ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លី ស្រែកទ្រហោយំនៅមុខសាលាឧទ្ធរណ៍ (រូបថត៖ តាំង វីដា)
អ្នកគាំទ្រ ស្រែកទ្រហោយំ បន្ទាប់ពី តុលាការ បដិសេធ ការសុំនៅក្រៅឃុំ របស់ មនុស្ស២១នាក់
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
ប្រជាពលរដ្ឋមកពីហគមន៍បឹងកក់ បុរីកីឡា អ្នកភូមិថ្មគោល និងបណ្តាញព្រះសង្ឃឯករាជ្យ ប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានប្រមូលផ្តុំនៅមុខសាលាឧទ្ធរណ៍ដើម្បីរង់ចាំស្តាប់ ការសម្រេចរបស់សាលាឧទ្ធរណ៍ លើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងកម្មករ២១នាក់។
បន្ទាប់ពីដឹងថាចៅក្រមសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ លោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីបឹងកក់នោះ និងកម្មករផ្សេងទៀតនោះ ក្រុមអ្នកគាំទ្រ បានខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចនេះ។ ប្រជាសហគមន៍ដីធ្លី បានទ្រហោរយំ បោកក្បាលនឹងការ៉ូឡា និងស្រែកខ្លាំងៗ ថា <<អយុត្តិធម៌>> និងទាមទារឲ្យតុលាការដោះលែងអ្នកជាប់ឃុំទាំង២១នាក់នោះ ឲ្យមានសេរីភាពវិញ និងគ្មានលក្ខខណ្ឌ។
ស្របពេលនោះដែរ បណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បានព្រមានបូជាព្រះកាយនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យដោះលែងអ្នកទាំង២១នាក់នោះ និងទាមទារឲ្យបញ្ឈប់ការប្រើឥទ្ធិពលនយោបាយទៅលើតុលាការ «នៅទូទាំងប្រទេសខ្មែរ ទោះជាចាប់អ្នកណាដាក់ពន្ធនាគារ ក៏ជាញោមអាត្មាដែរ ដូច្នេះបើសម្តេច មិនចង់ឃើញអាត្មាបូជាជីវិត នៅមុខផ្ទះសម្តេច ដោះលែងគ្នាអាត្មាប្រញាប់មក អាត្មាមិនមានប្រពន្ធមានកូនច្រើនដូចសម្តេចទេ មានតែខ្លួនឯងម្នាក់ ដូច្នេះមិនខ្លាចសម្លាប់ជីវិតឲ្យសម្តេចឃើញទេ អញ្ចឹងដោះលែងគ្នាអាត្មា»។
ចំណែក ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ការសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ អយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកបន្តថា ក្រុមសហជីពនឹងពិចារណា ដាក់បណ្តឹងទាស់តុលាការកំពូល ហើយព្រមានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ «អញ្ចឹងអ្វីដែលយើងធ្វើបន្តទៀត គឺដាក់ឧទ្ធរណ៍ទៅកំពូលក្នុងរយៈពេល១៥ថ្ងៃ ដាក់តាមនីតិវិធី ដើម្បីឲ្យចប់។ ហើយបន្ទាប់មក គឺសហជីប យើងនឹងប្រជុំគ្នា នឹងរៀបចំវិធីម៉េចដើម្បីដោះស្រាយបញ្ហានេះ ប្រហែលចាប់ពីថ្ងៃស្អែកទៅ យើងនឹងរៀបចំពេលដើម្បីប្រជុំគ្នា។ អ្វីដែលប្រជុំស្អែក ដែលប្រជុំជជែកគ្នាថាតើត្រូវធ្វើអ្វីបន្តទៀតនោះ ព្រោះបើយើងសម្រេចថ្ងៃនេះ យើងសម្រេចមិនទាន់បានទេ ព្រោះសហជីពម្សិលមិញបានប្រជុំគ្នាហើយថា រងចាំថ្ងៃនេះ ហើយរងចាំមើល ការដោះស្រាយរបស់រដ្ឋាភិបាល បើមិនបានទេ នឹងប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាធំ»។
បច្ចុប្បន្ននេះ នៅសល់សកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន២១នាក់ទៀត កំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕
No comments:
Post a Comment