៧-កុម្ភៈ-២០១៤៖ ទីតាំងដែលគេសង្ស័យថាមានគ្រាប់មីន ត្រូវបានគេដាក់សញ្ញាគ្រោះថ្នាក់សម្គាល់ រង់ចាំមន្ត្រី ស៊ីម៉ាក់ (CMAC) ទៅយកចេញ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពលរដ្ឋ នៅកំពង់ឆ្នាំង ស្នើឲ្យ អាជ្ញាធរ និងស៊ីម៉ាក់ ជួយកម្ទេចគ្រាប់មីន មិនទាន់ផ្ទុះ
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានការភ័យខ្លាចចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលគេសង្ស័យថានៅមានកប់ក្នុងដីជាច្រើនគ្រាប់ទៀត ក្រៅពីគ្រាប់ផ្លោងធុន ៦០មិល្លីម៉ែត្រ ផ្ទុះបណ្ដាលឲ្យក្មេងបីនាក់ស្លាប់ កាលពីចុងខែមករា ឆ្នាំ២០១៤។
ក្រុមអ្នកភូមិបញ្ជាក់ថា តំបន់ដែលពួកគាត់កំពុងតែរស់នៅនោះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្ដៅគគុករវាងកងទ័ពវៀតណាម និងខ្មែរក្រហម នៅអំឡុងឆ្នាំ១៩៧៩។ ពួកគាត់ចង់ឲ្យរដ្ឋាភិបាល និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) ចុះរាវរក និងកម្ទេចគ្រាប់ទាំងនោះចោល។
បច្ចុប្បន្នគេនៅតែឃើញមានប្រជាពលរដ្ឋរស់នៅក្នុងភាពប្រថុយប្រថាន និងមានការលំបាកខ្លាំងក្នុងការធ្វើកសិកម្មចិញ្ចឹមជីវិត ដោយសារតែបញ្ហាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម នៅតាមមូលដ្ឋានរបស់ពួកគាត់។ បញ្ហានេះ គឺជាឧបសគ្គធ្ងន់ធ្ងរចំពោះដំណើរការនៃការអភិវឌ្ឍប្រទេស និងកំណើនសេដ្ឋកិច្ចជាតិ។
មេភូមិ និងជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិពោធិ៍ លោក ជុំ ក្រៃ មានប្រសាសន៍ថា ប្រជាពលរដ្ឋជិត ៣០០គ្រួសារ នៅក្នុងភូមិរបស់លោកភាគច្រើនមានការតក់ស្លុត និងខ្លាចរអាក្នុងការចូលទៅភ្ជួររាស់លើដីស្រែចម្ការធ្វើកសិកម្មរបស់ពួកគាត់ ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់បណ្ដាលឲ្យក្មេង ៣នាក់ស្លាប់នោះ។ លោកថា បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ ប្រសិនបើបានឃើញ ឬសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះនៅត្រង់ណានោះ៖ «សូមជម្រាបថា ដែលវាងាប់ប្រជាជនហ្នឹងវារំភើបញាប់ញ័រណាស់ក្មួយអើយ។ សុទ្ធតែចៅហើយនឹងអាពីរ ក៏ចៅ អាមួយនោះក៏ចៅ ព្រួយថាខ្លាចអាច ស៊ីម៉ាក់ យកមិនទាន់អស់។ គ្នាព្រួយបារម្ភថា ខ្លាចចូលស្រែប៉ះចំលើវា ឬកូនក្មេងទៅលួចវាយទៀតក៏មិនដឹង ឬវាយ៉ាងម៉េចទៀតខ្លាចវាងាប់បន្តទៅទៀត»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត លោក តែម ភារិន្ទ បញ្ជាក់ថា កាលពីឆ្នាំកន្លងទៅលោកបានកាប់ឆ្ការព្រៃក្រោយផ្ទះ ដើម្បីរៀបចំដីដាំស្ពៃ ស្រាប់តែប្រទះឃើញគ្រាប់ផ្លោងធុន ៦០មិល្លីម៉ែត្រ និង១គ្រាប់ទៀតលោកមិនស្គាល់ច្បាស់ កប់នៅក្នុងដី ហើយលោកក៏បានផ្អាកសកម្មភាពកាប់គាស់ ដើម្បីដាំដុះរហូតមកដល់សព្វថ្ងៃ៖ «បើតាមភ្នែកខ្ញុំ ឃើញវានៅពីរគ្រាប់ទៀត ប៉ុន្តែក្រៅពីហ្នឹងអាចសន្និដ្ឋានបានថា ប្រហែលជានៅច្រើនគ្រាប់ទៀតនៅតំបន់ហ្នឹង។ ឲ្យគេមកស្រាវជ្រាវគ្រាប់ហ្នឹងចេញឲ្យអស់ទៅ វាបានអ្នកស្រុកបានប្រកបផលដំណាំ មិនឲ្យផ្ទុះកុំឲ្យអីទៀត»។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ និងក្មេងប្រុស ២នាក់ អាយុចន្លោះពី ៨ ទៅ ១២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ បានយកចប និងពូថៅទៅដំគ្រាប់បេផ្លោងធុន ៦០មិល្លីម៉ែត្រ បណ្ដាលឲ្យផ្ទុះស្លាប់ទាំងបីនាក់។ សាច់ញាតិរបស់ក្មេងរងគ្រោះទាំងនោះបញ្ជាក់ថា គ្រាប់ដែលបានផ្ទុះនោះ ត្រូវបានអ្នកភូមិភ្ជួរស្រែដោយគោយន្ត ប្រទះឃើញកប់ដី រួចរើសយកទៅដាក់ក្បែរគល់ត្របែកព្រៃ១ដើម។ ក្រោយមក ស្រាប់តែមានសិស្សសាលារៀននៅក្បែរនោះ នាំគ្នាយកទៅគប់លេង។ ឃើញដូច្នេះ ទើបគ្រូបង្រៀនម្នាក់យកទៅទុកម្ដុំ រួចរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ ជាច្រើនដង ក៏ប៉ុន្ដែមិនឃើញគេយកគ្រាប់នោះចេញឡើយ រហូតដល់មានហេតុការណ៍ផ្ទុះគ្រាប់ស្លាប់ក្មេងនេះតែម្ដង។
ក្រោយពីហេតុការណ៍នេះ គេឃើញមានកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញដោះមីន ចុះទៅប្រមូលយកគ្រាប់មិនទាន់ផ្ទុះដែលប្រជាពលរដ្ឋរើសគរទុកចេញពីភូមិ ក៏ប៉ុន្តែនៅកន្លែងមួយចំនួនទៀតដែលពួកគាត់ប្រទះឃើញ និងសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះនោះ មិនត្រូវបានគេចុះទៅពិនិត្យឡើយ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំពោធិ៍ លោក អឿ សេងហុង មានប្រសាសន៍ថា បច្ចុប្បន្នគ្រាប់ដែលនៅសល់ និងទីតាំងសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះចំនួន ១៦កន្លែងផ្សេងទៀត ត្រូវបានអាជ្ញាធរ និងប៉ូលិសប៉ុស្តិ៍ឃុំដើរដាក់ស្លាកសញ្ញាគ្រោះថ្នាក់ទៅតាមទីតាំងទាំងនោះ និងបានធ្វើរបាយការណ៍ទៅខាងអធិការស្រុកកំពង់លែង រួចហើយដែរ។ លោកថា អាជ្ញាធរនឹងទទួលព័ត៌មានបន្ថែមទៀតពីប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាគ្រាប់មីន ដើម្បីរួមសហការជាមួយមន្ត្រីជំនាញដោះមីន ក្នុងការកម្ទេចគ្រាប់ទាំងនោះចោល។
អធិការស្រុកកំពង់លែង លោក ប៉ាល់ ជឿន ថ្លែងថា អធិការស្រុកមិនបានធ្វើសំណើផ្ទាល់ទៅខាងមន្ត្រីជំនាញ ស៊ីម៉ាក់ (CMAC) ឡើយ ក៏ប៉ុន្តែ បានធ្វើរបាយការណ៍នេះបញ្ជូនបន្តទៅខាងស្នងការខេត្ត និងអភិបាលស្រុក ដើម្បីប្រជុំសម្រេច និងធ្វើសំណើទៅខាងមន្ត្រី ស៊ីម៉ាក់ ចុះដោះស្រាយបញ្ហានេះ៖ «កាលសប្ដាហ៍មុន ខ្ញុំបានជួបជាមួយ ស៊ីម៉ាក់ ហើយគេថានៅសប្ដាហ៍នេះនឹងចុះមកយក។ ឲ្យខ្ញុំសួរសាឡង់សួរអីចម្លងឡានយកមកបង។ តាមការសង្ស័យខ្ទង់ ៣០គ្រាប់បង»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក អាត់ ខែម និងអភិបាលស្រុកកំពង់លែង លោក មាន់ អេនលី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះជាច្រើនលើក ប៉ុន្តែលោកទាំងពីរមិនទទួលទូរស័ព្ទឡើយ នៅថ្ងៃទី១៧ ខែកុម្ភៈ។
ទាក់ទងនឹងបញ្ហានេះ ប្រធានសាលាហ្វឹកហ្វឺននៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង លោក ម៉ុង សុគន្ធារ័ត្ន មានប្រសាសន៍យ៉ាងខ្លីថា ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់ផ្លោងបណ្ដាលឲ្យស្លាប់ក្មេងចំនួនបីនាក់នោះ ខាងលោកបានចុះទៅប្រមូល និងកម្ទេចគ្រាប់ចោលមួយចំនួនហើយ។ បច្ចុប្បន្ន ខាងលោករង់ចាំតែសំណើពីខាងអធិការស្រុក ឬសមត្ថកិច្ចឃុំ ដើម្បីធ្វើការងារនេះបន្តទៀត។
បន្ថែមលើនេះ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខាងលោកដោះបានចំនួន ៦០០គីឡូម៉ែត្រការ៉េ ចំណែកផ្ទៃដីដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះនោះ ខាងលោកដោះបានជាង ២ពាន់គីឡូម៉ែត្រការ៉េ នៅទូទាំងប្រទេស គឺគិតចាប់តាំងពីឆ្នាំ១៩៩៣ មក។ សម្រាប់ខេត្តកំពង់ឆ្នាំង លោកមិនបានដឹងពីតួលេខច្បាស់លាស់ថាមានផ្ទៃដី និងគ្រាប់មិនទាន់ផ្ទុះចំនួនប៉ុន្មានឡើយ ក៏ប៉ុន្តែលោកទទួលស្គាល់ថា នៅក្នុងខេត្តនេះពិតជានៅមានករណីសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើន៖ «ខ្ញុំកំពុងតែរៀបចំកម្លាំង ហើយនឹងលៃលកធនធាន ដើម្បីទៅប្រតិបត្តិការ ព្រោះបើសិនណាយើងចាប់ផ្ដើមធ្វើនៅក្រោមដីហើយ យើងត្រូវការចំណាយពេលវេលាច្រើន មិនយូរប៉ុន្មានទេ ខ្ញុំកំពុងតែពិភាក្សាជាមួយសហការីខ្ញុំ ដើម្បីដាក់ទៅឲ្យបានឆាប់ដែរ»។
តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋនៅស្រុកកំពង់លែង បច្ចុប្បន្នមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើននៅក្នុងឃុំទាំង៧ នៃស្រុកនេះ៕
No comments:
Post a Comment