Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

​សាលាដំបូង​ រាជធានី​ភ្នំពេញ លើក​ពេល​ ប្រកាស​សាលក្រម​ ករណី​ហិង្សា​ ក្បែរ​ស្ពាន​ក្បាលថ្នល់ ទៅ​សប្តាហ៍​ក្រោយ​​


សាលាដំបូងរាជធានីភ្នំពេញ (រូបថត៖ តាំង វីដា)

​សាលាដំបូង​ រាជធានី​ភ្នំពេញ លើក​ពេល​ ប្រកាស​សាលក្រម​ ករណី​ហិង្សា​ ក្បែរ​ស្ពាន​ក្បាលថ្នល់ ទៅ​សប្តាហ៍​ក្រោយ​​


ដោយ៖​ តាំង វីដា​​ / វីអូឌី | ថ្ងៃសុក្រ ទី21 ខែកុម្ភៈ ឆ្នាំ2014

សាលាដំបូង​រាជធានី​ភ្នំពេញ លើក​ពេល​ប្រកាស​សាលក្រម លើ​សំណុំរឿង​ជនជាប់ចោទ ៦​នាក់ ដែល​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាងកងកម្លាំងសមត្តកិច្ច និងក្រុមបាតុករ​នៅ​ស្ពាន​ក្បាលថ្នល់ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ទៅ​សប្តាហ៍​ក្រោយ​។​
​កាលពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើការ​កាត់ក្តី​លើ​ជនជាប់ចោទ​ទាំង ៦​នាក់ ហើយ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ​នេះ​។​
​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ​នេះ ចៅក្រម​សាលាដំបូង​លោក ​សេង នាង បាន​ប្រកាស​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​វិញ ដោយ​លើក​ហេតុផល​ថា ចៅក្រម​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ពិចារណា​។​
លោក អំ សំអាត មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ ​លីកាដូ ធ្លាប់​មានប្រសាសន៍ថា សំណុំរឿង​នេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​ជន​ទាំង ​៦​នាក់​នេះ បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ទាមទារ​សំណង​អ្វី​ដែរ​។ លោក​រំពឹង​ថា តុលាការ​នឹង​ដោះលែង​ជន​ទាំង​៦​នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ​។​
​ទាក់ទង​នឹង​ករណី​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ កន្លងទៅនេះ អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី (Human Rights Watch) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង និង​ទម្លាក់ចោល​បទ​ចោទ​មនុស្ស ៦​នាក់​នេះ ដោយ​ថា​ពួកគេ​ភាគច្រើន​ជា​មនុស្ស​មិន​ទាន់​ពេញវ័យ និង​ជា​ជន​គ្មាន​កំហុស​។ អង្គការ Human Rights Watch ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា ប្ដឹង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​បាន​ប្រើ​អាវុធ បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​ជាច្រើន​នាក់ ទៅ​តុលាការ​ជំនួស​វិញ​។​
ជនជាប់ចោទ​ទាំង ៦​នាក់​នោះ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។
ពួកគេ​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ស្ពាន​ក្បាលថ្នល់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣​។ តែ​ទោះ​យ៉ាងណា ជនជាប់ចោទ ៥​នាក់ ក្នុងចំណោម ៦​នាក់​នោះ ត្រូវបាន​តុលាការ​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ជនជាប់ចោទ​ម្នាក់​ទៀត ដែល​ជា​ជនជាតិ​វៀតណាម កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ​៕



No comments:

Post a Comment