Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

កម្មករ​ រោងចក្រ​ ហ្គោលឌិន ផ្លាស​ ធ្វើ​កូដកម្ម

កម្មករ​ រោងចក្រ​ ហ្គោលឌិន ផ្លាស​ ធ្វើ​កូដកម្ម

កម្មករ​ ដេរ​សំលៀកបំពាក់​ នៅ​រោងចក្រ ហ្គោលឌិន ផ្លាស (Golden Plus) ជាង ៣០០​នាក់ បាន​នាំ​គ្នា​ តវ៉ា​ ឲ្យ​ ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ ១៧​ចំណុច ដោយ​ការ​ឈរ​នៅ​ខាង​មុខ​រោងចក្រ​ ដែល​ស្ថិត​នៅ​ភូមិ​បឹងក្អែក ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ពួកគេ​ បាន​តវ៉ា​បែប​នេះ​ចំនួន ៣​ថ្ងៃ​ ជាប់​គ្នា​មក​ហើយ តែ​ពុំ​មាន​ ដំណោះស្រាយ​ឡើយ។
ដោយ ខែ សុណង / អាស៊ីសេរី | ០៥ កុម្ភៈ ២០១៤
ក្រុម​កម្មករ​ដែល​ចេញ​តវ៉ា​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា ទាមទារ​ឲ្យ​ថៅកែ​បើក​លុយ​បន្ថែម​ម៉ោង​ឲ្យ​ពួកគេ កំពុង​រង់ចាំ​ការ​ដោះស្រាយ​ពី​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល ដែល​ចូល​ជួប​ភាគី​តំណាង​រោងចក្រ។
កម្មការិនី ពលៈ សុភ័ក្តណា ជា​ប្រធាន​ក្រុម​កម្មករ​ផ្នែក​ដេរ​នៅ​រោងចក្រ​ហ្គោលឌិន ផ្លាស បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​នេះ គឺ​ដោយសារ​តែ​ភាគី​ថៅកែ​រោងចក្រ​មិន​ព្រម​បើក​លុយ​ធ្វើការ​ថែម​ម៉ោង​និង​ប្រាក់​ខែ ដែល​កម្មករ​បាន​ធ្វើ​ក្នុង​ខែ​មករា កន្លង​មក ទើប​នាំ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ច័ន្ទ ទី​៣ កុម្ភៈ មក។
កម្មការិនី​ម្នាក់​ទៀត ឈ្មោះ លឿង ចន្ថារី បាន​ត្អូញ​ថា ក្រៅ​អំពី​ការ​ទាមទារ​ឲ្យ​បើក​ប្រាក់​ធ្វើការ​បន្ថែម​ម៉ោង​នោះ ពួកគាត់​ក៏​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ គោរព​ច្បាប់​ការងារ​ជាង ១០​ចំណុច​ផ្សេង​ទៀត ពីព្រោះ​កន្លង​មក​រោងចក្រ​នេះ​មិន​ដែល​គោរព​ច្បាប់​ការងារ​ឡើយ។ ចំណុច​ទាំង​នោះ​មាន​ដូច​ជា ត្រូវ​មាន​ពេទ្យ​ក្នុង​រោងចក្រ កុំ​ឲ្យ​រើសអើង​បញ្ឈប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ដើម។
ប្រធាន​ការិយាល័យ​ការងារ​នៃ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល លោក លឹម សារ៉ុម ដែល​បាន​ចូល​សម្របសម្រួល​ជាមួយ​ភាគី​រោងចក្រ​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​ជួប​តំណាង​រោងចក្រ​ចំនួន ២​ថ្ងៃ​ជាប់​គ្នា រក​ឃើញ​ថា ភាគី​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ការងារ​ដោយសារ​គ្មាន​ការ​ជូន​ដំណឹង។ រី​ឯ​ភាគី​រោងចក្រ មាន​ជំហរ​រឹងប៉ឹង​មិន​យល់​ដឹង​ពី​ច្បាប់​ការងារ​ទាក់ទង​នឹង​ការ​ផ្ដល់​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​ជូន​កម្មករ​ទេ។ លោក​ថា ជា​ដំណោះស្រាយ​នោះ លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​តំណាង​រោងចក្រ តំណាង​កម្មករ ឲ្យ​មក​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ កុម្ភៈ នៅ​មន្ទីរ​ការងារ​ដើម្បី​បញ្ចប់​ទំនាស់។
ទាក់ទង​ទៅ​នឹង​ដំណើរការ​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ខែ​គោល​កម្មករ​នេះ​ដែរ ក្រុម​សហជីព​បាន​ជួប​គ្នា​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​សហជីព​ប្រាក់​ឈ្នួល​អប្បបរមា កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ជជែក​ជុំវិញ​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ប្រឹក្សា​ការងារ ហៅ​កាត់​ថា អ៊ិល.អេ.ស៊ី (LAC) ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​កិច្ចការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​អះអាង​ថា សហជីព​មួយ​ចំនួន​គ្រោង​នឹង​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន ១៦០​ដុល្លារ។ ដោយ​ឡែក​មន្ត្រី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា លោក គាត ឈន់ ជា​អ្នក​ដឹកនាំ​គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល នឹង​កោះ​ប្រជុំ​ភាគី​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​គ្នា​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​សប្ដាហ៍​នេះ៕



No comments:

Post a Comment