Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

លោក សម រង្ស៊ី នឹង​ត្រឡប់​ មក​កម្ពុជាវិញ​ នៅ​ថ្ងៃ​១០ កុម្ភៈ

សម រង្ស៊ី ព្រៃឡង់ ៦១០
លោក សម រង្ស៊ី ពិនិត្យ​មើល​កំណាត់​ឈើ​ប្រណិត​ដែល​គេ​កាប់​ថ្មីៗ នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​នៅ​សេស​សល់​រាយប៉ាយ​លើ​ដី​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​១១ ធ្នូ ឆ្នាំ​២០១៣។
RFA / Hang Savyouth

លោក សម រង្ស៊ី នឹង​ត្រឡប់​ មក​កម្ពុជាវិញ​ នៅ​ថ្ងៃ​១០ កុម្ភៈ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ទៅ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នៅ​បរទេស​រយៈពេល ៣​សប្ដាហ៍​នោះ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ។

ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ១០ កុម្ភៈ ២០១៤
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​៩ កុម្ភៈ ថា លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប ហើយ​លោក​ក៏​បាន​ធ្វើ​ដំណើរ​នៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​តប​តាម​ការ​ស្នើ​សុំ​របស់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​រាប់​ពាន់​នាក់ និង​បាន​ជួប​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ដើម្បី​ជម្រាប​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស ពី​ស្ថានការណ៍ និង​ដំណោះស្រាយ​នយោបាយ​កម្ពុជា។
លោក យឹម សុវណ្ណ៖ «ការ​ដែល​គាត់​ទៅ​អឺរ៉ុប គាត់​ទៅ​ជម្រាប​ខាង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ គាត់​ទៅ​អឺរ៉ុប គឺ​ជំរុញ​ញត្តិ​ដែល​ដាក់​ចេញ​ដោយ​សភា​អឺរ៉ុប​ហ្នឹង​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​គាត់​មក​កូរ៉េ គាត់​ប្រាប់​សិទ្ធិ​មនុស្ស​កូរ៉េ ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ជម្រាប​ពី​ស្ថានការណ៍​នយោបាយ និង​ដំណោះស្រាយ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ ប៉ុន្មាន​ពាន់​នាក់»
លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​ទ្វីប​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៣ មករា ដើម្បី​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ដែល​លោក​ធ្លាប់​អះអាង​ថា កំពុង​តែ​ដាក់​សម្ពាធ​ទៅ​លើ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន។
មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​ប្រាប់​ថា នឹង​ធ្វើ​បាតុកម្ម​ជា​បន្ត​ទៀត​មិន​រា​ថយ​ឡើយ ត្បិត​មាន​ការ​បង្ក្រាប​ពី​កម្លាំង​ប្រដាប់​អាវុធ។ ប៉ុន្តែ​គណបក្ស​នេះ​កំពុង​ស្វែង​រក​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​រដ្ឋាភិបាល ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុករ។
មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​យល់​ព្រម​បញ្ជូន​សមាជិក​សភា​ជាប់​ឆ្នោត​របស់​ខ្លួន​ទៅ​ចូល​ប្រជុំ​ឡើយ ដោយ​គណបក្ស​ចាត់​ទុក​ថា លទ្ធផល​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ មាន​ភាព​មិន​ត្រឹមត្រូវ ហើយ​ទាមទារ​ឲ្យ​ពិនិត្យ​លទ្ធផល​នោះ​ឡើង​វិញ ឬ​សុំ​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​ម្តង​ទៀត​មុន​អាណត្តិ៕



No comments:

Post a Comment