សហគមន៍ជនជាតិភាគតិចនៅខេត្តរតនគិរី ដែលដាក់ពាក្យបន្តឹងទៅធនាគារពិភពលោក (រូបថត៖ ស្រីណុច)
សហគមន៍ ជនជាតិដើមភាគតិច ចំនួន១៧ ដាក់ពាក្យបណ្ដឹង ទៅធនាគារពិភពលោក ករណីបាត់បង់ដីធ្លី
ដោយ៖ ជន ស្រីណុច | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014
សហគមន៍ជនជាតិដើមភាគតិចចំនួន១៧ភូមិ ក្នុងខេត្តរតនគិរី នៅថ្ងៃចន្ទនេះ បានដាក់ពាក្យបណ្តឹងមួយទៅធនាគារពិភពលោក ដោយអំពាវនាវសុំជំនួយពីធនាគារក្នុងការទាមទារយកដីត្រឡប់មកវិញ ដោយចោទថា ក្រុមការងាររបស់ធនាគារ មានជាប់ពាក់ព័ន្ធក្នុងការឈូសឆាយដីធ្លីរបស់ប្រជាជនជនជាតិដើមភាគតិច ដោយខុសច្បាប់។
សេចក្តីថ្លែងការណ៍របស់ពលរដ្ឋ ចុះថ្ងៃទី១០ ខែកុម្ភៈ ឲ្យដឹងថា ធនាគារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (អាយ អេហ្វ ស៊ី) បានវិនិយោគជាមួយក្រុមហ៊ុនមួយចំនួន ដែលកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ព្រមទាំងគោលនយោបាយការពារសង្គម និងបរិស្ថានរបស់ខ្លួនផងដែរ។ ការវិនិយោគនេះ បានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិច រួមមានចារ៉ាយ ទំពួន កាចក់ និងគ្រឹង បានបាត់បង់ដីធ្លី និងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកត្តាជីវភាព វប្បធម៌ និងការរស់នៅតាមបែបប្រពៃណីជនជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃចន្ទនេះ តំណាងសហគមន៍ជនជាតិដើមភាគតិចកាចក់ម្នាក់ លោក សល់ ហ្នើយ មានប្រសាសន៍ថា បន្ទាប់ពីធនាគារ អាយ អេហ្វ ស៊ី បានធ្វើការវិនិយោគជាច្រើននាំឲ្យប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិច បាត់បង់ទីជម្រក ការប្រកបមុខរបរ និងរងការគំរាមកំហែង ដូចជាបាញ់សម្លុតជាដើម។ លោកបន្តថា លុយរបស់ធនាគារ ដែលកំពុងប្រើប្រាស់ គឺធ្វើឲ្យបំផ្លិចបំផ្លាញរបៀបនៃការរស់នៅ របស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង «អ្នកណាដែលពូកែខ្លំាងជាងគេ គេចាប់អ្នកហ្នឹងដាក់គុក បញ្ហាមួយទៀតដល់ពេលខ្ញុំទៅឃាត់ ទៅប្រាប់ពួកគេឈួសឆាយអាប៊ុលវៀតណាមហ្នឹងមានប៉ូលិសប៉េអឹមទៀត ថ្ងៃបីខែមួយឆ្នំា២០១២ ថ្ងៃត្រង់គេបាញ់ខ្ញុំពីរគ្រាប់បាញ់បញ្ឈិតលើដី»។
តំណាងសហគមន៍ម្នាក់ទៀត លោក សូ សុផាត មានប្រសាសន៍ថា ធនាគារពិភពលោក ក៏ដូចជាធនាគារអាយ អេហ្វ ស៊ី បានផ្តល់លុយឲ្យក្រុមហ៊ុនហេងប្រាឌើរ យកទៅអភិវឌ្ឍន៍លើដីសហគមន៍របស់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់រងនូវផលប៉ះពាល់ជាច្រើន ជាពិសេសធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណ របស់ជនជាតិដើមភាគតិច «មកថ្ងៃនេះ ដើម្បីដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុនហេងប្រាឌើរហ្នឹង ឲ្យម្ចាស់លុយទំាងអស់ហ្នឹងពិចារណាលើលុយខ្លួនផង ពីព្រោះលុយទំាងអស់នេះ វាមកមិនមកបំរើផលប្រយោជន៍ប្រជាកសិករយើងខ្ញុំទេ គឺលុយហ្នឹងមកបំផ្លាញប្រជាពលរដ្ឋ តំបន់ជនជាតិដើមភាគតិចយើងខ្ញុំ»។
នាយកប្រតិបត្តិអង្គការសមធម៌ លោក អៀង វុទ្ធី មានប្រសាសន៍ថា បញ្ហានេះ លោកបានដាក់ពាក្យបណ្តឹងទៅមេភូមិ មេឃុំ ស្រុក ខេត្តនៅទីនោះ ដើម្បីដោះស្រាយទាន់ពេលវេលា តែមិនមានការឆ្លើយតបមកវិញទេ។ លោកសំណូមពរឲ្យរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនគិតគួរឡើងវិញ មុននឹងធ្វើការអភិវឌ្ឍន៍កន្លែងណាមួយ ព្រោះអាចនាំផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ «រដ្ឋាភិបាលដែលផ្តល់ដីសម្បទានហ្នឹងយើងឃើញថាខុស ព្រោះថាដីបួនម៉ឺនជាងហិកតាទៅឲ្យក្រុមហ៊ុនមួយ ចឹងវាខុសច្បាប់ទៅហើយ ច្បាប់សម្បទានសេដ្ឋកិច្ចរបស់យើង ហើយក្រុមហ៊ុនខ្លួនឯងក៏ត្រូវតែតាមដាន ថាតើក្រុមហ៊ុនហ្នឹងបានធ្វើការគោរពទៅលើគោលនយោបាយច្បាប់ជាតិឬក៏អត់»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គ្រប់ពេលដែលរដ្ឋាភិបាលផ្តល់សម្បទានដីដល់ក្រុមហ៊ុនវិនិយោគ តែងតែសិក្សាច្បាស់លាស់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកបន្តថា ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រុមការងារថ្នាក់ជាតិនឹងចុះទៅសិក្សាដល់មូលដ្ឋាន ពីបញ្ហារបស់ប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋដែលមានបញ្ហាអាចតវ៉ាបានពេលនោះ «ការតវ៉ាការតតំាងត្រូវពិនិត្យសាជាថ្មី ចំពោះការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ពីរអាទិត្យខាងមុខនេះ ក្រុមការងារថ្នាក់ជាតិចុះទៅដល់ តាមកន្លែងហើយប្រជាពលរដ្ឋទំាងអស់នោះ លោកអាចនឹងធ្វើការតតំាងប្រាប់អំពីការមិនពេញចិត្ត ទុក្ខកង្វល់តាមវេទិការទៅតាមមូលដ្ឋាន»។
VOD មិនអាចទាក់ទងមន្ត្រីធនាគារ អាយ អេហ្វ ស៊ី បានទេ ។
សេចក្តីថ្លែងការណ៍ សហគមន៍ជនជាតិដើមភាគតិច ឲ្យដឹងថា ពីមុនខេត្តរតនគិរី ឈ្មោះថា ជាខេត្តដែលសម្បូរទៅដោយព្រៃឈើ តែបច្ចុប្បន្នព្រៃឈើទាំងនោះ ត្រូវបានធ្លាក់ចុះយ៉ាងកំហុក ដោយសារតែការផ្តល់សម្បទានដីសេដ្ឋកិច្ច យ៉ាងច្រើនដល់ក្រុមហ៊ុនឯកជន ជាពិសេស សម្រាប់ដំណាំកៅស៊ូ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលបានទទួលផលប្រយោជន៍ពីការផ្តល់សម្បទានដីទាំងនេះ គឺក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (ហ័ងអាញ់) ដែលគ្រប់គ្រងផ្ទៃដីរហូតដល់ ៥% នៃផ្ទៃដីខេត្តទាំងមូល ដែលត្រួត ឬជាន់លើដីរបស់សហគមន៍ជនជាតិភាគតិចប្រើប្រាស់៕
No comments:
Post a Comment