មេធាវី លោក វន់ ពៅ ស្នើសាលាដំបូង ជាថ្មីទៀត ឲ្យកូនក្តី នៅក្រៅឃុំ បណ្តោះអាសន្ន
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
មេធាវីការពារក្តី លោក វន់ ពៅ នៅថ្ងៃអង្គារនេះ ដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នជាថ្មី ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីនីតិវិធីស៊ើបសួរបានបញ្ចប់។
ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ចុះហត្ថលេខាដោយ លោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជា ឲ្យដឹងថា ពាក្យស្នើសុំឲ្យប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ នៅក្រៅឃុំបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលចំនួន៧ គឺ ទី១៖ ក្នុងដំណាក់កាលស៊ើបសួរ ដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សី បានចូលឆ្លើយបំភ្លឺជូនតុលាការរួចរាល់ហើយ ក្នុងនោះចម្លើយរបស់ពួកគាត់ មិនបានឃើញចម្លើយណាមួយ ដែលបញ្ជាក់បំភ្លឺថា ជនត្រូវចោទលោក វន់ ពៅ បានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការ។
ពាក្យសុំដដែលបន្តថា ហេតុផលទី៣គឺ៖ បទចោទ ដែលតំណាងអយ្យការបានចោទប្រកាន់ គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស មិនមែនជាបទចោទ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ឬធ្វើឲ្យច្របូកច្របល់ដល់សង្គមជាតិឡើយ។ ទី៤៖ លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើបេសកកម្មលើកស្ទួយការគោរពច្បាប់ និងសិទ្ធិមនុស្ស មិនមែនជាអ្នកបង្កចលាចលក្នុងសង្គមឡើយ។ ទី៥៖ លោក វន់ ពៅ មានជំងឺប្រចាំកាយ (ក្រពះ ពោះវៀន) និងទើបវះកាត់រួច ដែលត្រូវការពេលវេលា សម្រាប់ព្យាបាលតាមការកំណត់របស់វេជ្ជបណ្ឌិត បើពុំនោះ អាចនាំឲ្យប៉ះពាល់ដល់អាយុជីវិត។
ក្នុងពាក្យសុំដដែលឲ្យដឹងទៀតថា ហេតុផលទី៦គឺ៖ មិនមានមូលដ្ឋានណាមួយ ដែលបញ្ជាក់ថាជនជាប់ចោទ នឹងរត់គេចខ្លួនឡើយ ដោយសារជនជាប់ចោទមានលំនៅដ្ឋាន និងមុខរបរច្បាស់លាស់ ពិសេសគឺ មានមេធាវីការពារត្រឹមត្រូវ អាចនាំកូនក្តីបង្ហាញខ្លួន ចំពោះមុខតុលាការគ្រប់នីតិវិធី។ និងទី៧៖ ជនត្រូវចោទ មានកូនជាអនីតិជនចំនួន ៣នាក់ ក្នុងបន្ទុក ដែលត្រូវចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ ការឃុំខ្លួន មិនត្រឹមត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនជាប់ចោទនោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពរស់នៅ និងការអប់រំរបស់កូនៗជនជាប់ចោទទៀតផង។
លោកមេធាវី គីម សុជាតិ ឲ្យដឹងថា ពាក្យសុំនៅក្រៅឃុំនេះ ត្រូវបានក្រឡាបញ្ជីសាលារាជធានីភ្នំពេញ ទទួលយកនៅម៉ោងជាង ៩ព្រឹកនេះ។
VOD មិនទាន់អាចសុំការឆ្លើយតបជុំវិញការស្នើនេះ ពីចៅក្រមស៊ើបសួរ លោកស្រី សែម សក្តិកូឡា បាននៅឡើយទេ។
កាលពីថ្ងៃទី១០ ខែមករា ចៅក្រមស៊ើបសួរ លោកស្រី សែម សក្តិកូឡា បានចេញដីកាបដិសេធ ពាក្យស្នើសុំនៅក្រៅឃុំរបស់មេធាវីការពារសិទ្ធិ លោក វន់ ពៅ ដោយអះអាងថា ការស៊ើបសួរទើបចាប់ផ្តើម ការដោះលែងអាចនាំឲ្យប៉ះពាល់ដល់ដំណើរការស៊ើបសួររបស់តុលាការ។ ក្រោយមក សាលាឧទ្ធរណ៍ បានបើកសវនការលើករណីនេះ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូង ដោយលើកហេតុផលថា ការដោះលែងនៅពេលនេះ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដំណើរការសវនការ និងដោយសារសំណុំរឿងនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេតនៅឡើយ៕
No comments:
Post a Comment