Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

កសិករ ក្រីក្រ​​ខ្លះ​ នៅ​ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ គ្មាន​ដី​ បង្កបង្កើន​ផល

កសិករ ក្រីក្រ​​ខ្លះ​ នៅ​ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ គ្មាន​ដី​ បង្កបង្កើន​ផល

ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៩ កុម្ភៈ ២០១៤
ការ​អត់​ដី​កសិកម្ម​និង​​ពុំ​មាន​ដី​ស្រែ​បង្កបង្កើន​ផល​គ្រប់គ្រាន់​ គឺ​ជា​កត្តា​ដ៏​ចម្បង​មួយ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កសិករ​ងើប​រួច​ផុត​ពី​ភាព​ក្រីក្រ​បាន​ឡើយ។ លើស​ពី​នេះ​ទៀត​ គ្រួសារ​កសិករ​មួយ​ចំនួន​នាំ​គ្នា​លក់​ដីស្រែ​ដែល​មាន​តិចតួច​នោះ​ ទៅ​ឱ្យ​អ្នក​មាន​លុយ​កាក់​ដើម្បី​យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។
ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​​ បាន​ល្ងាច​​ខ្វះ​ព្រឹក និង​វិបត្តិ​អត់​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​ថែម​ទៀត​នោះ វា​ប្រាកដ​ណាស់​នឹង​រុញ​ច្រាន​ឲ្យ​គ្រួសារ​នីមួយៗ ប្រឈម​ជាមួយ​បញ្ហា​​យ៉ាង​ច្រើន​ទាក់ទិន​ទៅ​នឹង​​ជីវភាព​ប្រចាំ​ថ្ងៃ។ បញ្ហា​នេះ​ក៏​បង្កើត​ឲ្យ​មាន​ភាព​ទាល់ច្រក។ នៅ​ពេល​មាន​ភាព​ទាល់ច្រក​ចូល​មក​ដល់ នៅ​គ្រា​នោះ ​ជម្រើស​ចុង​ក្រោយ​មួយ​នឹង​កើត​មាន​ឡើង​ចំពោះ​មនុស្ស​ម្នាក់ ឬ​ក្រុម​គ្រួសារ​នីមួយៗ។
យ៉ាងណាមិញ វិបត្តិ​នេះ​កំពុង​កើត​មាន​ឡើង​ទៅ​លើ​អ្នក​ភូមិ​ក្រីក្រ​មួយ​ចំនួន រស់​នៅ​តំបន់​ទំនាប ជាប់​ដែន​ទឹក​បឹង​ទន្លេសាប ជាក់​ស្ដែង​ដូច​ជា​​អ្នក​ភូមិ​មួយ​ចំនួន​រស់​នៅ​ក្នុង​ឃុំ​តាប៉ុន និង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លះ​បាន​នាំ​គ្នា​លក់​ដី​ស្រែ​ដែល​មាន​បន្តិចបន្តួច​នោះ​ទៅ​ឲ្យ​គេ​ទាំង​សោកស្ដាយ​ ដើម្បី​បាន​ប្រាក់​យក​ទៅ​ដោះស្រាយ​ភាព​ទាល់ច្រក​នៅ​ក្នុង​ក្រុម​គ្រួសារ។
នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បង្ហាញ​ថា មាន​កត្តា​ចាំបាច់​មួយ​ចំនួន​ដែល​ញ៉ាំង​ឲ្យ​ពួកគាត់​​បង្ខំ​ចិត្ត​លក់​ដី​ស្រែ។ ក្នុង​នោះ​មាន​ដូចជា​ការ​មាន​​ដី​ស្រែ​តិច​តូច ធ្វើ​ស្រែ​មិន​បាន​ផល​ច្រើន ដំណាំ​ស្រូវ​ជួប​គ្រោះ​ធម្មជាតិ​ផ្ទួនៗ​គ្នា ជីវភាព​ក្រ​ខ្សត់ និង​ជាពិសេស​គឺ​​ការ​ជំពាក់​បំណុល​គេ៖ «ធ្វើ​ស្រែ​ភាគ​តិច​ទេ អ្នក​អត់​ភាគ​ច្រើន។ គ្នា​អត់​លក់​ស្រែ​លក់​អី​អស់​ទៅ ដោយសារ​គ្មាន​អី​ហូប ដី​ស្រែ​មាន​របប​តិច មាន​ពីរ​រ៉ៃ លិច​ទឹក​រក​អី​ហូប​មិន​បាន​ដាក់​ឲ្យ​គេ​ដាច់​ទៅ អ្នក​មាន​នៅ​នេះ​គេ​ទិញ​បន្តិចៗ​ទៅ ១​រ៉ៃ ២​រ៉ៃ»
ការ​បោះ​ទីតាំង​​លំនៅឋាន​រស់​នៅ​របស់​អ្នក​ស្រុក​ក្នុង​ខេត្ត​បាត់ដំបង មាន​ស្ថានភាព​ខុស​គ្នា។ នៅ​តាម​ស្រុក​ខ្លះ​ អ្នក​ភូមិ​អាច​មាន​ទាំង​ដី​ស្រែ​និង​ដី​ចម្ការ​បង្កបង្កើន​ផល​ដំណាំ​ផ្សេងៗ​បាន​ច្រើន​រដូវ​ ទាំង​ខួប​ប្រាំង​និង​ខួប​វស្សា​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​ផល​ច្រើន​ និង​​មាន​ជីវភាព​ធូរធារ​បាន។
ចំណែក​ឯ​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ស្រុក​ជាប់​បឹង​ទន្លេសាប គឺ​មាន​តែ​មុខ​របរ​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា ឬ​នៅ​រដូវ​ទឹក​ឡើង​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ​អ្នក​ភូមិ​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជា​បន្ទាប់​បន្សំ​បាន​ខ្លះ​ដែរ​ ប៉ុន្តែ​នៅ​រដូវ​ប្រាំង​ ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ពុំ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ឡើយ។
ជាក់​ស្ដែង​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​តិចតួច​នៅ​ក្នុង​ឃុំ​តាប៉ុន​ និង​ឃុំ​រកា ស្រុក​សង្កែ​ បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ​ និង​ទៅ​ស្រុក​ថៃ​ ជា​រៀង​រាល់​ឆ្នាំ​ ស្ទើរ​ស្ងាត់​ពី​ភូមិ៖ «អ្នក​មាន​ស្រែ​គេ​ធ្វើ​ស្រែ អ្នក​អត់​មាន​ស្រែ​ដើរ​ធ្វើ​កសិករ​ស៊ី​ឈ្នួល​គេ។ ក្នុង​ជីវភាព​អ្នក​ខ្លះ គ្រាន់​ទៅ​អ្នក​ខ្លះ​លំបាក​ទៅ​ លំបាក​មិន​សូវ​មាន​ការ​ងារ ពុំ​មាន​លុយ​កាក់ ជីវភាព​មិន​សូវ​មាន។ ពេល​អត់​ការងារ​ធ្វើ​រក​ការងារ​នៅ​ជាយ​ដែន»
ទោះ​បី​គេ​ពុំ​បាន​ដឹង​ពី​ចំនួន​គ្រួសារ អត់​ដីស្រែ និង​ចំនួន​អ្នក​លក់​ដី​ស្រែ​ធ្វើ​ចំណាក​ស្រុក​ជាក់លាក់​ក៏​ដោយ ប៉ុន្តែ​ស្ថានភាព​ក្រ​លំបាក​របស់​អ្នកភូមិ​នេះ​ បាន​កើត​មាន​ជា​រៀងរាល់​ឆ្នាំ។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន ចាប់​ពី​ថ្នាក់​ឃុំ​ស្រុក​រហូត​ដល់​ខេត្ត​ គេ​សង្កេត​ឃើញ​ថា ពុំ​មាន​លទ្ធផល​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ។
មេ​ឃុំ​រកា លោកស្រី ស៊ឹម ពៅ បាន​ទទួល​ស្គាល់​ថា ស្ថានភាព​ក្រ​លំបាក​របស់​អ្នក​ភូមិ​កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​មូលដ្ឋាន។ កន្លង​មក​ លោកស្រី​ថា​រដ្ឋាភិបាល​បាន​ចែក​ដី​ស្រែ​ឲ្យ​​អ្នក​ភូមិ​​បង្កបង្កើន​ផល​ បាន​គ្រប់គ្នា​ ប៉ុន្តែ​ក្នុង​រយៈ​ជា​បន្តបន្ទាប់​មក​នេះ​ ក្រុម​អ្នក​ភូមិ​នោះ អ្នក​ខ្លះ​បាន​លក់​ដី​ស្រែ​ទាំង​នោះ​ធ្វើ​ចំណាក​ចេញ​ពី​ភូមិ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង៖ «កាល​ពី​សម័យ​មុន​មក​ពួក​ខ្ញុំ​បាន​បែងចែក​រំលែក​ហើយ​ គាត់​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ លក់​ដី​ស្រែ​ចម្ការ​នៅ​ស្រុក​ក្រៅ ប៉ុន្តែ​ស្រែ​របប​ចែក​គាត់​មាន​អស់​ហើយ ជួន​កាល​គាត់​នៅ​ ជួនកាល​គាត់​មាន​ជំងឺ​ឈឺ​ធ្ងន់​ទៅ​ ជួប​គ្រោះ​ទឹក​ជំនន់ រាំង​ស្ងួត និង​មុខ​របរ​គាត់​ចូល​តិច»
ក្រៅ​ពី​រឿង​លំហូរ​អ្នក​ភូមិ​នាំ​គ្នា​លក់​ដីស្រែ​ធ្វើ​​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ នៅ​មាន​អ្នក​ភូមិ​ខ្លះ​ទៀត​ ពុំ​មាន​ដី​ស្រែ​ដាំ​ស្រូវ​តែ​ម្ដង។
បុរស​វ័យ​ចំណាស់​ពិការ​ជើង​ម្នាក់​បាន​រៀបរាប់​ថា ​រូប​គាត់​ជា​អតីត​អ្នក​ភូមិ​ខ្មែរ​ក្រហម​ ក្រោយ​ពី​រដ្ឋាភិបាល​ធ្វើ​សមាហរណកម្ម​កាល​ឆ្នាំ​១៩៩៦ នោះ​មក​ រូប​គាត់​បាន​ចេញ​ពី​ព្រៃ​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​វិញ​ ប៉ុន្តែ​គ្រួសារ​គាត់​ពុំ​មាន​ដីស្រែ​បង្ក​បង្កើន​សោះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​លោក​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ហើយ​រាល់​ថ្ងៃ​ ជីវភាព​គ្រួសារ​គាត់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​វា​លំបាក​មួយ​ចង់​អត់​មាន​ស្រែ​ភ្លឺ​ធ្វើ​នឹង​គេ ព្រោះ​ខ្ញុំ​នៅ​ខាង​ព្រៃ​ចូល​មក​អត់​មាន​របស់​របរ​ប្រើ​នឹង​គេ​ ដូច​ខ្ញុំ​ទៅ​ណា? នៅ​រក​ត្រី​លក់​បន្តិចបន្តួច​ អត់​មាន​អី​រក​ បើ​ថា ស៊ី​ឈ្នួល​គេ​តាម​ស្រែ​បាន​ឈ្នួល​ច្រូត​អី​ហ្នឹង​ឯង​ អោយ​តែ​ច្រូត​រួច​ទៅ​អស់...។ និយាយ​អោយ​ចំ​ទៅ​ដី​បាន​ទៅ​លើ​អ្នក​មាន អ្នក​ធំ​ដែល​គ្រប​ដណ្ដប់​យក​របស់​អ្នក​ក្រីក្រ»
ប្រធាន​សម្ព័ន្ធ​សប្បុរសជន​ខ្មែរ​សហរដ្ឋ​អាមេរិក​ សង្គ្រោះ​អ្នក​ក្រីក្រ​នៅ​ទីក្រុង​ឡងប៊ិច នៃ​សហរដ្ឋអាមេរិក​ លោក ម៉ៅ សុខា បាន​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ប្រឈម​ទៅ​នឹង​ភាព​ក្រីក្រ។ មូលហេតុ​នេះ​ លោក ​យល់​ថា បណ្ដាល​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម។ នៅ​តាម​ទី​ជន​បទ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​ពួកគេ​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ ទោះ​បី​ប្រទេស​មួយ​នេះ​ទទួល​បាន​សុខ​សន្តិភាព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ។
លោក ម៉ៅ សុខា៖ «ចំណាប់​អារម្មណ៍​គឺ​ថា ប្រជាជន​ខ្មែរ​យើង​នៅ​តែ​ក្រីក្រ គាត់​មិន​អាច​គ្រប់គ្រង​ក្រុម​គ្រួសារ​គាត់​បាន​ ដោយ​ប្រទេស​ជាតិ​មាន​ការ​ខ្វះខាត​នូវ​ឧស្សាហកម្ម និង​ខាង​កសិកម្ម និង​រដ្ឋាភិបាល​យើង​គ្រប់គ្រង​អត់​បាន​ម៉ត់ចត់»
កន្លង​ទៅ​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ ៥​ឆ្នាំ រំកិល​ទៅ​ថ្នាក់​មូលដ្ឋាន​ឃុំ​សង្កាត់​ដើម្បី​រៀបចំ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ​ក្នុង​រយៈពេល​កន្លង​មក​នេះ​ គេ​សង្កេត​ឃើញ​ថា យុទ្ធសាស្ត្រ​នេះ​មាន​ភាព​យឺតយ៉ាវ​បំផុត។ សូម្បី​តែ​ផ្លូវ​លំនៅ​នៅ​តាម​មូលដ្ឋាន​ទាំង​នោះ នៅ​តែ​មាន​ស្ថានភាព​លំបាក​ពី​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​មិន​ទាន់​និយាយ​ទៅ​ដល់​កង្វះ​ខាត​ទីផ្សារ​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ផង។
ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ក្រុម​អ្នក​ភូមិ​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត​ គ្រោះ​ទឹក​ជំនន់​ រដ្ឋាភិបាល​តែង​តែ​ចុះ​ផ្ដល់​ជំនួយ​ជា​ស្បៀង​និង​សម្ភារៈ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។ ការ​ផ្ដល់​អំណោយ​ ការ​ឧបត្ថម្ភ​ស្បៀង​ សប្បុរសធម៌​របស់​រដ្ឋាភិបាល​ និង​ក្រុម​អង្គការ​មនុស្សធម៌​ផ្សេងៗ​នោះ​ គឺ​ជា​ផ្អែក​មួយ​ក្នុង​ការ​ជួយ​ពួកគេ​បាន​មួយ​គ្រា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​មាន​ដី​ស្រែ​បង្កបង្កើន​ផល​គ្រប់គ្រាន់​ និង​ការ​ដែល​​ប្រជាពលរដ្ឋ​​មាន​ការងារ​ធ្វើ​នៅ​តាម​​មូលដ្ឋាន ឬ​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រប់គ្រាន់​ វា​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​ជួយ​សង្គ្រោះ​ភាព​ក្រីក្រ​​បាន៕



No comments:

Post a Comment