សហគមន៍ ជនជាតិដើម ចំនួន១៧ គ្រោងប្តឹង វិស័យផ្តល់ប្រាក់កម្ចី របស់ ធនាគារ ពិភពលោក
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែកុម្ភៈ ឆ្នាំ2014
សហគមន៍ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ដោយការរំលោភដីធ្លីចំនួន១៧ នៅខេត្តរតនៈគិរី គ្រោងប្តឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក ដែលបានវិនិយោគជាមួយក្រុមហ៊ុន បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមភាគតិច។
សេចក្តីប្រកាសព័ត៌មាន របស់សហគមន៍ជនជាតិដើមភាគតិចទាំង១៧ ដែលVOD ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ ឲ្យដឹងថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(អាយ អេហ្វ ស៊ី) បានវិនិយោគនៅក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះ បានផ្លាស់ប្តូរទីកន្លែងរបស់សហគមន៍ជនជាតិដើមភាគតិច នៅក្នុង ប្រទេសកម្ពុជា និងឡាវ ។ ជាលទ្ធផល សហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនៈគិរី រួមមាន ចារាយ ទំពួង គ្រឹង និងកាចក់ បានបាត់បង់ទឹកដី និងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព ទំនៀមទំលាប់ ប្រពៃណី និងការរស់នៅរបស់ពួកគាត់។
សេចក្តីថ្លែងព័ត៌មានឲ្យដឹងទៀតថា ពាក្យបណ្តឹងដែលត្រៀមដាក់ទៅធនាគារពិភពលោកនោះគឺ ផ្តោតទៅលើភាពបរាជ័យរបស់ អាយ អេហ្វ ស៊ី ក្នុងការតាមដាន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបង្កពីការវិនិយោគរបស់ខ្លួន ដែលហៅថា មូលនិធិអន្តរការី ដែលតំណាងឲ្យជិតពាក់កណ្តាលនៃភាគហ៊ុនសរុបនៅទូទាំងពិភពលោក។
ជុំវិញពាក្យបណ្តឹងនេះ សហគមន៍ជនជាតិដើមភាគតិច នឹងធ្វើសន្និសិទ្ធិសារព័ត៌មាន នៅផ្ទះមេត្តា នៅរាជធានីភ្នំពេញវេលាម៉ោង ១០ព្រឹក ដោយមានការចូលរួមពីបណ្តាអង្គការសង្គមស៊ីវិល ធ្វើការផ្តោតលើសិទ្ធិដីធ្លី នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ៕
No comments:
Post a Comment