Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

គ្រូពេទ្យ​ នៅ​តាកែវ​ រង​ការ​ចោទ​ ថា​ ធ្វើ​ឲ្យ​ ស្ត្រី​ម្នាក់​ ស្លាប់​ ក្រោយ​វះកាត់

គ្រូពេទ្យ​ នៅ​តាកែវ​ រង​ការ​ចោទ​ ថា​ ធ្វើ​ឲ្យ​ ស្ត្រី​ម្នាក់​ ស្លាប់​ ក្រោយ​វះកាត់

ក្រុម​គ្រូពេទ្យ​ វះកាត់​ នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​តាកែវ កំពុង​រង​ការ​ចោទ​ប្រកាន់​​ថា បាន​ធ្វើ​ឱ្យ​ ស្ត្រី​មួយ​រូប​ ស្លាប់​ក្រោយ​ពេល​សម្រាល​កូន។ គ្រួសារ​ស្ត្រី​ ដែល​ស្លាប់​នោះ សង្ស័យ​លើ​បច្ចេកទេស​ វះកាត់​ របស់​ គ្រូពេទ្យ។
ដោយ ឡេង ម៉ាលី / អាស៊ិសេរី | ០៤ កុម្ភៈ ២០១៤
ប្ដី​របស់​ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ មួយ​រូប គឺ​លោក នូ សារី ថ្លែង​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា លោក​មិន​សុខ​ចិត្ត​នឹង​ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​នេះ​ទេ ដែល​លោក​សង្ស័យ​ថា ការ​វះកាត់​មាន​ភាព​មិន​ប្រក្រតី បណ្ដាល​ឱ្យ​ប្រពន្ធ​របស់​លោក​ស្លាប់ បន្ទាប់​ពី​សម្រាល​កូន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា។
លោក នួ សារី៖ «ការងារ​វះកាត់​ហ្នឹង ឃើញ​មាន​ភាព​មិន​ប្រក្រតី​ច្រើន តាំង​ពី​ចូល​ទៅ​វះ​នៅ​ម៉ោង​មួយ​ជាង​បន្តិច រហូត​ដល់​ម៉ោង​ប្រាំ ជិត​ប្រាំមួយ។ ពេល​ហ្នឹង​វា​យូរ វែង​ឆ្ងាយ។ មនុស្ស​យើង​ទោះ​បី​ពូ​កែ​យ៉ាង​ណា​ក៏​ចុះ​ខ្សោយ​ដែរ។ មនុស្ស​អត់​ឈឺ​អី​ផង​ពេល​ចូល​ទៅ​វះ​ហ្នឹង»
លោក​ថា ប្រពន្ធ​របស់​លោក​ឈ្មោះ ឈ្មោះ ង៉ែត សាខន បាន​ទៅ​សម្រាក​ដើម្បី​សម្រាល​កូន​ទី​បី ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ហើយ​ស្លាប់​នៅ​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៩ មករា ដោយ​អាការៈ​ហូរ​ឈាម​ចេញ​ពី​ពោះ​តាម​ថ្នេរ​វះកាត់៖ «ដល់​ពេល​ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១ ហ្នឹង បាន​ប្រពន្ធ​ខ្ញុំ​ហើម​ពោះ​ឡើង វា​ផ្ទុះ​អា​ថ្នេរ​ហ្នឹង​ឡើង បាច​ឈាម​ប្រឡាក់​ខ្ញុំ​ត្រឹម​ភ្លៅ​ចុះ​ក្រោម។ គ្រូពេទ្យ​ប្រចាំការ​ថា អូ៎! ឈាម... ខ្ញុំ​អឺត​មើល ជើង​ខ្ញុំ​ពេញ​ហ្នឹង​ប្រឡាក់​សុទ្ធតែ​ឈាម។ សូរ​ផ្ទុះ​ហ្នឹង ដូច​ផ្ទុះ​បែក​កំប៉ុង​អី​អ៊ីចឹង។ ក្រោយ​មក​ឮ​ថា​កាត់​ស្បូន​កាត់​អី ខ្ញុំ​មិន​ដឹង​ដែរ​អា​ហ្នឹង»
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ លោក ខៀវ សម្រស់ មាន​ប្រសាសន៍​ពន្យល់​តាម​បច្ចេកទេស​ថា ស្ត្រី​ឈ្មោះ ង៉ែត សាខន នោះ មាន​បញ្ហា​ឈាម​ហូរ​មិន​កក ដែល​ក្រុម​គ្រូពេទ្យ​មិន​អាច​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន៖ «ស្បូន​គាត់​ធ្លាប់​វះកាត់​ម្ដង​ហើយ។ ជា​ធម្មតា ធ្លាប់​វះកាត់​ម្ដង​ហើយ ស្អីៗ​វា​ស្អិត។ ដល់​អ៊ីចឹង សរសៃ​ឈាម​អី​វា​រញ៉េរញ៉ៃ ដល់​ពេល​វះ​កាត់​ទៅ​វា​មាន​ការ​ហូរ​ឈាម។ ការ​ហូរ​ឈាម​នោះ ការ​សម្រេច​ចុង​ក្រោយ យើង​មិន​អាច​ដេរ​រក្សា​ស្បូន​គាត់​បាន​ទេ គឺ​យើង​ត្រូវ​តែ​បង្ខំ​ចិត្ត​កាត់​ស្បូន​ហ្នឹង​ចេញ ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម»
លោក​​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ឈ្មោះ ង៉ែត សាខន បាន​មួយ​លើក បន្ទាប់​ពី​បញ្ចូល​ឈាម​បាន ៣​ប្លោក។ ប៉ុន្តែ នៅ​ពាក់​កណ្ដាល​យប់​សម្ពាធ​ឈាម​របស់​ស្ត្រី​នេះ​ធ្លាក់​ចុះ​ម្ដង​ទៀត ដែល​មិន​អាច​ជួយ​បាន។
សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ គឺ​លោក ម៉ៅ សុផល ថ្លែង​ថា លោក​ដឹង​ច្បាស់​ពី​ករណី​នេះ ហើយ​លោក​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី ដែល​ស្ត្រី​ស្លាប់​នោះ៖ «បើ​និយាយ​ឱ្យ​ចំ​ទៅ ខ្ញុំ​ចង់​ឱ្យ​ក្រសួង​សុខាភិបាល បង្កើត​គណៈកម្មការ ដើម្បី​មក​ត្រួត​ពិនិត្យ​ការ​វះកាត់​របស់​ស្ត្រី​ដែល​ស្លាប់​ហ្នឹង។ ករណី​ហ្នឹង​យូរៗ ម្ដង។ ប៉ុន្តែ​បើ​ខ្ញុំ​ក្ដាប់​បាន ខ្ញុំ​អត់​មាន​ពេលវេលា​ណា​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ដឹង​វា​មាន​ប្រាំ ប្រាំមួយ​ករណី​ហើយ ដែល​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»
ប្ដី​របស់​ស្ត្រី​ដែល​សម្រាល​កូន​ស្លាប់ គឺ​លោក នូ សារី មាន​ប្រសាសន៍​នៅ​បន្ទាប់​ពី​បុណ្យ​ខួប ៧​ថ្ងៃ​នៃ​សព​ប្រពន្ធ​លោក​ គឺ​ថ្ងៃ​ទី​៤ កុម្ភៈ ថា លោក​នឹង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់ ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​ប្ដឹង​ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​បង្អែក​តាកែវ​នោះ។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​រក​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល បាន​នៅ​ឡើយ​ទេ ជុំ​វិញ​ការ​ស៊ើប​អង្កេត​លើ​ករណី​អ្នក​ជំងឺ​ស្លាប់​ក្រោយ​ការ​វះកាត់​នេះ៕


No comments:

Post a Comment