អ្នកភូមិក្រីក្រចំនួន ២៦០គ្រួសារ នៅឃុំរកា ស្រុកសង្កែ ដែលនាំគ្នាទទួលស្បៀងសប្បុរសធម៌ពីប្រធានសម្ព័ន្ធសប្បុរសជនខ្មែរសហរដ្ឋអាមេរិក សង្គ្រោះអ្នកក្រីក្រ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ពលរដ្ឋក្រីក្រ ២៦០ គ្រួសារ នៅបាត់ដំបង ទទួលបានស្បៀងសប្បុរសធម៌ ពី ខ្មែរក្រៅប្រទេស
សប្បុរសជន នៅក្រៅប្រទេស បានរ៉ៃអង្គាស ថវិកា គ្នាពីក្រៅស្រុក ដើម្បីទិញស្បៀង យកជួយ អ្នកក្រីក្រ និងអ្នករងគ្រោះ ដោយសារទឹកជំនន់ ជាច្រើនគ្រួសារ នៅក្នុងខេត្តបាត់ដំបង។ ការឧបត្ថម្ភស្បៀងអង្ករនេះ គឺធ្វើដោយឈរលើគោលការណ៍ មនុស្សធម៌ និងផ្ដោតជាសំខាន់ លើផលលំបាក របស់ អ្នកភូមិ ពុំមានពាក់ព័ន្ធ ក្នុងរឿងនយោបាយ នោះឡើយ។
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៨ កុម្ភៈ ២០១៤
អ្នកភូមិក្រីក្រ និងជាអ្នករងគ្រោះដោយសារទឹកជំនន់ចំនួន ២៦០គ្រួសារ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានស្បៀងសប្បុរសធម៌ពីប្រជាពលរដ្ឋខ្មែរជាច្រើន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា។
ការផ្ដល់ស្បៀងមនុស្សធម៌នេះ បានធ្វើឡើងតាមរយៈសម្ព័ន្ធសប្បុរសជនខ្មែរសង្គ្រោះជនក្រីក្រ (K.R.F) នៅក្នុងបរិវេណវត្តជំពូព្រឹក្ស ឋិតនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ប្រធានសម្ព័ន្ធសប្បុរសជនខ្មែរសហរដ្ឋអាមេរិកសង្គ្រោះអ្នកក្រីក្រ នៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក លោក ម៉ៅ សុខា ថ្លែងថា ស្បៀងសប្បុរសធម៌មានអង្ករ មី និងទឹកស៊ីអ៊ីវ ដែលបានផ្ដល់ជូនអ្នកភូមិនេះ គឺបានមកពីការឧបត្ថម្ភរបស់ជនជាតិខ្មែរជាច្រើននាក់ រស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
លោកថា នេះជាសកម្មភាពមនុស្សធម៌របស់អ្នកនៅក្រៅស្រុក ដែលពួកគេមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរក្រីក្រក្នុងប្រទេសកម្ពុជា៖
«ខ្ញុំធ្វើដំណើរមកនេះ គឺមិនមានគំនិតផ្អៀងទៅលើគណបក្សណាមួយទេ គឺធ្វើដើម្បីផលប្រយោជន៍របស់សង្គមខ្មែរយើង។ អង្គរនេះមិនមែនជាលុយខ្ញុំផ្ទាល់ទេ គឺជាថវិការបស់បងប្អូនរួមកម្លាំងគ្នាសាមគ្គីគ្នា យកថវិកាទាំងអស់ហ្នឹងមកចែកឲ្យអ្នកក្រ ដែលរងគ្រោះដោយសារទឹកជំនន់ដែលលិចលង់ខែមុនហ្នឹង»។
ថ្វីត្បិតការធ្វើដំណើរកម្ពុជា មានភាពយឺតយ៉ាវបន្តិច ដោយសារផ្លូវឆ្ងាយ ប៉ុន្តែការផ្ដល់ស្បៀងសប្បុរសធម៌នេះអាចជួយអ្នកភូមិក្រីក្រទាំងនោះបានមួយគ្រា ហើយខ្មែរនៅក្រៅស្រុកនៅមានចិត្តអាណិតស្រឡាញ់ពលរដ្ឋខ្មែរដូចគ្នា។ លោកបន្តថា សម្ព័ន្ធសប្បុរសជនខ្មែរសហរដ្ឋអាមេរិក សង្គ្រោះអ្នកក្រីក្រ នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការចុះជួយដល់ពលរដ្ឋក្រីក្រ នៅភូមិ ឃុំ ស្រុក ខេត្តនានាថែមទៀត។
ក្នុងចំណោមអ្នកភូមិទាំង ២៦០គ្រួសារនោះ គឺជាអ្នកក្រីក្រ ខ្លះពុំមានដីស្រែបង្កបង្កើនផល និងអ្នកខ្លះទៀតមានដីស្រែតិចតួច។ តែកាលពីឆ្នាំ២០១៣ កន្លងទៅ ផលដំណាំស្រូវរបស់ពួកគាត់ខូចខាតដោយសារគ្រោះទឹកជំនន់។ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ពួកគាត់មានតែមុខរបរធ្វើស្រែ និងការនេសាទត្រីតែប៉ុណ្ណោះ។ ក្រៅពីនេះ ពុំមានការងារអ្វីផ្សេងអាចធ្វើរកបានប្រាក់កម្រៃចិញ្ចឹមជីវិតនៅក្នុងមូលដ្ឋាននោះឡើយ។
ពួកគាត់បានអះអាងដូចគ្នាថា បច្ចុប្បន្ននៅតាមភូមិ លំនៅឋានខ្លះមានសភាពស្ងាត់ ដោយសារគ្រួសារ និងកូនចៅបាននាំគ្នាចំណាកស្រុកទៅស៊ីឈ្នួលធ្វើការឲ្យគេ នៅតំបន់ព្រំដែនខ្មែរថៃ និងអ្នកទៅរកការងារនៅក្នុងទឹកដីថៃ៖ «ទៅក្រៅច្រើនពីផ្ទះនីមួយៗចង់អស់ វាអត់ពេក ដូចខ្ញុំមានទៅណាគេទេ នៅរកត្រីលក់បន្តិចបន្តួច គេនៅនេះរកស៊ីអត់កើត អត់មានអីរំពឹងប្រទេសខ្មែរ យើងមានអីគ្រាន់ថា ស៊ីឈ្នួលគេតាមស្រែអីបានតែឈ្នួលច្រូតអីហ្នឹងឯង ដល់ច្រូតរួចទៅអស់។ មនុស្សធម៌ពីខាងសហរដ្ឋអាមេរិក មកជួយនេះខ្ញុំអរគុណច្រើនណាស់»។
មេឃុំរកា លោកស្រី ស៊ឹម ពៅ ថ្លែងថា ចំនួនប្រជាពលរដ្ឋនៅក្នុងឃុំរកា មានចំនួន ២៣៤គ្រួសារ ស្មើនឹងចំនួនមនុស្សរាយជិត ១ម៉ឺននាក់។ ៧៥% នៃអ្នកភូមិមានមុខរបរធ្វើស្រែ ១៥% ជាអ្នករកស៊ី និង ១៥% ផ្សេងទៀត ប្រកបរបរដើរស៊ីឈ្នួលធ្វើការអោយគេ ដោយសារតែពុំមានដីស្រែបង្កបង្កើនផល។ លោកស្រីបន្តថា ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរកា រងគ្រោះធម្មជាតិជាបន្តបន្ទាប់៖ «២០១១ ជួបទឹកជំនន់ ២០១២ ជួបគ្រោះរាំងស្ងួត និង ២០១៣ ជួបការលំបាក ទឹកជំនន់ពីស្រុកលើមក ឃុំរបស់ខ្ញុំជួបប្រទះគ្រោះមហន្តរាយ សូម្បីវិហារក្នុងវត្តនេះ ប្រជាពលរដ្ឋពុំមានថវិកាជួយដែរ»។
នៅក្នុងបរិវេណវត្តជំពូព្រឹក្ស នោះដែរគេសង្កេតសំណង់គ្រឹះព្រះវិហារនៅក្នុងវត្តនៅជាប់គាំង មិនអាចកសាងបានឡើយ ដោយសារតែប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនោះក្រីក្រ ពុំមានលទ្ធភាពផ្ដល់បច្ច័យជួយដល់ព្រះសង្ឃបាន។ លោកស្រីបន្តថា ចំណែកឯផ្លូវប្រើប្រាស់នៅក្នុងភូមិរងការខូចខាត ដោយសារគ្រោះទឹកជំនន់ពិបាកធ្វើដំណើរ ហើយអ្នកភូមិបាននាំគ្នាធ្វើចំណាកស្រុករកការងារធ្វើ ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតនៅតំបន់ព្រំដែនខ្មែរថៃ និងនៅប្រទេសថៃ ដោយសារតែជីវភាពក្រីក្រ ព្រោះនៅក្នុងមូលដ្ឋានពុំមានការងារធ្វើ៕
No comments:
Post a Comment