Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

អត្ថន័យ​ នៃ​បុណ្យ​ មាឃ​បូជា​ ក្នុង​ព្រះពុទ្ធ​សាសនា

អត្ថន័យ​ នៃ​បុណ្យ​ មាឃ​បូជា​ ក្នុង​ព្រះពុទ្ធ​សាសនា


ដោយ កែវពេជ្រ មេត្តា / អាស៊ីសេរី | ១៤​ កុម្ភៈ ២០១៤
រដ្ឋាភិបាល​ថ្មីៗ​នោះ​បាន​ប្រកាស​ថា បាន​រក​ឃើញ​ព្រះ​បរម​សារីរិកធាតុ​មក​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ចោរ​លួច​យក​ទៅ​អស់​មួយ​រយៈ​មក។ ប៉ុន្តែ​ក្រោយ​ពី​បាន​រក​ឃើញ​ហើយ គឺ​គេ​មិន​ទាន់​យាង​ព្រះ​បរម​សារីរិកធាតុ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​នៅ​ឡើយ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន សំដែង​ក្តី​បារម្ភ​ថា ជា​ប្រផ្នូល​មួយ​មិន​ល្អ​សម្រាប់​កម្ពុជា ពិសេស​គឺ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ព្រះ​បរម​សារីរិកធាតុ។
ពុទ្ធ​សាសនិក​ក្នុង​ពិភពលោក រួម​ទាំង​ពុទ្ធ​សាសនិក​ខ្មែរ​ផង តែ​កាល​ណា​ដល់​ថ្ងៃ​១៥ កើត ពេញ​បូណ៌មី ខែ​មាឃ ម្ដងៗ គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ គឺ​បុណ្យ «មាឃ​បូជា» ដើម្បី​សំដែង​ក្តី​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​មួយ​ចំនួន ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល។
សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​គោរព​ព្រះពុទ្ធ​សាសនា ក៏​បាន​ធ្វើ​ពិធី​បុណ្យ «មាឃ​បូជា» ជា​រៀង​រាល់​ឆ្នាំ​ដែរ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​នេះ​ជាដើម គឺ​ធ្វើ​នៅ​ថ្ងៃ​១៥ កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ គ្រិស្ដសករាជ​២០១៤។
ការ​ប្រារព្ធ​ពិធី​នេះ ភាគ​ច្រើន​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​មួយ​ធ្វើ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ព្រះរាជទ្រព្យ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។
ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា នៅ​ភ្នំ​អដ្ឋរស្ស ជាទូទៅ​គេ​ឃើញ​មាន​មនុស្ស​ម្នា​ពី​ទី​ជិត​ឆ្ងាយ​ទៅ​ចូល​រួម​ច្រើន​ជាង​នៅ​វត្ត​អារាម ពីព្រោះ​គេ​យល់​ថា នៅ​ទី​នោះ​មាន​តម្កល់​ព្រះ​បរម​សារីរិកធាតុ ឬ​ព្រះ​អដ្ឋិ​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​ហាក់​បី​ដូច​ជា​តំណាង​ព្រះ​រូប​ព្រះអង្គ​ទ្រង់​គង់​ធរមាន​នៅ​ដែរ។
ទាក់ទង​នឹង​ព្រះ​បរម​សារីរិកធាតុ សម្រាប់​ពិធី​បុណ្យ​មាឃ​បូជា ក្នុង​ឆ្នាំ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ទេ​ថា តើ​រាជ​រដ្ឋាភិបាល​នឹង​យាង​ព្រះ​បរម​សារីរិកធាតុ​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​បាន​ប្រកាស​ថា បាន​រក​ឃើញ​ព្រះ​បរម​សារីរិកធាតុ ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​នោះ​បាន​មក​វិញ​ហើយ ហើយ​បាន​តម្កល់​ទុក​នៅ​ឯ​ព្រះបរមរាជវាំង​សិន។
ចំពោះ​ការ​រក​ឃើញ​ព្រះ​បរម​សារីរិកធាតុ​ក្តី ឬ​មិន​ទាន់​យាង​ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ​ក្តី មាន​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន បាន​សំដែង​ក្ដី​អបអរ​សាទរ​ផង និង​ព្រួយ​បារម្ភ​ផង ពីព្រោះ​មិន​ដឹង​ថា តើ​ព្រះ​បរម​សារីរិកធាតុ​ដែល​រក​ឃើញ​មក​វិញ​នោះ ពិត​ជា​ព្រះ​បរម​សារីរិកធាតុ​មែន​ឬ​មិន​មែន? ហើយ​បើ​មិន​មែន​ថា តើ​គេ​លួច​យក​ទៅ​គ្រវាត់​ចោល​នៅ​ទី​ណា?
ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័ទ​ដែល​បាន​លើក​ឡើង​នោះ ពុទ្ធ​សាសនិក​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ បាន​បញ្ជាក់​ថា ព្រះ​បរម​សារីរិកធាតុ គឺ​ជា​តំណាង​ព្រះ​សរីរកាយ​របស់​ព្រះពុទ្ធ បរម​គ្រូ ដែល​ពុទ្ធ​បរិស័ទ​ទូទៅ​ក្នុង​សកលលោក​គោរព​បូជា គឺ​មិន​មែន​គោរព​តែ​ពុទ្ធ​សាសនិក​នៅ​កម្ពុជា នោះ​ទេ ដូច្នេះ​បើ​គេ​លួច​យក​ទៅ គឺ​មាន​ន័យ​ថា ជា​ការ​ប្រមាថ​មាក់ងាយ​មួយ​ដ៏​ធំ​ដល់​ព្រះពុទ្ធ​សាសនា។
ពុទ្ធ​សាសនិក​រូប​នោះ​បន្ត​ថា កត្តា​សំខាន់​មួយ​ទៀត ប្រសិន​បើ​មិន​អាច​រក​ឃើញ​ព្រះ​បរម​សារីរិកធាតុ​ពិត​ប្រាកដ​នោះ​ទេ គឺ​ជា​ប្រផ្នូល​មួយ​មិន​ល្អ​សម្រាប់​កម្ពុជា៖ «សារីរិកធាតុ ថា​រក​ឃើញ​ហើយ ថា​ពិត ឬ​មិន​ពិត។ មធ្យោបាយ​មួយ វិទ្យាសាស្ត្រ​ឥឡូវ គឺ​ថា គេ​ប្រើ អាតេអិន (ATN) គឺ​ធ្វើ​កោសល្យវិច័យ​ហ្នឹង។ ប្រទេស​ណា​ខ្លះ​ដែល​មាន​សារីរិកធាតុ​បន្តិចបន្តួច​ក៏ដោយ ដូច​ថា​ប្រទេស​ភូមា មាន​សក់ យើង​ថា​មាន​សារីរិកធាតុ ជា​ឆ្អឹង អ៊ីចឹង​យើង​ធ្វើ​អាតេអិន ទៅ ដើម្បី​ឲ្យ​ដឹង​ថា សមាសភាព​របស់​សារីរិកធាតុ​ព្រះអង្គ​ហ្នឹង គឺ​ថា​ត្រឹមត្រូវ​ដូច​គ្នា​ដែរ​ទេ? បើ​ដូច អា​ហ្នឹង​វា​ជា​ការ​ពិត ប៉ុន្តែ​បើ​មិន​ដូច អា​ហ្នឹង​វា​ជា​ការ​ក្លែងក្លាយ ហើយ​ការ​រក​ឃើញ​នេះ​វា​ជា​របៀប​ក្លែងក្លាយ ដើម្បី​បោក​បញ្ឆោត​ប្រជាជន​ទៅ​វិញ​ទេ។ អ៊ីចឹង សំខាន់​គឺ​ថា ត្រូវ​ធ្វើ​កោសល្យវិច័យ»
មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​បញ្ជាក់​ថា ព្រះ​បរម​សារីរិកធាតុ ដែល​រក​ឃើញ​មក​វិញ​នោះ ថា​ជា​ព្រះ​សារីរិកធាតុ​ពិត ឬ​ក្លែងក្លាយ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​មាន​អ្នក​ជំនាញ​ណា​បាន​ពិនិត្យ ឬ​ស្គាល់​ឲ្យ​ច្បាស់​លាស់​ដែរ។
មន្ត្រី​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តរជាតិ លោក ញាន ភឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោះ​ជា​រាជ​រដ្ឋាភិបាល​មិន​ទាន់​យាង​ព្រះ​បរម​សារីរិកធាតុ ដែល​រក​ឃើញ​នោះ ទៅ​តម្កល់​នៅ​ភ្នំ​អដ្ឋរស្ស ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក៏ដោយ ក៏​ប្រជា​ពុទ្ធ​បរិស័ទ​អាច​ប្រារព្ធ​ធ្វើ​ពិធី «មាឃ​បូជា» បាន​ដែរ ពីព្រោះ​ថា ការ​គោរព​បូជា​ដល់​ព្រះពុទ្ធ ជា​សំខាន់​នោះ គឺ​ស្ថិត​នៅ​លើ​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ម្នាក់ៗ ដែល​មាន​សទ្ធា​ជ្រះ​ថ្លា ពិសេស គឺ​គោរព​បូជា​ដោយ​បដិបត្តិ​តាម​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ​អង្គ ដូច​ជា​នាំ​គ្នា​ធ្វើ​ទាន រក្សា​សីល​ជាដើម។
អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ដែរ​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ «មាឃ​បូជា» គឺ​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​មួយ​យ៉ាង​សំខាន់​បំផុត​របស់​ព្រះពុទ្ធ​សាសនា ពីព្រោះ​ថ្ងៃ​នោះ គឺ​ជា​អភិលក្ខិតកាល ឬ​កាល​ដ៏​អស្ចារ្យ​មួយ ដើម្បី​រំឭក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ កាល​ពី​ទ្រង់​គង់​ធរមាន​នៅ ដែល​ពេល​នោះ ព្រះអង្គ​ទ្រង់​បាន​ធ្វើ​ចតុរង្គសន្និបាត ឬ​ការ​ប្រជុំ​ភិក្ខុ​សង្ឃ​សាវ័ក​ដែល​មាន​ចំនួន ១.២៥០​អង្គ។
ការ​ចាត់​ទុក​ការ​ប្រជុំ​ចតុរង្គសន្និបាត ជា​កាល​ដ៏​អស្ចារ្យ ពីព្រោះ​ការ​ប្រជុំ​នោះ គឺ​ប្រកប​ដោយ​អង្គ​៤ ដែល​រួម​មាន អង្គ​ទី​១ គឺ​ពេល​នោះ​ជា​ថ្ងៃ​ឧបោសថសីល​មាន​ព្រះចន្ទ​ពេញ​វង់ ថ្ងៃ​១៥ កើត ប្រកប​ទៅ​ដោយ​ផ្កាយ​នក្ខត្តឫក្ស ឬ​ព្រះចន្ទ​ចរ​ចូល​ដល់​មាឃនក្សត្រ ជា​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ។
អង្គ​ទី​២ ព្រះ​ភិក្ខុ​សង្ឃ​សាវ័ក​ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត​ទាំង ១.២៥០​អង្គ​នោះ គឺ​បាន​និមន្ត​មក​ពី​ទិស​ទាំង​៤ ដោយ​មិន​បាន​កំណត់​ពេល​គ្នា ឬ​ក៏​ផ្ដល់​ដំណឹង​ណាត់​ទុក​ជា​មួយ​គ្នា​អ្វី​មុន​ទាល់​តែ​សោះ ក៏​ស្រាប់​តែ​ដល់​ថ្ងៃ​នោះ បាន​និមន្ត​មក​ព្រមៗ​គ្នា​តែ​ម្ដង។
អង្គ​ទី​៣ ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាលម៉ាន​នោះ សុទ្ធ​សឹង​តែ​ជា​ព្រះអរហន្ត ឬ​ជា​បុគ្គល​ដែល​បាន​សម្រេច​អរហត្ត ប្រាស​ចាក​រាគៈ (លោភៈ) ទោសៈ មោហៈ ជា​អ្នក​សម្រេច​នូវ​អភិញ្ញា​៦ ឬ​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​ក្នុង​លោកុត្តរ​ធម៌​នៃ​ព្រះពុទ្ធ​សាសនា។
ចំណែក​អង្គ​ទី​៤ គឺ​ព្រះ​ភិក្ខុ​សង្ឃ ១.២៥០​អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិ​ភិក្ខុ ដូច​គ្នា​ទាំងអស់។ ដែល​ហៅ​ថា ឯហិ​ភិក្ខុ គឺ​ជា​ភិក្ខុ​ដែល​បំបួស​ឡើង​ដោយ​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់ ហើយ​ពេល​បំបួស​នោះ គឺ​មាន​ស្បង់​ចីវរ​បាន​ប្រាកដ​ឡើង​ដោយ​ឯក​ឯង ហើយ​ការ​កាត់​កោរ​សក់ កោរ​ពុក​មាត់ ពុក​ចង្កា ក៏​កើត​ឡើង​ដោយ​ឯក​ឯង​ដែរ ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ ដែល​បាន​ធ្វើ​សន្សំ​ទុក​មក​ជាច្រើន​ជាតិ។
សាស្ត្រាចារ្យ​បង្រៀន​នៅ​ពុទ្ធិក​សកលវិទ្យាល័យ ព្រះ​សីហនុ​រាជ ក្រុង​ភ្នំពេញ លោក​បណ្ឌិត សួន ឱសថ បាន​មាន​ប្រសាសន៍​ថា កត្តា​សំខាន់​មួយ​ទៀត​ក្នុង​ថ្ងៃ​មាឃ​បូជា គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ និង​ជា​ថ្ងៃ​ដែល​ព្រះអង្គ​សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ​ប្រទាន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ជា​អរហន្ត​ទាំង ១.២៥០​អង្គ ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត​នោះ៖ «នៅ​ក្នុង​ឱវាទ​បាតិមោក្ខ​នេះ គឺ​ឱវាទ​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​ដល់​ព្រះ​ភិក្ខុ​សង្ឃ ដើម្បី​ឲ្យ​ទ្រទ្រង់ ឲ្យ​បដិបត្តិ​តាម។ កាល​ណា​បើ​ភិក្ខុ​សង្ឃ​លោក​ទ្រទ្រង់ លោក​ប្រតិបត្តិ​តាម​ទៅ ព្រះ​សាសនា​របស់​ព្រះ​ជិនស្រី (ពុទ្ធ​សាសនា) គឺ​ថា​នឹង​មាន​ការ​រីក​ចម្រើន មាន​ការ​វិវឌ្ឍ និង​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទិស​ទាំង​៤»
អ្នក​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា ដែល​ពុទ្ធ​បរិស័ទ​បច្ចុប្បន្ន​ថា​ធ្វើ​ដើម្បី​រំឭក​ដល់​ព្រះមហាករុណាទិគុណ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ទ្រង់​ប្រជុំ​ចតុរង្គសន្និបាត ឬ​សម្ដែង​ឱវាទ​បាតិមោក្ខ​ក្តី និង​កាល​ដែល​ទ្រង់​ដាក់​អាយុ​សង្ខារ​ក្តី​ណា​នោះ គឺ​ការ​គោរព​បូជា​មិន​មែន​សំដៅ​ទៅ​វត្ត​យក​តែ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ​ទេ ការ​បូជា​ដ៏​សំខាន់​ក្នុង​ថ្ងៃ​មាឃ​បូជា គឺ​ពុទ្ធ​បរិស័ទ​ទាំងអស់ គប្បី​គោរព​តាម​ពុទ្ធ​ឱវាទ ដូច​ជា​នាំ​គ្នា​រក្សា​សីល រួម​មាន​សីល​៥ សីល​៨ ជាដើម ឡើង​ទៅ។
លោក​បន្ត​ថា ក្រៅ​ពី​នេះ​ទៀត​ក៏​គប្បី​នាំ​គ្នា​បដិបត្តិ​ធម៌​វិបស្សនា​កម្មដ្ឋាន និង​ចម្រើន​មេត្តា​ភាវនា​ផង​ដែរ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំង​អម្បាលម៉ាន​នេះ ជូន​ដល់​បុព្វការី​ជន មាតា​បិតា ជីដូន​ជីតា និង​សព្វ​សត្វ​ទាំងអស់ ឲ្យ​បាន​ដល់​នូវ​សេចក្តី​សុខ ពិសេស​ឲ្យ​បាន​ដល់​មនុស្ស​ទូទៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ ដែល​សព្វថ្ងៃ​កំពុង​ជួប​បញ្ហា​លំបាក​ផ្នែក​នយោបាយ មាន​អំពើ​ហិង្សា សូម​ឲ្យ​បាន​ស្បើយ​ពី​បញ្ហា​នេះ និង​បាន​ចុះ​សម្រុង​គ្នា​ឡើង​វិញ ដើម្បី​រួម​គ្នា​កសាង​កម្ពុជា ឲ្យ​មាន​សុខ​សន្តិភាព និង​ចម្រើន​រុង​រឿង​ត​ទៅ​មុខ៕



No comments:

Post a Comment