Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

ពលរដ្ឋ​ បារម្ភ​ ពី​ការ​អភិវឌ្ឍ​ តំបន់​ទេសចរណ៍​ នៅ​កែប​ ធ្វើ​ឲ្យ​ បាត់​បង់​ព្រៃ​កោងកាង

សមុទ្រ​កែប ៦១០
ទិដ្ឋភាព​នៅ​មាត់​សមុទ្រ​ទីក្រុង​កែប នា​ខេត្ត​កែប។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៣

ពលរដ្ឋ​ បារម្ភ​ ពី​ការ​អភិវឌ្ឍ​ តំបន់​ទេសចរណ៍​ នៅ​កែប​ ធ្វើ​ឲ្យ​ បាត់​បង់​ព្រៃ​កោងកាង

ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២០ កុម្ភៈ ២០១៤
ខេត្ត​កែប ទើប​កើត​ឡើង​ក្រោយ​ពេល​កាត់​ចេញ​ពី​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត​កំពត។ អាជ្ញាធរ​កំពុង​អភិវឌ្ឍ​ខេត្ត​នេះ​អោយ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍។ ប៉ុន្តែ ការ​អភិវឌ្ឍ​តំបន់​ធម្មជាតិ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​កោងកាង ជា​រុក្ខជាតិ​ដែល​ជួយ​ផ្តល់​ជម្រក​ដល់​សត្វ​សមុទ្រ។
ប្រជា​សហគមន៍​នេសាទ និង​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ព្រៃ​កោងកាង កំពុង​រង​នូវ​ការ​បាត់​បង់​បន្តិច​ម្តងៗ ដោយ​ការ​អភិវឌ្ឍ​នៅ​ក្រុង​កែប។
ការ​ព្រួយ​បារម្ភ​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ដី​ស្រែ​អំបិល នៅ​ក្នុង​ក្រុង​កែប មាន​ទំហំ ២៧​ហិកតារ កំពុង​កែប្រែ​ទៅ​ជា​ដី​សំណង់​លំនៅឋាន ដោយ​ការ​ចាក់​ពង្រីក​ដី​ប៉ះពាល់​ព្រៃ​កោងកាង។
នាយក​អង្គការ​សហប្រតិបត្តិការ​បរិស្ថាន និង​ទេសចរណ៍ លោក ទែង ជារតនា ថ្លែង​ថា រាល់​ការ​អភិវឌ្ឍ គួរ​តែ​ធ្វើ​ឲ្យ​តំបន់​មួយ​ផ្លាស់​ប្ដូរ​ពី​មិន​ល្អ ទៅ​ជា​ល្អ ហើយ​ក៏​ត្រូវ​តែ​ជួយ​ថែ​រក្សា​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឆ្នេរ​ដែរ។ ការ​អភិវឌ្ឍ​មិន​គួរ​បំផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃ​កោងកាង ដែល​ជា​ព្រៃ​កម្រ ហើយ​វា​ដុះ​តែ​នៅ​តំបន់​ឆ្នេរ​សមុទ្រ៖ «ចាក់​ដី​លប់​បំបាត់​ដី​ព្រៃ​កោងកាង នេះ បើ​យើង​និយាយ​ទៅ​វា​បាត់​បង់​ធនធាន​ដ៏​កម្រ ព្រោះ​ព្រៃ​កោងកាង វា​មិន​មាន​គ្រប់​ទី​កន្លែង​ទេ បើ​វា​មាន​តែ​នៅ​តំបន់​ឆ្នេរ និង​តំបន់​មាត់​សមុទ្រ»
ប្រធាន​សហគមន៍​នេសាទ​ក្រុង​កែប លោក ចក់ នី ថ្លែង​ថា ព្រៃ​កោងកាង ទំហំ ២៧៩​ហិកតារ គឺ​សហគមន៍​នេសាទ​មាន​ច្បាប់​ឲ្យ​គ្រប់គ្រង កាល​ពី​ឆ្នាំ​២០១៣។ នៅ​ពេល​បច្ចុប្បន្ន​មាន​ផ្ទៃដី​ព្រៃ​មួយ​ចំនួន បាន​កាត់​យក​ធ្វើ​ផ្លូវ​ថ្នល់ និង​មួយ​ចំនួន​ចែក​ឲ្យ​មន្ត្រី​ក្នុង​ក្រុង​កែប អភិវឌ្ឍ។ លោក​ថា ដោយសារ​បញ្ហា​នេះ ធនធាន​សត្វ​សមុទ្រ​បាន​ថយ ព្រោះ​ព្រៃ​កោងកាង បាត់​បង់​បណ្ដើរៗ ស្រប​ពេល​អ្នក​នេសាទ​ក្នុង​ស្រុក​ប្រើ​ឧបករណ៍​ខុស​ច្បាប់ និង​មាន​ជន​បរទេស​លួច​ប្រើ​ឧបករណ៍​នេសាទ​ទំនើប លួច​ចូល​ចាប់​ធនធាន​សមុទ្រ​អនាធិបតេយ្យ​ដែរ៖ «គេ​ប្រាប់​សហគមន៍​ថា ឥឡូវ​ពី​ខាង​ក្រោម​ថ្នល់​ហ្នឹង គឺ​របស់​សហគមន៍​ហើយ ពី​ខាង​លើ អា​ហ្នឹង​មិន​មែន​ទេ ជា​ដី​របស់​គេ​ទេ គេ​ប្រាប់​ថា​អ៊ីចឹង»
មន្ត្រី​មន្ទីរ​សុរិយោដី និង​សំណង់ ខេត្ត​កែប លោក ម៉ៅ សុខា ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ចាក​ដី​នោះ​មិន​ប៉ះពាល់​ដី​ព្រៃ​កោងកាង ទេ។ ម្ចាស់​ដី​ស្រែ​អំបិល សុំ​កែប្រែ​ដី​ពី​ផលិត​អំបិល ដែល​បាន​ទុក​ចោល​យូរ​ឆ្នាំ ទៅ​ជា​ដី​លំនៅឋាន​វិញ។ លោក​អះអាង​ថា ដី​ផលិត​អំបិល​ពី​មុន​មាន​ទំហំ ២៧​ហិកតារ ដី​នោះ​ជា​ដី​ដែល​មាន​ច្បាប់​ត្រឹមត្រូវ មិន​បង្ក​ឲ្យ​ប៉ះពាល់​ព្រៃ​កោងកាង ឡើយ៖ «ដី​ហ្នឹង​ដី​ស្រែ​អំបិល​របស់​គេ អ៊ីចឹង​ដី​ហ្នឹង​វា​ដូច​ថា ផលិត​អំបិល​មិន​សូវ​បាន​អ៊ីចឹង គេ​ក៏​សុំ​ទៅ​ខាង​រាជ​រដ្ឋាភិបាល សុំ​ដូរ​ដី​ពី​ដី​ស្រែ​អំបិល ទៅ​ជា​ដី​សាងសង់​សម្រាប់​ធ្វើ​វិស័យ​អេកូ​ទេសចរណ៍។ បើ​ជា​ដី​ព្រៃ​កោងកាង ខ្ញុំ​ទៅ​ចាប់​មុន​គេ​ហើយ»
ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​កែប លោក យស់ មុន្នី ថ្លែង​ថា បច្ចុប្បន្ន​ក្រុង​កែប កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ​ដើម្បី​ទាក់ទាញ​ទេសចរ។ ហេតុ​នេះ ការ​ទុក​ដី​ផលិត​អំបិល មិន​សូវ​មាន​សោភ័ណភាព​សម្រាប់​ភ្ញៀវ​ឡើយ ទើប​មាន​ការ​សុំ​ផ្លាស់​ប្ដូរ​ដី ដើម្បី​អភិវឌ្ឍ​ជា​សំណង់​ផ្សេងៗ ប៉ុន្តែ​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ ជា​រឿង​រំលោភ​ច្បាប់៖ «វា​ចូល​បទ​ល្មើស​ហើយ បើ​សិន​គាត់​ចាក់​លប់​ព្រៃ​កោងកាង»
អភិបាល​រង​ខេត្ត​កែប និង​ជា​អ្នក​នាំ​ពាក្យ​ផ្នែក​ទេសចរណ៍ អ្នកស្រី គង់ ចំរើន ថ្លែង​ថា នៅ​ក្នុង​ក្រុង​កែប កំពុង​ចាក់​ខ្សាច់​អភិវឌ្ឍ​តំបន់​ឆ្នេរ បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ។ នៅ​ក្នុង​ក្រុង​កែប ដែរ ក៏​មាន​ការ​សុំ​កែប្រែ​ដី​ស្រែ​អំបិល ទៅ​ជា​ដី​លំនៅឋាន​កំពុង​ចាក់ និង​ពង្រាប​ដី​នោះ​ដែរ។ អ្នកស្រី​មិន​ទាន់​ដឹង​ថា ការ​ចាក់​ដី​ប្រែ​ពី​ស្រែ​អំបិល ទៅ​ជា​សំណង់​ផ្សេង​នោះ ប៉ះពាល់​ព្រៃ​កោងកាង ឬ​អត់​ទេ៖ «ចាក់​ខ្សាច់​កន្លែង​ឆ្នេរ ជា​កន្លែង​ឆ្នេរ​លេង​ទឹក​រាល់​ថ្ងៃ»
ពាក់ព័ន្ធ​ការ​ចាក់​ដី​លប់​ប៉ះពាល់​ព្រៃ​កោងកាង នៅ​ភូមិ​កែប ក្រុង​កែប ខេត្ត​កែប នោះ ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ ហើយ​លោក​កំពុង​ប្រជុំ​ជាមួយ​មន្ត្រី​មក​ពី​តំបន់​អាស៊ាន នៅ​ភ្នំពេញ។
ប្រជា​នេសាទ​ខេត្ត​កែប ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​កែប ក្រុង​កែប កំពុង​មាន​សកម្មភាព​ចាក់​ដី​លប់​ព្រៃ​កោងកាង ច្រើន​ហិកតារ ដែល​ដុះ​នៅ​ជាប់​ស្រែ​អំបិល។ ការ​ចាក់​ដី​នោះ គឺ​មិន​ចាក់​លើ​ដី ដែល​ផលិត​អំបិល​ពី​មុន​ទេ គឺ​ចាក់​ពង្រីក​ដី​នៅ​ជាប់​ស្រែ​អំបិល​ធំ​ជាង ២៧​ហិកតារ ដែល​ធ្លាប់​ផលិត​អំបិល​ពី​មុន។
រហូត​មក​ដល់​ពេល​នេះ មិន​មាន​មន្ត្រី​សាលា​ខេត្ត​កែប និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ឬ​ស្ថាប័ន​ណា​មួយ​បញ្ជាក់​អំពី​ទំហំ​ដី​ចាក់​លប់​ព្រៃ​កោងកាង អស់​ចំនួន​ប៉ុន្មាន​ហិកតារ​នៅ​ឡើយ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កែប៕



No comments:

Post a Comment