តើ តុលាការ អន្តរជាតិ នឹងពិនិត្យមើល បណ្ដឹង ប្រឆាំង រដ្ឋាភិបាលកម្ពុជា ឬទេ?
ដោយ យន់ សាមៀន / អាស៊ីសេរី | ១១ កុម្ភៈ ២០១៤
តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសហុល្លង់ (Netherlands) បានទទួលពាក្យបណ្ដឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួនពីរច្បាប់ផ្សេងគ្នាប្រឆាំងរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្មីៗនេះមេធាវីគណបក្សសង្គ្រោះជាតិ ក៏បានរៀបចំឯកសារ និងប្រមូលភស្តុតាងមួយចំនួនទៀត ដើម្បីប្ដឹងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលទៅតុលាការអន្តរជាតិ ឲ្យផ្ដន្ទាទោសអ្នកពាក់ព័ន្ធនឹងការបង្ក្រាបហិង្សា ដែលបណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់ និងរបួសមួយចំនួនទៀត។
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងមានយុត្តាធិការពិនិត្យលើបណ្ដឹងឧក្រិដ្ឋប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលកម្ពុជា ក្រោយពីមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា ដែលមានលក្ខណៈជាប្រព័ន្ធ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នេះ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍មួយដែលត្រូវបានបង្កើតឡើងពីលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ដើម្បីផ្ដន្ទាទោសបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវចំពោះបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។
តុលាការនេះមិនអាចជំនួសតុលាការនៃប្រទេសជាសមាជិកទេ ប៉ុន្តែអាចស៊ើបអង្កេត និងផ្ដន្ទាទោសបុគ្គលណាដែលសង្ស័យពីបទឧក្រិដ្ឋកម្ម ប្រសិនបើតុលាការនៅប្រទេសសាមីនោះមិនអាចធ្វើបាន ឬគ្មានឆន្ទៈក្នុងការស៊ើបអង្កេត។ ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម កាលពីខែតុលា ឆ្នាំ២០០០។
មកទល់ពេលនេះ មានចលនានៅក្រៅប្រទេសប្រឆាំងរដ្ឋាភិបាលកម្ពុជា ចំនួនពីរ បានដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។ រណសិរ្សរំដោះជាតិដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក (Denmark) កាលពីឆ្នាំ២០១៣ បានដាក់ពាក្យបណ្ដឹងចោទលោក ហ៊ុន សែន ពីបទជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ពលរដ្ឋកម្ពុជា កាលពីឆ្នាំ១៩៨០ ក្នុងយុទ្ធនាការ ក៥ ការសម្លាប់សកម្មជនសហជីពព្រៃឈើ ព្រះសង្ឃ និងការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។ តុលាការបានច្រានចោលពាក្យបណ្ដឹងនោះ ដោយសំអាងថា គ្មានភស្តុតាងច្បាស់លាស់ ប៉ុន្តែកាលពីខែមករា ឆ្នាំ២០១៤ នេះ រណសិរ្សរំដោះជាតិបានដាក់ឯកសារបន្ថែមទៀតទៅតុលាការស្ដីពីការបង្ក្រាបហិង្សាបណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់។
ប្រធានរណសិរ្សរំដោះជាតិ លោក សម សេរី មានសង្ឃឹមថា តុលាការនឹងពិចារណាលើភស្តុតាងថ្មីបន្ថែមទៀតនេះ ប្រឆាំងនឹងលោក ហ៊ុន សែន នៅពេលនេះ។
ចំណែកចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអំពើហិង្សាចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។
ដោយឡែកមេធាវីគណបក្សសង្គ្រោះជាតិ ក៏កំពុងប្រមូលភស្តុតាង និងរៀបចំឯកសារមួយចំនួនទៀត ដើម្បីប្តឹងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលទីក្រុងភ្នំពេញ ពីការបង្ក្រាបដោយហិង្សាទៅលើក្រុមបាតុករ។
លោកមេធាវី រីឆាដ រ៉ចជើរ (Richard Rogers) កាលពីចុងខែមករា ឆ្នាំ២០១៤ បានដាក់លិខិតពីរដាច់ដោយឡែកពីគ្នាទៅលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សុំឯកសារភស្តុតាងមួយចំនួនពាក់ព័ន្ធនឹងការបង្ក្រាបដោយហិង្សា ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថបានបដិសេធមិនផ្ដល់ឯកសារទាំងនោះ។
លោក នី ចរិយា មានប្រសាសន៍បន្ថែមថា ការបដិសេធរបស់កងកម្លាំងប្រដាប់អាវុធ នឹងបន្ថែមទម្ងន់លើបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន សែន នៅតុលាការអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជា មិនបានសំដែងការចាប់អារម្មណ៍ទៅនឹងពាក្យបណ្ដឹងនៅតុលាការអន្តរជាតិនេះទេ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល បានប្រើប្រាស់មធ្យោបាយសមស្របបង្ក្រាបទៅលើបាតុកម្ម ដើម្បីរក្សាសន្តិសុខរបស់ប្រទេសជាតិ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានស៊ើបអង្កេត និងបានចេញដីកាចាប់ខ្លួនមេដឹកនាំមួយចំនួនលើពិភពលោក រួមមានមេដឹកនាំនៅសាធារណរដ្ឋប្រជាមានិតកុងហ្គោ លីប៊ី និងកេនយ៉ា ជាដើម៕
No comments:
Post a Comment