Paris Peace Accords 23 Oct. 1991

Sunday, February 2, 2014

តើ​ មាន​យុទ្ធសាស្ត្រ​ ទប់ស្កាត់​ ការ​ធ្វើ​ចំណាក​ស្រុក​ របស់​ យុវជន​ ដែរ​ឬ​ទេ?

ពលករ ប៉ោយប៉ែត ៣០៥
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​កំពុង​និយាយ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ នៅ​លើ​ទីតាំង​ត្រង់​ប្លុក​កាស៊ីណូ​មួយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។
(RFA / Soun Sophalmony)

តើ​ មាន​យុទ្ធសាស្ត្រ​ ទប់ស្កាត់​ ការ​ធ្វើ​ចំណាក​ស្រុក​ របស់​ យុវជន​ ដែរ​ឬ​ទេ?

អ្នក​វិភាគ​ បញ្ហា​សង្គម​ បាន​មើល​ឃើញ​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ ពេញ​វ័យ​ ត្រូវ​ធ្វើ​ការងារ​ កាន់​តែ​ច្រើន​ឡើងៗ ក៏ប៉ុន្តែ​ បែរ​ទៅ​ ទំហំ​ដី​ស្រែ​ចម្ការ​ របស់​ ប្រជាពលរដ្ឋ​វិញ គឺ​មាន​តិចតួច ហើយ​ទីផ្សារ​ការងារ​ នៅ​ក្នុង​ប្រទេស​ ក៏​មិន​សូវ​សម្បូរ។
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
បញ្ហា​នេះ វា​បាន​ជំរុញ​ឱ្យ​ចរន្ត​ពលករ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ បើ​ទោះ​បី​ជា​គេ​ដឹង​ថា ការ​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ អាច​ប្រឈម​មុខ​បញ្ហា​មួយ​ចំនួន​ក៏ដោយ។
តើ​មាន​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ឯ​បរទេស​ដែរ​ឬ​ទេ?
ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ស្រុក​ចំនួន​៥ ស្ថិត​នៅ​ជាប់​ព្រំដែន​គ្នា​ជា​មួយ​ប្រទេស​ថៃ។ ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​នាំ​គ្នា​ចាក​ចេញ​ពី​ភូមិ​កំណើត ហើយ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ធ្វើ​ការ និង​ស្វែង​រក​កម្រៃ​ចិញ្ចឹម​ជីវិត។
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា គេ​កំពុង​មាន​កង្វល់​ជុំវិញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ នោះ ដោយសារ​តែ​ការ​ឆ្លង​ដែន​ភាគ​ច្រើន​ខុស​ច្បាប់។
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​ដល់​ភូមិ​ខ្លះ​ដែល​ដាច់​ស្រយាល។ នៅ​ក្នុង​ភូមិ​ទាំង​នោះ មាន​លំនៅឋាន​ខ្លះ គឺ​សល់​តែ​មនុស្ស​ចាស់​នៅ​ចាំ​ផ្ទះ ចំណែក​ឯ​មនុស្ស​ពេញ​វ័យ និង​ពេញ​កម្លាំង បាន​ចាក​ចេញ​ទៅ​ធ្វើ​ការ​ឯ​ប្រទេស​ថៃ អស់​ទៅ​ហើយ។ លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នោះ គឺ​ធ្វើ​ឱ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្លូវ​ច្បាប់ ព្រម​ទាំង​ងាយ​ប្រឈម​មុខ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ទៀត​ផង៖ «នៅ​ខាង​ឧត្តរមានជ័យ ហ្នឹង ទៅ​ថៃ តែ​ម្ដង។ ភាគ​ច្រើន​ទៅ​ខុស​ច្បាប់​ហ្មង ចេញ​ច្រក​អូស្មាច់ ព្រោះ​ច្រក​អូស្មាច់ ហ្នឹង ចេញ​ចូល​ធម្មតា មិន​សូវ​មាន​បញ្ហា​អី​ស្មុគស្មាញ​ដូច​ខាង​ប៉ោយប៉ែត ទេ។ ទិញ​សំបុត្រ​ឆ្លង​ព្រំដែន​តែ ១.០០០​រៀល​ខ្មែរ ហើយ​ពេល​ចូល​ទៅ​ដល់​នោះ មាន​មេ​ខ្យល់​គេ​ថែម​ទៀត​ទៅ គឺ​គេ​ទៅ​ច្រើន​ដែរ​នៅ​ខាង​ស្រុក​បន្ទាយអំពិល អី​ហ្នឹង»
ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ស្រុក​បន្ទាយអំពិល បាន​ទទួល​ស្គាល់​ថា ជា​រៀង​រាល់​ថ្ងៃ​តែង​មាន​អ្នក​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ ជា​បន្តបន្ទាប់។
បុរស​អ្នក​ភូមិ​ពងទឹក នៃ​ឃុំ​អំពិល មួយ​រូប បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​របស់​លោក និង​ភូមិ​ជាច្រើន​ទៀត គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ។ កំណើន​កម្មករ​ចំណាក​ស្រុក​នេះ​មិន​មែន​តែ​កសិករ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​សិស្ស​សាលា​អនុ​វិទ្យាល័យ​ជាច្រើន ក៏​បាន​បោះ​បង់​ចោល​ការ​សិក្សា ដើម្បី​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ ដែរ៖ «អូ! ច្រើន​ណាស់ ចេញ​ទៅ​នេះ​មិន​មាន​លិខិត​ស្នាម​អី​ទេ ដូច​ថា​ទៅ​អ៊ីចេះ ក៏​មាន​អា​អ្នក​ទៅ​មុន វា​មក​បបួល​គ្នា​ទៅ​តៗ។ និយាយ​ទៅ​ក្នុង​ស្រុក​បន្ទាយអំពិល នេះ វា ៥​ឃុំ ចាប់​ពី​គោកខ្ពស់ គោកមន បេង ឃុំ​អំពិល បើ​សរុប​តាម​ឃុំ​នីមួយៗ វា​ច្រើន​ដែរ។ ទៅ​ខុស​ច្បាប់ ខុស​ទម្លាប់​អ៊ីចេះ វា​ខ្លាច​ដែរ​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ ទៅ​ដក​ដំឡូង បេះ​ផ្លែ​ឈើ កាប់​អំពៅ ការងារ​សំណង់។ កូន​សិស្ស​ពួក​អនុវិទ្យាល័យ ដូច​ថា​ចប់​ថ្នាក់​ទី​៦ ទៅ​ចូល​ទី​៧ ទី​៨ ទី​៩ ទៅ​រៀន​នៅ​អំពិល ក៏​បោះ​បង់​ការ​សិក្សា​ទៅ​ថៃ អស់»
អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ថា ពេល​បច្ចុប្បន្ន គឺ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ មែន ក៏ប៉ុន្តែ​គេ​មិន​ដែល​សរុប​ស្ថិតិ​ថា​មាន​ចំនួន​ប៉ុន្មាន​ច្បាស់​លាស់​ទេ។
ប្រធាន​សាខា​កាក​បាទ​ក្រហម​ខេត្ត​ឧត្តរមានជ័យ លោក ស សៀកហៀង បាន​មាន​ប្រសាសន៍​ថា នៅ​តាម​ភូមិ​ខ្លះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចាក​ចេញ​ចោល​ផ្ទះ​សម្បែង ទៅ​ធ្វើ​ការ​ឯ​ប្រទេស​ថៃ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​ចំណាក​ស្រុក​ទាំង​នោះ គឺ​ដោយសារ​តែ​ក្រុម​អ្នក​ភូមិ​មើល​ឃើញ​តៗ​គ្នា អំពី​ឱកាស​នៃ​ការ​រក​ប្រាក់​បាន​ច្រើន៖ «ព្រោះ​អ្នក​ដែល​ទៅ​មុនៗ​នោះ មក​វិញ​ចេះ​តែ​រីក​ចម្រើន។ ឧទាហរណ៍​ថា ពី​មុន​អត់​មាន​អី​ប្រើប្រាស់​ទេ ដល់​មក​វិញ ទិញ​បាន​គោយន្ត អ្នក​ខ្លះ​ទៅ​១​ឆ្នាំ ២​ឆ្នាំ មក​វិញ​ទិញ​បាន​ផ្ទះ។ ដល់​ហើយ គាត់​មក​ទៅ​គាត់​អូស​ទាញ​ក្រុម​គ្រួសារ​គាត់ សាច់ញាតិ​បង​ប្អូន គាត់​ទៅ​ច្រើនៗ។ ជួន​កាល​ទៅ​ប្ដី ក្រោយ​មក​យក​ប្រពន្ធ​យក​កូន​ទៅ​ទៀត ព្រោះ​នៅ​ឯណោះ​វា​របរ​វា​ជាប់ អត់​ដូច​យើង​នៅ​ណេះ រក​បាន​ធ្វើ​កន្លែង​សំណង់​១​អ៊ីចេះ​ទៅ ដល់​អស់​អា​មួយ​នេះ​ទៅ ទម្រាំ​រក​បាន​មួយ​ទៀត ចាយ​លុយ​អស់​ទៅ​បាត់​ហើយ»
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ជាច្រើន បាន​អះអាង​ថា គេ​តែង​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​នោះ គឺ​ងាយ​ប្រឈម​មុខ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ជា​ញឹកញាប់។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) លោក សែម ចៅសុខ បាន​មាន​ប្រសាសន៍​ថា ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជាដើម គឺ​ជា​រឿង​ប្រថុយ​ខ្លាំង​ណាស់​សម្រាប់​ពលករ បើ​ទោះ​បី​ជា​ពួក​គេ​ឆ្លង​ដែន​ស្រប​ច្បាប់ ឬ​ក៏​ខុស​ច្បាប់​ក៏ដោយ។ បញ្ហា គឺ​នៅ​ត្រង់​ថា ពួក​គេ​បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ការងារ​ថ្មី​ទាំងអស់ ដែល​ងាយ​រង​នឹង​គ្រោះ​ថ្នាក់ ហើយ​ម្យ៉ាង​ទៀត ពួក​គេ​អាច​ធ្លាក់​ខ្លួន​នៅ​ក្នុង​ការ​ជួញ​ដូរ​ជាដើម។
លោក សែម ចៅសុខ បាន​បញ្ជាក់​ថា អង្គការ​លីកាដូ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ពលករ​ចំណាក​ស្រុក ឱ្យ​ជួយ​លើ​ករណី​ជួញ​ដូរ​មនុស្ស ជួញ​ដូរ​ផ្លូវ​ភេទ និង​ជួញ​ដូរ​កម្លាំង​ពលកម្ម​យ៉ាង​ហោច​ណាស់​ក៏ ១០​ករណី​ដែរ​ក្នុង​១​ខែៗ។
បញ្ហា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មិន​មែន​កើត​មាន​តែ​នៅ​ខេត្ត​ឧត្តរមានជ័យ ទេ គឺ​វា​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​បណ្ដា​ខេត្ត​ជាច្រើន​ទៀត។
អ្នក​វិភាគ​បញ្ហា​សង្គម​បាន​មើល​ឃើញ​ថា បច្ចុប្បន្ន ដោយសារ​តែ​កង្វះ​ការងារ​ក្នុង​ស្រុក​បញ្ហា​ប្រែប្រួល​បរិស្ថាន ការ​ជំពាក់​បំណុល និង​គ្មាន​ដី​ធ្វើ​កសិកម្ម​គ្រប់គ្រាន់ ជា​ដើម​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ជៀស​ផុត​ពី​ការ​ចាក​ចោល​ស្រុក ដើម្បី​ធ្វើ​ការ​នៅ​ឯ​បរទេស​បាន​ទេ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី បាន​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ជាច្រើន​ចំណុច​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្ខំ​ចិត្ត​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ បញ្ហា​ទាំង​នោះ ដូច​ជា​ចំនួន​អ្នក​ពេញ​វ័យ​ល្មម​ធ្វើ​ការ​កាន់​តែ​ច្រើន ក៏ប៉ុន្តែ​ទំហំ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​តិច ឯ​ទីផ្សារ​ការងារ​ក៏​មិន​សូវ​ជា​មាន ដោយសារ​ប្រទេស​ខ្មែរ​ជា​ប្រទេស​ដែល​ទិញ​ទំនិញ​មក​ប្រើប្រាស់ មិន​មែន​ជា​ប្រទេស​ផលិត​ទំនិញ​ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម ទេ។ បញ្ហា​មួយ​ទៀត គឺ​កសិករ​ធ្វើ​ស្រែ​មិន​បាន​ចំណេញ ដោយសារ​តែ​ថ្លៃ​ជី ថ្លៃ​ប្រេងសាំង និង​ថ្លៃ​ពលកម្ម​ខ្ពស់ ឯ​ផលិតផល​មិន​ទំនើប គឺ​ធ្វើ​បាន​តិចតួច។ កត្តា​ប្រែប្រួល​អាកាស​ធាតុ បង្ក​ឱ្យ​ផល​កសិកម្ម​រង​ការ​ខូចខាត និង​ការ​ជំពាក់​បំណុល​ធនាគារ​ជាដើម ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក។
លោក​បណ្ឌិត កែម ឡី៖ «រឿង​ទី​៣ នៅ​ស្រុក​ខ្មែរ​យើង ព្រៃ​ឈើ ដីធ្លី​ទាំងអស់​ហ្នឹង គឺ​កាន់​កាប់​ដោយ​ឧកញ៉ា អ្នក​មាន​កាន់​កាប់​ដោយ​ឯកឧត្តម ហើយ​អត់​សកម្មភាព​សេដ្ឋកិច្ច ដល់​អី​ធម្មតា មនុស្ស​ដែល​ធ្វើ​ការ គឺ​ធ្វើ​នៅ​ក្នុង​រោងចក្រ​នៅ​ក្នុង​ព្រៃ ធ្វើ​នៅ​ក្នុង​ស្រែ និង​ចម្ការ។ មិន​មែន​កាន់​កាប់​ទៅ​ទុក​ចោល វា​អត់​មាន​សកម្មភាព​សេដ្ឋកិច្ច អ៊ីចឹង​កូន​ខ្មែរ យើង​ត្រូវ​តែ​ទៅ​ហើយ»
លោក កែម ឡី បាន​ពន្យល់​ថា ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា មិន​ឱ្យ​នៅ​យូរ ដោយ​អ្នក​នយោបាយ​ប្រញាប់ប្រញាល់​ត្រូវរ៉ូវ​គ្នា ធ្វើ​សម្បទាន​អំណាច និង​ជជែកគ្នា​ថា តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ដោះស្រាយ​បញ្ហា​រក​ការងារ​ក្នុង​ស្រុក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​កាន់​តែ​ច្រើនៗ​ឡើង​នោះ គឺ​ជា​ការ​ប្រសើរ។ ទោះ​យ៉ាង​ណា លោក កែម ឡី បញ្ជាក់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ទាល់​តែ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន និង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ភាគ​ច្រើន​ចោល ទើប​អាច​ជ្រោង​ការងារ​ឱ្យ​វិល​ត្រឡប់​មក​រក​ភាព​សមស្រប​វិញ​បាន។ ប្រសិន​បើ​គណបក្ស​នយោបាយ​មាន​សំឡេង​ក្នុង​សភា​ទាំង​ពីរ​ត្រូវ​គ្នា ក៏ប៉ុន្តែ​ដើរ​តាម​ផ្លូវ​រដ្ឋាភិបាល​ដែល​ធ្លាប់​ធ្វើ​ដូច​សព្វថ្ងៃ​នេះ គឺ​នៅ​តែ​ជៀស​មិន​ផុត​ពី​ដំណើរ​ចំណាក​ស្រុក​ឡើយ៕


No comments:

Post a Comment