ក្រុមការងារបក្សសង្គ្រោះជាតិ (ជួរឆ្វេង) និងក្រុមការងារបក្សប្រជាជនកម្ពុជា ជួបចរចាគ្នានៅព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤។
RFA/Mom Sophon
បក្ស ប្រជាជន និងបក្ស សង្គ្រោះជាតិ គ្រោងជួបចរចា ជាថ្មី នៅថ្ងៃ២៧ កុម្ភៈ
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ២៣ កុម្ភៈ២០១៤
គណបក្សជាប់ឆ្នោតទាំងពីរកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ជាថ្ងៃចរចាដើម្បីបង្កើតគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត។ ការកំណត់នេះធ្វើឡើងតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលបានសរសេរលិខិតផ្ញើជូនមេបក្សកាន់អំណាច លោក ជា ស៊ីម ស្នើឲ្យមានការពិភាក្សាជាថ្មី តាមកិច្ចព្រមព្រៀងរបស់ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរកាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ។
ជំនួប រវាងគណបក្សជាប់ឆ្នោតទាំងពីរនៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ នឹងបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ជុំវិញការបង្កើតគណៈកម្មការកែទម្រង់ការបោះឆ្នោត។ ខ្លឹមសារពិភាក្សានឹងផ្ដោតលើចំណុចមួយចំនួន រួមមាន៖ សមាសភាពរយៈពេលបំពេញការងារតួនាទីនិងភារកិច្ច និងយន្តការនៃការសម្រេចចិត្តរបស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានត្រៀមសមាជិកចំនួន ៦នាក់ដើម្បីចូលចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ។
ឆ្លើយនឹងសំណួរដែលសួរថា តើគណបក្សសង្គ្រោះជាតិ នឹងចូលសភា ឬអត់នោះ? លោក សុន ឆ័យ ពន្យល់ថា រឿងនេះមិនទាន់អាចឆ្លើយបានទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មានទស្សនៈវិស័យច្បាស់លាស់ណាស់ជុំវិញបញ្ហានេះ៖ «ពិនិត្យរួមគ្នាមើលថា ត្រូវធ្វើអីដើម្បីឲ្យការបោះឆ្នោតហ្នឹងកុំឲ្យមានការលួចបន្លំធ្ងន់ដូចកាលពីខែកក្កដា ឆ្នាំទៅ មិនអាចអ្នកណាថា ត្រូវតែចូលសភា ឬធ្វើអីនោះទេ គណបក្សទាំងពីរនឹងស្តាប់យោបល់ពីសង្គមស៊ីវិល អង្គការនានា»។
ចំណែកឯប្រធានក្រុមការងារផ្នែកបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ថា លោកមិនទាន់ទទួលដំណឹងថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនឹងយល់ព្រមឲ្យមានការចរចាជាថ្មី ឬយ៉ាងណានៅឡើយ។ ប៉ុន្តែបើតាមលោកដឹង ជំហរគណបក្សប្រជាជនកម្ពុជា ពិតជាចង់ឲ្យមានការចរចាជាថ្មីនេះណាស់។ លោកបន្តថា គណបក្សកាន់អំណាចចង់ឲ្យកិច្ចចរចានយោបាយដំណើរការទៅមុខ មិនមែនចរចាដើម្បីតែចរចានោះទេ។
លោក ព្រុំ សុខា៖ «អីខ្លះដើម្បីកសាងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតហ្នឹង សំខាន់មកដល់ឥឡូវអត់មានទាន់បាននិយាយគ្នាទេ បានន័យថា ទៅជួបគ្នាសិន ថានិយាយគ្នាពីអី មានរបៀបវារៈអី មិនមែននិយាយចោលអ៊ីចឹងទេ ត្រូវធ្វើសកម្មភាពជាក់ស្ដែង»។
គណបក្សប្រជាជនកម្ពុជា បានត្រៀមសមាសភាពចំនួន ៦ ដើម្បីចូលរួមចរចាពីការកែទម្រង់ការបោះឆ្នោត។ សមាសភាពទាំងនោះរួមមាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងអ្នកស្រី គ្រួច សំអាន។ គណបក្សទាំងពីរមិនទាន់កំណត់ទីតាំងដែលត្រូវជួបគ្នាជាថ្មីឡើយ ហើយគណបក្សទាំងពីរនឹងពិភាក្សាគ្នាក្រៅផ្លូវការជាមុនសិន មុននឹងបើកកិច្ចចរចាបន្ត។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ជំនួបរវាងគណបក្សទាំងពីរដើម្បីកែទម្រង់ការបោះឆ្នោតជាជំហានមួយដ៏ប្រសើរ ដើម្បីដោះស្រាយបញ្ហាប្រទូស្តរាយក្នុងអំឡុងពេលបោះឆ្នោត។
លោកបន្តថា គណបក្សទាំងពីរអាចស្វែងរកយន្តការនានា ដើម្បីកែទម្រង់ការបោះឆ្នោត ប៉ុន្តែជម្រើសចុងក្រោយគណបក្សប្រឆាំងក៏ត្រូវចូលក្នុងសភាដដែល ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត៖ «ដំណាក់កាលធ្វើវិសោធនកម្មច្បាប់អីហ្នឹងទាល់តែទាមទារឲ្យបក្សប្រឆាំងហ្នឹងចូលក្នុងរដ្ឋសភាហើយ ដើម្បីជួយពិនិត្យមើលសេចក្ដីច្បាប់ហ្នឹងអនុម័តទៅដូចអ្វីដែលគណៈកម្មការហ្នឹងស្នើឡើង»។
កន្លងទៅសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ធ្លាប់ស្នើឲ្យគណបក្សកាន់អំណាចកែទម្រង់ការបោះឆ្នោត ដោយផ្ដោតសំខាន់លើផ្នែកសំខាន់ៗមួយចំនួនរួមមាន៖ ការពិនិត្យឡើងវិញលើបញ្ជីឈ្មោះបោះឆ្នោត ការកែប្រែសមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត កែប្រែសមាសភាពក្រុមប្រឹក្សាធម្មនុញ្ញ ជំរុញឲ្យគណបក្សនៅក្រៅរដ្ឋាភិបាលមានសិទ្ធិប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ពិនិត្យឡើងវិញពីអព្យាក្រឹតភាពរបស់កងកម្លាំង ជំរុញឲ្យមានច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ ព្រមទាំងវិធានការដើម្បីជំរុញឲ្យស្ត្រីចូលរួមឈរឈ្មោះឲ្យបានច្រើនជាដើម។
នៅរយៈពេល ១ខែចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសន្យាចំពោះមុខមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសមហាអំណាចមួយចំនួនថា កម្ពុជានឹងធ្វើការកែទម្រង់ការបោះឆ្នោតអោយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោក ហ៊ុន សែន បានស្នើឲ្យប្រទេសជប៉ុន ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បញ្ជូនអ្នកជំនាញការបោះឆ្នោតមកជួយកម្ពុជា ដើម្បីកែទម្រង់ការបោះឆ្នោត។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ គណបក្សទាំងពីរបានព្រមព្រៀងគ្នាលើ ៣ចំណុច គឺទី១ ភាគីទាំងពីរយល់ព្រមបង្កើតគណៈកម្មការចម្រុះមួយដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សានិងរៀបចំក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតពេលខាងមុខស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ទី២ រៀបចំការកែទម្រង់ការបោះឆ្នោតនេះ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ទី៣ កៀរគរម្ចាស់ជំនួយឲ្យគាំទ្រការកែទម្រង់ការបោះឆ្នោតនេះ។ គណបក្សទាំងពីរមិនបានលើកឡើងអំពីភាពចាំបាច់ឲ្យមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចូលរួម ក្នុងសមាសភាពគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតនោះឡើយ៕
No comments:
Post a Comment