ទិដ្ឋភាពនៅកន្លែងបញ្ចុះសព (រូបភាព៖ បូ សាវី)
ពលរដ្ឋខ្មែរ នៅសៀមរាប បារម្ភ អស់ដី បញ្ចុះសព ដោយសារ ការកប់សព របស់ ជនជាតិវៀតណាម
ដោយ៖ បូ សាវី / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ដសៀមរាប សម្ដែងការព្រួយបារម្ភ ខ្លាចអស់ទីធ្លាដីសម្រាប់បញ្ចុះសពពលរដ្ឋរបស់ខ្លួន ដោយសារជនជាតិវៀតណាម យកសព ពួកគេ មកកប់នៅទីធ្លាជាមួយគ្នា ដែលខុសពីប្រពៃណីខ្មែរបីឆ្នាំគាស់ចេញ។
ពលរដ្ឋនៅសង្កាត់សៀមរាប លោក ចាន់ រដ្ឋា ប្រាប់VODនៅថ្ងៃនេះថា ដីទីធ្លាសារណៈសម្រាប់បញ្ចុះសពពលរដ្ឋខ្មែរ នៅជើងភ្នំក្រោម បានបាត់បង់ជាបណ្ដើរៗហើយ ដោយសារជនជាតិវៀតណាម នៅសង្កាត់ចុងឃ្នៀង ក្នុងបឹងទន្លេសាប យកសពពួកគេមកកប់ក្នុងទីធ្លាកប់សពខ្មែរដែរ។ លោកបន្ថែមថា សពពលរដ្ឋខ្មែរ បញ្ចុះ៣ឆ្នាំគាស់យកឆ្អឹងដាក់ធាតុទុកនៅតាមវត្ដ ឬដាក់ចេតីយនៅគេហដ្ឋាន ចំណែកសពជនជាតិវៀតណាមកប់ទុកចោលយូរអង្វែង។ លោកថា ពួកលោកមិនរើសអើងនឹងជនជាតិផ្សេងទេ ប៉ុន្ដែស្នើឲ្យអាជ្ញាធរជំរុញឲ្យជនជាតិវៀតណាម ធ្វើដូចជាពលរដ្ឋខ្មែរ ព្រោះកាន់សាសនាដូចគ្នា «ដូចយើងដឹងថា គាត់កប់ហើយ គឺគាត់មិនគាសវិញទេ គាត់កប់ គាត់ទុកជាផ្នូរនោះរហូត ជាទំនៀមទំលាប់របស់ជនជាតិវៀតណាម ឬក៏ជនជាតិចិនអញ្ចឹងឯង។ ធ្វើអញ្ចឹងពួកខ្ញុំបារម្ភចង់ថា សូមឲ្យអាជ្ញាធរ ដែលមានអំនាចនោះ សូមឲ្យគាត់កុំធ្វើអញ្ចឹង សូមឲ្យគាត់ធ្វើដូចខ្មែរទៅ យើងមិនមានប្រកាន់ថាវៀតណាម ឬក៏ខ្មែរទេ ប៉ុន្តែឲ្យគាត់មានការវិលជុំ ឲ្យគាត់កប់បានគាត់កប់ចុះ តែបីឆ្នាំសូមឲ្យគាត់គាសដូចខ្មែរយើងអញ្ចឹងទៅ ដើម្បីឲ្យដីនោះសល់ ទុកគ្នាអ្នកក្រោយផង»។
ពលរដ្ឋមួយរូបទៀត នៅភូមិភ្នំក្រោម លោក ប៊ុន សន ឲ្យដឹងថា ទីធ្លាសម្រាប់បញ្ចុះសពពលរដ្ឋខ្មែរនៅសល់ជាង២០%ប៉ុណ្ណោះ ហើយជនជាតិវៀតណាម បានយកសពកប់លើផ្នូរខ្មោចជនជាតិខ្មែរ។ លោកបន្ដថា ពលរដ្ឋខ្មែរនៅតំបន់នោះ ប្រកាន់អបិយជំនឿ មិនឲ្យបូជាសពដែលស្លាប់ក្នុងខែចែត្រឡើយ ដោយបញ្ចុះរយៈពេលបីឆ្នាំទើបគាស់យកធាតុ។ លោកថា ពីមុនខ្មោចវៀតណាមមានកន្លែងបញ្ចុះផ្សេង ប៉ុន្ដែដោយសារអាជ្ញាធរ ឃុបឃិតជាមួយសមាគមវៀតណាម ឲ្យបញ្ចុះជាមួយពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគាត់បាត់បង់ទីធ្លាកប់សព ស្របពេលដីធ្លីមានហាងឆេងខ្ពស់ «វានៅសល់ប្រហែលជា មិនដល់៣០%ទេ ពីមុនមកមិនមែនខ្មោចយួនទេ ដល់ពេលបច្ចុប្បន្នឥឡូវហ្នឹង សុទ្ធតែខ្មោចវៀតណាត គេមកកប់ គេមកធ្វើម៉ុង ធ្វើអី យូរៗទៅខ្មែរយើងស្លាប់ទៅ រកកន្លែងកប់មិនបាន ព្រោះកន្លែងយួនពីដើម គេមានរៀបចំនៅ ខាងលង្ការនោះមួយ ខាងកុដិលោកយួននេះមួយកន្លែង ទាំងអស់ពីរកន្លែង»។
ចៅសង្កាត់សៀមរាប ក្រុងសៀមរាប លោក អ៊ុំ ចាត មានប្រសាសន៍ទទួលស្គាល់ថា ដីកប់សពរបស់ពលរដ្ឋខ្មែរ ពិតជារួមតូច ដោយសារជនជាតិវៀតណាមកប់សពជាមួយមែន ។ ប៉ុន្ដែលោកថា លោកនឹងពិនិត្យ ហើយដាក់វិធានការលើករណីនេះជាថ្មីទៀត «កន្លងមកលោកឲ្យកប់ យើងគេចែកដីចែកអី នោះលោកឲ្យទេ អាជ្ញាធរដែនដីមិនមានទៅប៉ះពាល់ អីទេ។ វៀតណាមគេឲ្យធ្វើអញ្ចឹងដែរ ខ្ញុំមិនដឹងនិយាយថាម៉េច។ ចាំមើលខ្ញុំប្រជុំមេភូមិ គណៈកម្មការអាចារ្យវត្តអីទាំងអស់»។
បើតាមពលរដ្ឋ ឲ្យដឹងថា ដីសាធារណៈសម្រាប់បូជា និងបញ្ចុះសពពលរដ្ឋខ្មែរ មានផ្ទៃក្រឡាទំហំ៦០០ម៉ែត្រការ៉េ ស្ថិតនៅជើងភ្នំក្រោម សង្កាត់សៀមរាប ជាប់ព្រំប្រទល់សង្កាត់ចុងឃ្នៀស ដែលមានជនជាតិវៀតណាមរាប់ពាន់នាក់រស់នៅ។ ទម្លាប់ពលរដ្ឋខ្មែរនៅតំបន់នោះគឺធ្វើពិធីបូជាសព ប៉ុន្តែលើកលែងតែករណីសពស្លាប់ក្នុងខែចែត្រប៉ុណ្ណោះ ដែលបញ្ចុះ៣ឆ្នាំ ទើបគាស់យកឆ្អឹងធ្វើបុណ្យ និងដាក់ធាតុទុកនៅតាមវត្ដ ចំណែកឯសពជនជាតិវៀតណាម បញ្ចុះដាក់ម៉ុងចាក់គ្រឹះស៊ីម៉ង់ត៍ទុករហូត ដែលជាហេតុធ្វើឲ្យបាត់បង់ដីនោះ៕
No comments:
Post a Comment