Paris Peace Accords 23 Oct. 1991

Monday, February 24, 2014

ស្ត្រី​ខ្មែរ​ ១០​នាក់ ​ចាញ់​បោក ​មេខ្យល់​​ ​នាំ​ទៅ​ប្រទេស​ចិន

ស្ត្រី​ខ្មែរ​ ១០​នាក់ ​ចាញ់​បោក ​មេខ្យល់​​ ​នាំ​ទៅ​ប្រទេស​ចិន


ដោយ រដ្ឋា វិសាល /​ អាស៊ីសេរី |​ ២៣ កុម្ភៈ ២០១៤
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អះអាង​ថា មាន​នារី​ខ្មែរ​ប្រមាណ ១០​នាក់ បន្ថែម​ទៀត កំពុង​រង​គ្រោះ​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​រៀបការ ឬ​ធ្វើការ​នៅ​ប្រទេស​ចិន។ ក្រុម​គ្រួសារ​នារី​ទាំង​នោះ​បាន​ស្វែង​រក​កិច្ច​សង្គ្រោះ​កូន​ខ្លះ​ពី​ការ​ចាប់​បង្ខាំង​វាយ​ធ្វើ​បាប ខ្លះ​ទៀត​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កំណត់ មិន​បើក​ប្រាក់ខែ និង​បង្ខំ​រួម​ភេទ​ពី​សំណាក់​ថៅកែ។
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhco) នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ អំពាវនាវ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​ករណី​នារី​ខ្មែរ​ប្រមាណ ១០​នាក់ ដែល​កំពុង​ត្រូវ​រំលោភ​សិទ្ធិ​ពី​សំណាក់​ថៅកែ​នៅ​ប្រទេស​ចិន។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ទូរស័ព្ទ​ផ្ទាល់​ពី​នារី​ខ្មែរ​ម្នាក់​ពី​ប្រទេស​ចិន ដែល​អះអាង​ថា មាន​នារី​ខ្មែរ​ជា​មិត្តភ័ក្ដិ​នាង​កំពុង​ស្វែង​រក​លទ្ធភាព​វិល​មក​ស្រុក​កំណើត​វិញ។
លោក​បន្ត​ថា ក្រុម​គ្រួសារ​នារី​ខ្មែរ​ចំនួន​បី​នាក់​នៅ​ខេត្ត​តាកែវ និង​ម្នាក់​នៅ​ខេត្ត​រតនគិរី បាន​អះអាង​ថា កូន​គាត់​ត្រូវ​គេ​បោក​ប្រាស់​ទៅ​រៀបការ​ជាមួយ​បុរស​ចិន បន្ទាប់​មក​ពួក​នាង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទាសករ​ក្នុង​ផ្ទះ៖ «អ្វី​ដែល​គ្នា​គាត់​មាន​ទូរស័ព្ទ​ទាក់ទង​យើង​ទទួល​បាន​បី​នាក់​នៅ​ខេត្ត​តាកែវ។ បី​នាក់​ហ្នឹង​យើង​ឲ្យ​ឪពុក​ម្ដាយ​ដាក់​ពាក្យ​ប្ដឹង​ដោយ​ផ្ទាល់​ដើម្បី​យើង​​បញ្ជាក់​ទៅ​ក្រសួង​ការបរទេស​ថា មាន​អ្នក​ប្ដឹង​ទាមទារ​កូន​មក​វិញ»
កាល​ពី​ដើម​សប្ដាហ៍ ស្ត្រី​ឈ្មោះ ស៊ីម ឈុនអេង រស់​នៅ​ខេត្ត​រតនគិរី បាន​ដាក់​ពាក្យ​ប្ដឹង​មេខ្យល់​ចំនួន​ពីរ​នាក់​ថា បាន​បោកប្រាស់​កូន​របស់​គាត់​ទៅ​រៀបការ​ជាមួយ​បុរស​ចិន ប្រមាណ ៦​ខែ​កន្លង​ទៅ ក៏​ប៉ុន្តែ​កាល​ពី​ដើម​ខែ​កុម្ភៈ កូនស្រី​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ថា នាង​ត្រូវ​បុរស​ចិន បង្ខាំង​ឲ្យ​ធ្វើ​ការ​ច្រើន​ម៉ោង និង​បង្ខំ​រួម​ភេទ ទោះ​បី​នាង​មាន​ជំងឺ​ក្តី។
នារី​ខ្មែរ​បី​នាក់​រស់​នៅ​ខេត្ត​តាកែវ មាន​ឈ្មោះ ចន ស្រីអូន អាយុ ២៥​ឆ្នាំ ចន សុខុម អាយុ ២៣​ឆ្នាំ ជី រំដួល អាយុ ២២​ឆ្នាំ និង​នៅ​ខេត្ត​រតនគិរី មាន​ឈ្មោះ សៀង ឡៃហ៊ុន ១៨​ឆ្នាំ ឈ្មោះ ឈាន់ ណាវី អាយុ ២៥​ឆ្នាំ។
ស្ត្រី​ជា​ម្ដាយ​នារី​ខ្មែរ​ពីរ​នាក់​រស់​នៅ​ខេត្ត​តាកែវ អ្នកស្រី សែន ហៀង រៀប​រាប់​ថា គាត់​មិន​ស្គាល់​អាសយដ្ឋាន​ស្នាក់​នៅ​របស់​កូន​នៅ​ប្រទេស​ចិន​ទេ ក៏ប៉ុន្តែ​កូនស្រី​គាត់​បាន​ទូរស័ព្ទ (+8613058671916/+8613665792247) បញ្ជាក់​ពី​រឿងរ៉ាវ​អាក្រក់​បាន​កើត​មាន​ចំពោះ​នាង។
អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ប្រទេស​កម្ពុជា ជួយ​សង្គ្រោះ​កូន​គាត់​ទាំង​ពីរ​ឲ្យ​បាន​វិល​មក​ជួបជុំ​ក្រុម​គ្រួសារ​វិញ៖ «វា​បាន​ទៅ​ប្ដឹង​ប៉ូលិស​គេ​ម្ដង គេ​បង្រួម​បង្រួម​ឲ្យ​ចូល​ផ្ទះ​វិញ។ វា​ថា​ប៉ូលិស​ចិន​ហ្នឹង​ប្រាប់​វា​ថា ទៅ​ធ្វើ​ការ ហើយ​ដល់​ទៅ​គេ​ឲ្យ​ទៅ​យក​ប្តី។ មិន​ដឹង​ជា​វា​នៅ​កន្លែង​ណា ប៉ុន្តែ​ដឹង​ថា វា​ជិះ​ពី​ព្រលាន​ខ្មែរ​ទៅ​ម៉ោង ១២ ដល់​ផ្ទះ​គេ​ហ្នឹង​ម៉ោង ១០​យប់»
ចំណែក​បុរស​ជា​ឪពុក​នារី​ខ្មែរ​ម្នាក់​ទៀត រស់​នៅ​ខេត្ត​តាកែវ លោក ម៉ក់ ដុប អះអាង​ដូច​គ្នា​ថា កូនស្រី​គាត់​ទូរស័ព្ទ (+8618757431379) ប្រាប់​ដែរ​ថា បាន​រង​ការ​ធ្វើ​បាប​រំលោភ​សិទ្ធិ​ពី​ថៅកែ​ដូច​គ្នា។
លោក​អះអាង​ថា កូនស្រី​គាត់​ចាញ់​បោក​គេ​ទៅ​រៀបការ​ជាមួយ​បុរស​ចិន៖ «ខ្ញុំ​ទូរស័ព្ទ​ទៅ​ពី​ម្សិលមិញ​កូន​ខ្ញុំ​វា​ថា​នាំ​គ្នា​រត់​ដែរ ចុះ​ចេញ​ពី​ផ្ទះ​ហើយ​ឪ​អើយ​ខ្ញុំ​មក​នេះ​ខ្ញុំ​ផុង​ខ្លួន ហើយ​គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ខ្លួន​ទេ ទៅ​ដូច​គេ​ឃុំ​ទុក​អ៊ីចឹង​មិន​ដែល​ឲ្យ​ចាយ​មួយ​រយ​ពីរ​រយ​ទេ»
ទាក់ទិន​សេចក្ដី​រាយការណ៍​នេះ ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោកស្រី ចាន់ ចំរ៉ុង មាន​ប្រសាសន៍​បញ្ជាក់​ករណី​នារី​នៅ​ខេត្ត​រតនគិរី សមាគម​នឹង​រៀបចំ​ឯកសារ​ជូន​ទៅ​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍។
លោកស្រី​អំពាវនាវ​ឲ្យ​ក្រុម​គ្រួសារ​នារី​ខ្មែរ​ដែល​មាន​បញ្ហា​ទាក់ទង​ការ​ជួញដូរ​ខុស​ច្បាប់​នេះ ដាក់​ពាក្យ​បណ្ដឹង​មក​សមាគម​ដើម្បី​ជួយ​អន្តរាគមន៍​ស្វែង​រក​នារី​ខ្មែរ​មក​វិញ៖ «ថ្ងៃ​សុក្រ​ហ្នឹង​យើង​ដាក់​ទៅ​អត់​ទាន់ ប៉ុន្តែ​ថ្ងៃ​ច័ន្ទ​នឹង​បញ្ជូន​ទៅ​ហើយ ប៉ុន្តែ​ខាង​ក្រសួង​គេ​បាន​ទាក់​ទង​មក​សួរ​នាំ​ហើយ គេ​បាន​ដឹង​ពី​ព័ត៌មាន​ហ្នឹង​ហើយ»
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៤ មក​ទល់​បច្ចុប្បន្ន សមាគម​បាន​រក​ឃើញ​ករណី​ជួញដូរ​នារី​ខ្មែរ​ទៅ​ប្រទេស​ចិន ប្រមាណ ៥​ករណី។ កាល​ពី​ឆ្នាំ​២០១៣ សមាគម​នេះ​បាន​រក​ឃើញ​ពី​ករណី​ជួញដូរ​ផ្លូវ​ភេទ និង​ជួញដូរ​ពលកម្ម រួម​ទាំង​ការ​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទូទាំង​ប្រទេស​មាន​ចំនួន ២១១​ករណី៕



No comments:

Post a Comment