លាម លោក​នាំ​កម្លាំង​ចម្រុះ​ទៅ​ចាប់​ខ្លួន​មេ​ខ្យល់​ឈ្មោះ អ៊ុំ វឿន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ហើយ។ លោក​បាន​នាំ​ក្រុម​គ្រួសារ​ក្មេង​ស្រី ២​នាក់ ទៅ​ប្ដឹង​នៅ​ក្រសួង​ការ​បរទេស ឲ្យ​ទាក់ទង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ឲ្យ​ជួយ​ស្វែង​រក​ក្មេង​ស្រី​ទាំង ២​នាក់​នោះ៖ «យើង​ពិនិត្យ​ឃើញ​ថា កន្លែង​កើត​ហេតុ និង​សិទ្ធិ​មនុស្ស​នៅ​ខាង​ខេត្ត​កំពង់ស្ពឺ យើង​ទៅ​សួរ​ដំណឹង​គាត់​ហើយ យើង​បាន​យក​សំណុំ​រឿង​របស់​គាត់​ទៅ​សុំ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ហើយ​យើង​ក៏​បាន​ទំនាក់ទំនង​ជាមួយ​ព្រះរាជ​អាជ្ញា​ខេត្ត រួច​អនុវត្ត​តាម​នីតិវិធី​ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​មេ​ខ្យល់​តែ​ម្តង»
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៣ មាន​ឪពុក​ម្តាយ​ក្មេង​ស្រី​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ចិន មក​ប្ដឹង ២​ករណី សុំ​ឲ្យ​ជួយ​នាំ​កូន​ស្រី​មក​ប្រទេស​កម្ពុជា វិញ។ ឯ​នៅ​ដើម​ឆ្នាំ​២០១៤ ទើប​មាន​១​ករណី​ទេ។
ករណី​ជួញ​ដូរ​មនុស្ស​ស្រី​វ័យ​ក្មេង​តាម​វិធី​រៀប​ការ​ជាមួយ​ជនជាតិ​ចិន នោះ​ដែរ ប្រជាពលរដ្ឋ​ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ផ្តល់​ដំណឹង​ថា ក្នុង​សប្ដាហ៍​នេះ មាន​ជនជាតិ​ចិន និង​ខ្មែរ ជិះ​ឡាន​ជា​ក្រុម បាន​ដើរ​ជ្រើស​រើស​ក្មេង​ស្រី​ក្នុង​ភូមិ​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៧​ឆ្នាំ ដើម្បី​រៀប​ការ ដោយ​ផ្តល់​កម្រៃ​តាម​រូប​សម្រស់​ចាប់​ពី ៥០០​ដុល្លារ ទៅ ៣.០០០​ដុល្លារ៖ «មេ​ខ្យល់​ជនជាតិ​ចិន និង​ខ្មែរ ហើយ​និង​ជនជាតិ​ខ្មែរ​មក​នាំ​ទៅ​ចិន វគ្គ​ទី​១ គេ​ឲ្យ ៥០០​ដុល្លារ។ វគ្គ​មុន​កើត​ប្រហែល​ជា​ខ្ទង់ ៣​ខែ​ចុះ ដល់​ពេល​ហើយ អាជ្ញាធរ​គាត់​អត់​មាន​ធ្វើ​ដឹង​ធ្វើ​ឮ ហើយ​ក៏​មាន​ជនជាតិ​ចិន មក។ ដល់​ពេល​ឥឡូវ គេ​ដើរ​ក្នុង​ភូមិ​តែ​ម្តង ឥឡូវ​គេ​ឲ្យ​ដល់ ៣.០០០​ដុល្លារ ឲ្យ​តែ​ស្អាត»
ពាក់ព័ន្ធ​អំពើ​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​តាម​ការ​បញ្ចុះបញ្ចូល​ពី​មេ​ខ្យល់ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ ដឹក​នាំ​ការ​បង្ក្រាប​ការ​ជួញ​ដូរ និង​រត់​ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង ថ្លែង​ថា អ្នកស្រី​បញ្ជូន​ជំនាញ​ឲ្យ​តាម​ស៊ើប​ករណី​នេះ​នៅ​ខេត្ត​តាកែវ ហើយ៕



No comments:

Post a Comment