សេចក្ដីប្រកាសព័ត៌មាន របស់ ស្ថានទូតអូស្ត្រាលី នៅកម្ពុជា អំពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់ លោកស្រី ជូលី ប៊ីហ្សប
ដោយ៖ ណុល ដារ៉ា / វីអូឌី | ថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2014
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ម្សិលមិញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អំពីលទ្ធផលនៃទស្សនកិច្ចរបស់លោកស្រីជូលី ប៊ីហ្សប មកកាន់កម្ពុជា ដែលជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចតំបន់មកកាន់ប្រទេសអាស៊ាន។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា លោកស្រីបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា លោកស្រីបានពិភាក្សាជាមួយដៃគូកម្ពុជាក្ដោបយ៉ាងទូលាយជុំវិញវិស័យអាទិភាពទ្វេភាគីមួយចំនួនរួមមាន៖
- ស្ថានភាពនយោបាយក្នុងស្រុករបស់កម្ពុជា និងការចូលរួមចំណែកដ៏យូរអង្វែង និងក្នុងពេលបច្ចុប្បន្នរបស់អូស្ត្រាលី ក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
- បញ្ហាសិទ្ធិមនុស្ស ប្រទេសអូស្ត្រាលី បញ្ជាក់សាជាថ្មីនូវសេចក្ដីថ្លែងការណ៍ នៅឯការត្រួតពិនិត្យជាសាកលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ នាខែមករា
- កម្មវិធីជំនួយអូស្ត្រាលី ដែលមានទឹកប្រាក់ ៨៥,៣លានដុល្លារ ដែលកំពុងជួយជំរុញនូវកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាពនៅកម្ពុជា
- កំណើនសេដ្ឋកិច្ចដែលគួរឲ្យចាប់អារម្មណ៍នៅកម្ពុជា និងឱកាសដែលកំពុងតែលេចឡើងសម្រាប់ធុរកិច្ចអូស្ត្រាលី រួមមាន ក្នុងបរិបថនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលាយតំបន់ និងការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី និងនូវែលហ្សីឡង់
- កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរួមមាន កម្មវិធីកូឡុំបូថ្មីរបស់អូស្ត្រាលី
- ទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅរវាងប្រជាជន និងប្រជាជន
- ការគាំទ្ររបស់អូស្ត្រាលី ដល់គណកម្មាធិការទន្លេមេគង្គ រួមទាំងជំនួយរបស់យើងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
- និងកិច្ចពិភាក្សាអំពីខួបលើកទី៤០ នៃទំនាក់ទំនងអាស៊ាន និងអូស្ត្រាលី និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលដែលយើងរំពឹងថានឹងប្រារព្វនៅក្រៅពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខក្នុងឆ្នាំនេះ។
ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាពីបញ្ហាប្រឈមនានាក្នុងតំបន់ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរថ្នាំញៀន។
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីជូលី ប៊ីហ្សបមកកាន់កម្ពុជានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំឲ្យអូស្ត្រាលីជួយការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឯលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជម្រាបលោកស្រីថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺស្របតាមរដ្ឋធម្មនុញ្ញ មិនដូចការចោទប្រកាន់របស់បក្សប្រឆាំងនោះទេ។
ទោះយ៉ាងណា លទ្ធផលនៃជំនួបរវាងលោកស្រី ជូលី ប៊ីហ្សប និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅមិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយទេ៕
No comments:
Post a Comment