សកម្មជន និងអ្នកគាំទ្រ បក្សប្រជាជន បិទផ្លូវតវ៉ា ទាមទារ ប្លង់កម្មសិទ្ធិដីធ្លី
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ១០ កុម្ភៈ ២០១៤
ការតវ៉ានេះគឺដើម្បីទាមទារឱ្យអាជ្ញាធរចេញមុខដោះស្រាយជុំវិញរឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់តាមការសន្យារបស់អាជ្ញាធរ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដដែល ទើបធ្វើឲ្យប្រជាពលរដ្ឋទាំងនោះសម្រេចចេញមកតវ៉ាដោយបិទផ្លូវតែម្ដង បើទោះជាមានការសម្របសម្រួលពីអាជ្ញាធរក៏ដោយ។
ការសន្យារបស់អាជ្ញាធរចំពោះរឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនសកម្មជន និងអ្នកគាំទ្របក្សប្រជាជនកម្ពុជា នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅតែពន្យារពេល ទើបធ្វើឱ្យសកម្មជននិងអ្នកគាំទ្របក្សប្រជាជនទាំងនោះទ្រាំលែងបាន ហើយនាំគ្នាមកតវ៉ាដោយបិទផ្លូវជាតិលេខ ៧ គឺនៅមុខសាលាឃុំស្នួល តែម្តង នៅព្រឹកថ្ងៃទី១០ កុម្ភៈ។
លោកបន្តថា ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលមានជាង ៣០០ក្បាលដីដែរនោះ បានបដិសេធចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនកូរ៉េ ដែលបានដាក់ពាក្យប្ដឹងជំទាស់នៅក្រសួងនាពេលកន្លងមក ហើយប្រជាពលរដ្ឋយល់ថា ការដាក់ពាក្យបណ្ដឹងជំទាស់ក្នុងពេលដែលក្រុមនិស្សិតចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋរួចនោះ ថាជារឿងខុសទៅនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល។
លោក សួន វិច្ឆិកា៖ «ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងជំទាស់នៅក្រសួង រួចទៅក្រសួងបានឱ្យក្រុមការងារខេត្ត និងស្រុកជាអ្នកដោះស្រាយ ប៉ុន្តែយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនហ្នឹង គឺប្រជាពលរដ្ឋហ្នឹង ក្រុមប្រជាពលរដ្ឋហ្នឹងសូមធ្វើការបដិសេធចោល ពីព្រោះអីក្រុមហ៊ុនមិនបានដាក់ពាក្យបណ្ដឹងនៅក្រុមមន្ត្រីវិនិច្ឆ័យដែលបិទផ្សាយនៅសាលាឃុំអស់រយៈមួយខែនៅសាលាឃុំទេ»។
លោក សួន វិច្ឆិកា បន្តថា ក្រៅពីនេះ ប្រជាពលរដ្ឋយល់ថា ការពន្យារពេលក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់នេះ អាចទំនងជាមន្ត្រីដែលបម្រើការងារនៅថ្នាក់ខេត្តមួយចំនួនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនទៀតផង ទើបធ្វើរឿងនេះនៅតែមិនទាន់អាចដោះស្រាយបាន។
លោកបញ្ជាក់ថា នៅម៉ោងប្រមាណជា ២រៀល ទើបក្រុមអ្នកតវ៉ាដែលមានពាក់អាវបក្សប្រជាជន កាន់រូបថតលោកនាយករដ្ឋមន្ត្រី និងបក្សប្រជាជនផងនោះ បាននាំគ្នាយល់ព្រមបើកផ្លូវឡើងវិញ បន្ទាប់ពីមានការសន្យាដកទាហានដែលដាក់ការពារដីឱ្យក្រុមហ៊ុន និងព្រមឱ្យតំណាង ៨នាក់ចូលជួបដោះស្រាយបញ្ហានេះនៅសាលាឃុំស្នួល នៅថ្ងៃ១១ កុម្ភៈ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានមានប្រសាសន៍ថា ពិតជាមានការតវ៉ាដោយបិទផ្លូវនៅមុខសាលាឃុំស្នួលមែន ហើយខាងអាជ្ញាធរស្រុកបានចេញមុខទៅធ្វើការសម្របសម្រួលក្រោមការបញ្ជាពីសំណាក់អភិបាលខេត្ត ប៉ុន្តែប្រជាពលរដ្ឋគាត់ចង់បានប្រញាប់ រីឯអាជ្ញាធរត្រូវធ្វើការទៅតាមនីតិវិធី ទើបធ្វើឱ្យការចរចានៅមានបញ្ហា។
លោក គង់ គឹមនី៖ «នៅថ្នាក់ស្រុក ហើយនៅថ្នាក់ស្រុក ស្អែកហ្នឹងខ្ញុំត្រូវឱ្យតំណាងរបស់គាត់ហ្នឹងចូលមកហ្នឹង ដើម្បីឱ្យយើងកោះហៅក្រុមហ៊ុនមួយសាទៀត ដើម្បីប្រជុំ។ អ៊ីចឹងប្រជុំរួចហើយបានយើងបញ្ជូនទៅខាងមន្ទីរដែនដីខេត្ត ដើម្បីបន្តតទៅទៀត។ នីតិវិធីគឺអ៊ីចឹងណាបង! ហើយគាត់ចង់ឱ្យលឿនចង់បានមួយអាទិត្យ ឬបីថ្ងៃទៅតាមនេះគាត់អ៊ីចឹង ទើបមានការពិបាកបន្តិច»។
លោកបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរចេញមុខដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ គឺមិនចំពោះថា ប្រជាពលរដ្ឋទាំងនោះកាន់គណបក្សណានោះឡើយ គឺដោះស្រាយជូនពួកគាត់ដោយគ្មានការរើសអើង។
ដោយឡែកប្រធានមន្ទីរនគរូបនីយកម្មនិងសំណង់ខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន បានមានប្រសាសន៍ថា មិនមានមន្ត្រីខេត្តណាម្នាក់ជាប់ពាក់ព័ន្ធនឹងដីនោះទេ ផ្ទុយទៅវិញ មន្រ្តីទាំងនោះបានខិតខំបំពេញការងារស្ទើរគ្មានថ្ងៃសម្រាក ដើម្បីឱ្យរឿងនេះឆាប់ចប់ ប៉ុន្តែពិបាកត្រង់ថា ដីដែលប្រជាពលរដ្ឋកំពុងតវ៉ានោះ គឺពាក់ព័ន្ធទៅនឹងដីទំនាស់ជាមួយក្រុមហ៊ុនកូរ៉េ ទើបខាងលោកត្រូវការពេលវេលាដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។
លោក កៅ ម៉ាឌីឡែន៖ «ដីនេះ គឺពាក់ព័ន្ធដីទំនាស់! បាទ! អីចឹងប្រសិនបើពាក់ព័ន្ធនឹងដីទំនាស់ យើងត្រូវដោះស្រាយទៅតាមនីតិវិធី។ ឥឡូវនីតិវិធីយើងគឺត្រូវដោះស្រាយ គណៈកម្មាធិការរដ្ឋបាលរបស់យើងបានដោះស្រាយរួចហើយ ហើយគណៈកម្មាធិការរដ្ឋបាលរបស់យើងហ្នឹង បានបញ្ជូនសំណុំឯកសារហ្នឹងទៅគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុកដើម្បីឱ្យគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុកហ្នឹង គាត់ដោះស្រាយជាបន្ត ហើយនៅពេលណាគាត់ដោះស្រាយមិនបាន គាត់នឹងបញ្ជូនឯកសារហ្នឹងមកខាងសុរិយោដីថ្នាក់ខេត្ត»។
លោកបញ្ជាក់ថា ខាងលោកបានពន្យល់ឱ្យប្រជាពលរដ្ឋបានយល់ពីនីតិវិធីក្នុងការដោះស្រាយខ្លះៗ ហើយប្រជាពលរដ្ឋក៏បានយល់ច្រើនចំពោះបញ្ហានេះ ទើបធ្វើឱ្យពួកគាត់ស្ងប់ចិត្ត។ តែយ៉ាងណាក៏ដោយ ខាងលោកនៅតែខិតខំពន្លឿននីតិវិធីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕
No comments:
Post a Comment