Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

អាកាសយានិក​ ខ្មែរ មាន​ឱកាស​ បើក​យន្តហោះ​ ទៅ​ប្រទេស​ជប៉ុន​ ជាលើកដំបូង​

អាកាសយានិកខ្មែរ លោក ម៉ក់ សំអុល(ធ្វេង) និងអាកាសយានិក លោក ដេត មឿន(រូបថតសហការី)

អាកាសយានិក​ ខ្មែរ មាន​ឱកាស​ បើក​យន្តហោះ​ ទៅ​ប្រទេស​ជប៉ុន​ ជាលើកដំបូង​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃសុក្រ ទី21 ខែកុម្ភៈ ឆ្នាំ2014

អាជ្ញាធរ​ជប៉ុន បាន​សម្រេច​អនុញ្ញាត​ឲ្យ​អាកាសយានិក​ខ្មែរ​(Pilot) អាច​បញ្ជា​យន្តហោះ​ចូល​ទឹកដី​របស់​ខ្លួន​បាន ដែល​នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​អ្នក​បើក​យន្ត​ខ្មែរ​ក្នុង​ការបង្កើន​ទំនុកចិត្ត​ដល់​ប្រទេស​ជប៉ុន​។​
​អាកាសយានិក ដែលជា​Capitain​យន្តហោះ លោក ម៉ក់ សំអុល មានប្រសាសន៍ថា ជាទូទៅ​អាជ្ញាធរ​ជប៉ុន មាន​ភាព​តឹងរ៉ឹង​ចំពោះ​អ្នក​បើក​យន្តហោះ ដែល​អាច​បញ្ជា​ចូល​ទឹក​របស់​ខ្លួន​បាន​។ លោក​បន្តថា ពេលនេះ អ្នកបើក​យន្តហោះ​ខ្មែរ ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​បរ​បាន​ទៅ​ប្រទេស​ជប៉ុន ដែល​នេះ​ជា​មោទនភាព​របស់​ខ្មែរ​។​លោក ម៉ក់ សំអុល បញ្ជាក់ថា​«​នេះ​ជា​មោទនភាព​មួយ ដោយសារ​វិនិយោគិន​ជប៉ុន មាន​ទំនុកចិត្ត​លើ​ខ្មែយើង ព្រោះ​ក្នុង​ពិភពលោក គេ​មិនសូវ​ទុកចិត្ត​លើ​Pilot​ខ្មែរ​ទេ តែ​នេះ​ជា​ឱកាស​ល្អ​»​។​
​ការហោះហើរ​ចេញពី​ខេត្ត​សៀមរាប​ចូល​ប្រទេស​ជប៉ុន​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ តាមរយៈ​ក្រុមហ៊ុន​Skywings ដែល​ជា​វិនិយោគ​របស់​ប្រទេស​កូរ៉េ និង​កម្ពុជា​។ អ្នកបើក​យន្តហោះ​ខ្មែរ​ទៅ​កាន់​ប្រទេស​ជប៉ុន​នោះ មាន​បី​រូប គឺ​លោក ម៉ក់ សំអុល លោក ដេត មឿន ដែលជា​Capitain និង​លោក កែប ឆាយា​វន្ត ដែល​ជា​សហ​អាកាសយានិក​។​យន្តហោះ ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​នោះ គឺ​ប្រភេទ Airbus320 ដែល​អាច​ដាក់​អ្នកធ្វើដំណើរ​បាន​ទៅដល់​១៨០​នាក់​។​​ក្រុមហ៊ុន​Skywings បាន​បើក​ឲ្យមាន​ការហោះហើរ​ពី​ខេត្តសៀមរាប ទៅ​ប្រទេស​កូរ៉េខាងត្បូង វៀតណាម និង​ចិន​។​
លោក ម៉ក់ សំអុល ឲ្យដឹងទៀតថា អ្នកបើក​យន្តហោះ​ខ្មែរ នៅសល់តែ​១៩​រូប​ទេ រហូតមកដល់​ពេលនេះ ដែល​សុទ្ធតែ​អ្នកបើកបរ​ជើងចាស់ និង​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ផ្តល់ឱកាស​ឲ្យទៅ​សិក្សា​នៅ​ប្រទេ​សសូ​វៀត​។ តែ​លោក សម្តែង​ការព្រួយបារម្ភ​ពី​ការបាត់បង់​អ្នកបើក​យន្តហោះ​ខ្មែរ ដោយសារតែ​មិន​មាន​អ្នកជំនាន់ក្រោយ ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​នេះ​នៅឡើយ​ទេ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ជូន​កូន​ខ្មែរ​ទៅ​រៀន​ផ្នែក​បើកបរ​យន្តហោះ​នេះ ដើម្បី​ស្នង​អ្នក​បើកបរ​ចាស់ៗ​ទៅ​ថ្ងៃ​ខាងមុខ​។​
​លោក ម៉ក់ សំអុល ឲ្យដឹងថា ការទទួល​វគ្គ​បណ្តុះបណ្តាល​លើ​ការបើកបរ​យន្តហោះ អាច​ចំណាយ​ប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ និង​រយៈពេល​ប្រហែលជា​២​ឆ្នាំ​កន្លះ​។ អ្នក​អាច​រៀន​បើកបរ​យន្តហោះ​បាន ត្រូវតែ​ពូកែ​ខាង​គណិតវិទ្យា សុខភាព​ល្អ​(​លេខ​១) និង​កម្ពស់​ចាប់ពី​១.៦០​ឡើងទៅ​។ អាកាសយានិក​មួយរូប អាច​បន្ត​ការងារ​បើក​បរ​យន្តហោះ បាន​រហូត​ដល់​អាយុ​៦៥​ឆ្នាំ​៕



No comments:

Post a Comment