រដ្ឋាភិបាល កម្ពុជា នឹងផ្តល់សំណង ជូនដល់ ក្រុមគ្រួសារ ដែលរងគ្រោះ ដោយសារ ដីសម្បទាន សម្រាប់ ស្ករអំពៅ
ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ កាលពីថ្ងៃចន្ទ បានជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុប ទៅលើបញ្ហាដីសម្បទាន ដែលទាក់ទងនឹងការដាំដុះ និងការចម្រាញ់ស្ករអំពៅ ដោយឯកភាពគ្នាក្នុងការសិក្សា ដើម្បីផ្តល់សំណងដល់ក្រុមគ្រួសារ ដែលរងគ្រោះដោយសារដីសម្បទាន។
កិច្ចប្រជុំគណៈកម្មការធិការពិសេសលើកទីពីរនេះ ធ្វើឡើងនៅថ្ងៃទី១០ខែកុម្ភៈ ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងមកពីក្រសួងការបរទេស ក្រសួងដែនដី នគរូបនីកម្ម និងសំណង់ អភិបាល និងអភិបាលរង ខេត្តកោះកុង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ និងក្រុមហ៊ុនចម្រាញ់ស្ករអំពៅ។
ក្រសួងពាណិជ្ជកម្មឲ្យដឹងថា ការពិភាក្សានេះ បានលើកពីបញ្ហានៃក្រុមគ្រួសារ ដែលរងផលប៉ះពាល់ដោយដីសម្បទាន ទាក់ទងនឹងការដាំដុះ និងការចម្រាញ់អំពៅ នៅតាមបណ្តាខេត្តមួយចំនួន ដោយភាគីប្តេជ្ញាចិត្តបន្តធ្វើការដោះស្រាយបញ្ហាទាំងនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតម្រូវចិត្តភាគី ដែលពាក់ព័ន្ធទាំងអស់។
គណៈកម្មាធិការ ក៏បានយល់ព្រមជួបពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤ ដើម្បីពិនិត្យឡើងវិញនូវភាពលម្អៀង អំពីចំនួនគ្រួសារដែលរងផលប៉ះពាល់ ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋានជាមួយក្រុមគ្រួសារ ដែលនឹងត្រូវបានផ្តល់ជូន ដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ ក៏បានយល់ស្របផងដែរថា ភាគីទីបី អាចនឹងត្រូវការជាចាំបាច់ ដើម្បីជួយក្នុងការវាយតម្លៃ នីតិវិធី ដែលបានប្រើប្រាស់កន្លងមក ដើម្បីទូទាត់ជាសំណងដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Jean-Francois Cautain បានសម្តែងការកោតសរសើរចំពោះការផ្តួចផ្តើម និងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ ដោយដីសម្បទានទាំងនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល មានឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈការសិក្សាបន្តនៃផលប៉ះពាល់ ដោយសារកន្លងមក របាយការណ៍នៃផល ប៉ះពាល់ មានភាពខុសគ្នា។លោកបន្តថា រដ្ឋាភិបាល នឹងបង្កើតភាគីទីបី ដើម្បីចូលទៅសិក្សាពីផលប៉ះពាល់ «ពិនិត្យ និងមើលចំនួនក្រុមគ្រួសារដែល ទទួលរងផលប៉ះពាល់ ដែលបានដោះស្រាយហើយ នីតិវិធីដែលបានប្រើ និងចំនួនដែលឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុបនោះ គាត់ទទួលបានពីប្រភពណាមួយ ដែលគាត់មានពីប្រភពណាមួយដែលគាត់មាន អញ្ចឹងយើងធ្វើការផ្ទៀតផ្ទាត់គ្នា ហើយពិនិត្យរាល់ឯកសារទាំងអស់នោះឡើងវិញ»។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា អ្នកមានជម្លោះដីធ្លីនៅខេត្តកោះកុង មានប្រមាណ២០០គ្រួសារ ឧត្តរមានជ័យ ៦០០គ្រួសារ កំពង់ស្ពឺ ២០០គ្រួសារ និងថ្មីៗនេះ សហគមន៍មួយចំនួនទៀត ក៏បានស្នើសុំអន្តរាគមន៍។លោកបន្តថា រដ្ឋាភិបាល គួរតែផ្តល់ដីសមរម្យជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ «សំខាន់ពួកគាត់ត្រូវការដីត្រឡប់មកវិញ ហើយយើងគិតថា ក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាល អាចស្វែងរកដីដែល អាចដោះដូរជាមួយពួកគាត់វិញ ហើយយើងសិក្សាទៅ ធ្វើការពិភាក្សាគ្នា ថាតើពួកគាត់ប៉ះពាល់ដីប៉ុន្មាន ហើយយើងត្រូវកាត់ចេញប៉ុន្មាន ដើម្បីផ្តល់ឲ្យពួកគាត់វិញ»។
កាលពីចុងខែមករា ឆ្នាំ២០១៤ សមាជិកសភាអឺរ៉ុប១រូប បានជំរុញទៅថ្នាក់ដឹកនាំសហភាពអឺរ៉ុប(EU)ទាំងមូល ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតករណីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋក្នុងខេត្ត ចំនួន៣ និងក្រុមហ៊ុនស្ករអំពៅ របស់ឧកញ្ញា លី យ៉ុងផាត់។
VOD មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោកឧកញ្ញា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុនកសិឧស្សាហកម្មស្ករអំពៅ បាននៅឡើយទេនៅថ្ងៃអង្គារនេះ។
លោក អៀង វុទ្ធី ឲ្យដឹងថា ជម្លោះដីធ្លីនៅខេត្តកោះកុង បានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ នៅលើដីជាង១ពាន់ហិកតា និងជម្លោះនៅខេត្តកំពង់ស្ពឺ និងឧត្តរមានជ័យ កើតឡើងចាប់ពីឆ្នាំ២០១០ លើដីជាង១ពាន់ហិកតា៕
No comments:
Post a Comment