Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

ប្រធាន​ វិទ្យុ​សំបុក​ឃ្មុំ នឹង​ដាក់​លិខិត​ ទៅ​ក្រសួង​ព័ត៌មាន សុំ​បង្កើត​ ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​ កម្លាំង​ផ្សាយ​វិទ្យុ នៅ​​ដើម​​សប្តាហ៍​ក្រោយ​​


លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក (រូបថតដោយ ណាត សុភាព)

ប្រធាន​ វិទ្យុ​សំបុក​ឃ្មុំ នឹង​ដាក់​លិខិត​ ទៅ​ក្រសួង​ព័ត៌មាន សុំ​បង្កើត​ ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​ កម្លាំង​ផ្សាយ​វិទ្យុ នៅ​​ដើម​​សប្តាហ៍​ក្រោយ​​


ដោយ៖​ ណាត សុភាព​​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ម៉ម សូណង់ដូ ឲ្យដឹងថា លោក​គ្រោង​ដាក់​លិខិត​ជាថ្មីទៀត ទៅ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ ដើម្បី​សុំ​ជួប​ជជែក​​ពី​ការ​បង្កើត​​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​​កម្លាំង​ផ្សាយ​វិទ្យុ ឡើង​វិញ និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​
លោក ម៉ម សូណង់ដូ មានប្រសាសន៍​នៅ​ថ្ងៃទី​០៧​ខែ​កុម្ភៈ​នេះ​ថា មូលហេតុ​ដែល​នាំឲ្យ​លោក​​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន សុំ​ជួប លោក ខៀវ កាញារីទ្ធ នៅ​ដើម​សប្តាហ៍​ក្រោយ ដោយសារតែ លោក ខៀវ កាញារីទ្ធ ធ្លាប់​មានប្រសាសន៍ថា វិទ្យុ​សំបុក​ឃ្មុំ នៅ​ជំពាក់​ថ្លៃ​សេវា​សោត​ទស្សន៍  ជា​វិទ្យុ​នយោបាយ​បម្រើ​ផលប្រយោជន៍​គណបក្ស​ប្រឆាំង ហើយ​ក្រសួង​បាន​ផ្តល់​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ ១០​គីឡូ​វ៉ាត់ (KW) ជាដើម​។ លោក​​​​​បន្តថា នៅ​ក្នុង​ការ​ដាក់​លិខិត​នោះ លោក​សង្ឃឹម​នឹង​បាន​ជួប​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឬ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​នេះ ដើម្បី​បំភ្លឺ​នូវ​អ្វី​ដែល​រដ្ឋមន្ត្រី​ក្រសួង​​​​ព័ត៌មាន ធ្លាប់​​បាន​ចោទ​លោក​។​
លោក​ម៉ម សូណង់ដូ បញ្ជាក់​ថា បើ​ការជួបពិភាក្សា​នៅតែ​មិនមាន​ដំណោះស្រាយ លោក​នឹង​សរសេរ​លិខិត​ស្នើ​ទៅ​ក្រសួង​​មហាផ្ទៃ ដើម្បី​សុំ​ធ្វើ​​បាតុកម្ម​ទាម​ទារ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្តល់​ហ្វ្រេ​កង់ ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​នៅ​តាម​ខេត្ត ឲ្យបាន​ដូច​បំណង​​របស់​ពលរដ្ឋ​ដែល​ចង់បាន​។​
​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា កន្លងទៅនេះ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​ដឹកនាំ​ពលរដ្ឋ​ប្រមាណ​៣០០០​នាក់​ហែ​ក្បួន ចេញ​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​​តាម​ខេត្ត ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា ​៥០០​នាក់ បាន​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង បាញ់​ទៅលើ​ក្រុមបាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន ធ្វើឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ ដែល​រងរបួស​ធ្ងន់ និង​ស្រាល​៕



No comments:

Post a Comment