ពលរដ្ឋឈរតវ៉ានៅខាងមុខការដ្ឋានក្រុមហ៊ុនចិន ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ទាមទារសំណង និងអ្នកខ្លះតវ៉ាមិនទៅនៅកន្លែងថ្មី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA/Tin Zakariya
តំណាងរាស្ត្រ បក្សប្រឆាំង ចុះជួប ពលរដ្ឋ រងគ្រោះដីធ្លី នៅខេត្តកោះកុង
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២៤ កុម្ភៈ ២០១៤
នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ នេះ បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី បានចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ មានទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុនចិន ឈ្មោះ ញូញៀន ឌីវើលុបមែន គ្រុប (Union Development Group) នៅខេត្តកោះកុង ជិត ១០០គ្រួសារ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកដឹកនាំក្រុមការងារ មានប្រសាសន៍ថា ដំណើរចុះជួបពលរដ្ឋរងគ្រោះដីធ្លីខេត្តកោះកុង ពេលនេះ គឺដើម្បីសិក្សាស្វែងយល់ដើមហេតុឈានដល់ក្រុមហ៊ុនចិន ដុតផ្ទះ និងឈូសឆាយរំលោភដីចម្ការរបស់ពលរដ្ឋជិត ១០០គ្រួសារកាលពីចុងខែមករា។
ក្រុមប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តកោះកុង បានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ក្រុមហ៊ុនចិន ឈ្មោះ ញូញៀន ឌីវើលុបមែន គ្រុប បានមកដុតបំផ្លាញផ្ទះ និងវាតយកដីចម្ការធ្លាប់បង្កបង្កើនផលរបស់ពួកគាត់ជិត ១០០គ្រួសារ ក្រោមរូបភាពទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ៣.៦ម៉ឺនហិកតារ នៅស្រុកគីរីសាគរ និង ស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង ទៅឲ្យក្រុមហ៊ុន ញូញៀន ឌីវើលុបមែន គ្រុប រយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍បែបស្តង់ដារអន្តរជាតិ។
ករណីផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ មន្ត្រីអង្គការសង្គមស៊ីវិលបានអះអាងថា បាននាំឲ្យប៉ះពាល់ដល់ដីផ្ទះ និងដីចម្ការបង្កបង្កើនផលពលរដ្ឋជាង ១ពាន់គ្រួសារ។ មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា ទំនាស់នេះមានពលរដ្ឋជាង ៨០០គ្រួសារ ព្រមទទួលយកសំណងពីក្រុមហ៊ុន និងជាង ៣០០គ្រួសារទៀត មិនព្រមទទួលយកសំណងពីក្រុមហ៊ុននៅឡើយទេ និងបន្តតវ៉ារហូតមកដល់ពេលនេះ៕
No comments:
Post a Comment