Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

បក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​ព័ត៌មាន​ សូម​ចរចា​ ជាមួយ​លោក ហ៊ុន សែន

ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី
RFA Photo

បក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​ព័ត៌មាន​ សូម​ចរចា​ ជាមួយ​លោក ហ៊ុន សែន

RFA | 12 Feb. 2014

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ប្រឆាំង​ បដិសេធ​ព័ត៌មាន ​ដែល​ផ្សាយ​ថា, គណបក្ស ​សង្គ្រោះ​ជាតិ គ្រោង​ដាក់​លិខិត​ ស្នើ​ទៅ​លោក ហ៊ុន សែន ដើម្បី​ កំណត់​ពេល ​ចរចា​នយោបាយ។

ការ​បដិសេធ​នេះ ​ធ្វើ​ឡើង​បន្ទាប់ ​ពី​គេហទំព័រ​ ក្នុង​ស្រុក​មួយ​ផ្សាយ​ ព័ត៌មាន​ថា, លោក សម រង្ស៉ី បាន​ប្រជុំ​ ឯកភាព​គ្នា ​ក្នុង​បក្ស, ហើយ ​សម្រេច​ដាក់​លិខិត​ សូម​ចរចា​ ជាមួយ​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ ទី​១២ ខែ​កុម្ភៈ។


លោក កឹម សុខា អនុ​ប្រធាន​ គណបក្ស​ប្រឆាំង​ បញ្ជាក់​ថា គ្មាន​ការ​ជួប​ប្រជុំ​ ផ្ទៃ​ក្នុង​ណា​មួយ​ ដែល​សម្រេច​ ថា នឹង​ដាក់​លិខិត ​ស្នើ​សុំ​ចរចា ​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។  ហើយ ​បក្ស​ប្រឆាំង ​ក៏​មិន​បាន​ប្តូរ​ គោលជំហរ ​ដែល​ធ្លាប់​ទាមទារ ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ ឡើង​វិញ​ឡើយ៖ «អត់​មាន​ទេ, យើង​ អត់​មាន​សរសេរ​ ទៅ​ទេ, អត់​មាន​ឡើយ។  ថ្ងៃ​នេះ​ យើង ​មាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​មួយ ដែល​និយាយ​ ពី​កំណែ​ទម្រង់ ​បោះ​ឆ្នោត, ហើយ​ បើ​ មាន​ការ​ចរចា​, ទ្វារ​ នៅ​តែ​ បើក​ចំហ, ហើយ​ យើង​ មាន​របៀបវារៈ​ តែ​១, គឺ​ កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត,បោះ​ឆ្នោត​ ឡើង​វិញ។»

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គេហទំព័រ​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​បាន​បញ្ជាក់​ថា លោក សម រង្ស៉ី គ្រោង​ដាក់​លិខិត​សុំ​ជួប​លោក ហ៊ុន សែន បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ ទើប​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គណបក្ស​កាន់​អំណាច​ដែល​សម្រេច​ជា​ឯកបក្ស​បង្កើត​ គណៈកម្មការ​ស្រាវជ្រាវ និង​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ បក្ស​ប្រឆាំង​ចោទ​ថា បក្ស​កាន់​អំណាច​បំពាន​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដែល​ចែង​ថា បក្ស​ទាំង​ពីរ​ប្ដេជ្ញា​រួម​គ្នា​រៀបចំ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។

ឆ្លើយ​តប នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​ គណបក្ ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា ការ​សម្រេច​បង្កើត​ក្រុម​ការងារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​ការ​បង្ហាញ​ សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់ ហើយ​មិន​អាច​រង់ចាំ​បក្ស​ប្រឆាំង​ដែល​ចេះ​តែ​នៅ​ខាង​ក្រៅ​បាន​ទេ។

លោក ​បញ្ជាក់​ថា បើ​បក្ស​ប្រឆាំង​ចង់​ចូល​រួម​កែ​ទម្រង់ ពួកគាត់​អាច​ចូល​ចរចា​គ្នា​បាន ព្រោះ​ក្រុម​ការងារ​មាន​ស្រាប់​សម្រាប់​ចរចា៖ «មាន ន័យ​ថា រដ្ឋាភិបាល​ និង​បក្ស​ប្រជាជន​ មាន​ឆន្ទៈ ទោះ​បី​ គាត់​ ថា ដំណើរការ​រដ្ឋ​ ត្រូវ​តែ​ ធ្វើ, បើ​ សិន​រង់ចាំ​គាត់​ មិន​ដឹង​អង្កាល់​ទេ។»

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៦ និង ១៧ ខែ​កញ្ញា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ​មក​ទល់​ពេល​នេះ បក្ស​ទាំង​ពីរ​មិន​ទាន់​ស្រុះ​ស្រួល​គ្នា​ឡើយ៕





No comments:

Post a Comment