ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ទៅចិន ត្រូវបញ្ជូន ទៅតុលាការ
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
ជនសង្ស័យ ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សលក់ផ្លូវភេទទៅប្រទេសចិន ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៨ កុម្ភៈ។ មន្ត្រី អង្គារសិទ្ធិមនុស្សអះអាងថា បទល្មើសនៃការជួញដូរមនុស្សនៅតែបន្តកើតមានធ្ងន់ធ្ងរនៅឡើយ។
ប៉ូលិសប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ឲ្យដឹងថា សំណុំរឿងការជួញដូរមនុស្ស ត្រូវបានចូលដល់ដៃសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីជំនុំជម្រះ និងបន្តឃុំខ្លួន ក្រោយពីមានសេចក្ដីសម្រេចពីតុលាការ។
លោក កែវ ធា ដែលជាប្រធានការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅថ្ងៃទី១៨ កុម្ភៈ ថា ជនសង្ស័យ ៥នាក់ ដែលមានជនជាតិខ្មែរ ៣នាក់ និងជនជាតិចិន ២នាក់ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីចាប់ខ្លួនបានកាលពីថ្ងៃអាទិត្យ កន្លងមកនេះ។ លោក កែវ ធា ព្រមានថា ការព្យាយាមប៉ុនប៉ងណាមួយក្នុងរឿងជួញដូរមនុស្ស នឹងពុំអាចកើតមានបានដោយងាយទៀតឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីមន្ត្រីតុលាការរាជធានីភ្នំពេញបានទេ ជុំវិញសំណុំរឿងនេះនៅថ្ងៃទី១៨ កុម្ភៈ។
មាត្រា១៤ នៃច្បាប់ស្តីអំពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០០៨ ចែងថា ជនណាដែលលក់ដូរជនដទៃ ក្នុងគោលដៅប្រគល់ ឬនាំទៅក្រៅប្រទេសកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។
មន្ត្រីទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សរបស់អង្គការលីកាដូ ឲ្យដឹងថា និន្នាការនៃអំពើជួញដូរមនុស្សលើសេវាកម្មផ្លូវភេទ ដោយសន្យាថាជួយរកការងារឲ្យធ្វើនៅក្រៅប្រទេស ឬសន្យារៀបការជាមួយជនបរទេស ក្រោមផ្លាកធ្វើអាជីវកម្មផ្លូវភេទនេះ នៅតែមានកំណើនខ្ពស់នៅឡើយ។ រយៈពេល ១ខែដើមឆ្នាំ២០១៤ មានសំណុំរឿងប្រឆាំងការជួញដូរនេះប្រមាណ ៥ករណីរួចទៅហើយ។ តួលេខនេះ បើប្រៀបធៀបក្នុងរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០១៣ មានចំនួន ៣០ករណីប៉ុណ្ណោះ។
ចំណែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សកម្រិតខ្ពស់ ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សរបស់អង្គការលីកាដូ លោក សែន ចៅសុខ មានប្រសាសន៍ថា សកម្មភាពនៃការជួញដូរមនុស្សនេះ នៅតែមានសកម្មភាពនៅឡើយ បើទោះជាមានការទប់ស្កាត់ជាបន្តបន្ទាប់ក្ដី។ ជាពិសេស ទម្រង់នៃការជួញដូរនេះ ភាគច្រើន កន្លែងបន្លំឯកសារ និងដំណើរទេសចរណ៍ក្នុងរយៈពេលខ្លីជាដើម។
លោក សែន ចៅសុខ៖ «ស្ត្រីខ្មែរភាគច្រើនក្នុងឆ្នាំ២០១៣ ក្រោយពីបោះឆ្នោតកន្លងទៅនេះ គឺមានការកើនឡើងច្រើន។ ហើយដោយសារមានជនខិលខូចមួយចំនួន គាត់បានបន្លំឯកសារ ហើយបោកបញ្ជោតពួកគាត់ថា យកគាត់ទៅធ្វើកិច្ចការជាកម្មកររោងចក្រនៅឯប្រទេសចិន។ ហើយពេលទៅដល់ គឺគាត់រៀបចំធ្វើឲ្យគាត់ហ្នឹងដាក់ទុកឯកសាររបស់ពួកគាត់ មានន័យថា ធ្វើឲ្យគាត់ទាល់ច្រក។ ហើយបង្ខំឲ្យគាត់រៀបការជាមួយបុរសជនជាតិចិន»។
កាលពីខែតុលា ឆ្នាំ២០១១ រាជរដ្ឋាភិបាលធ្លាប់បានចេញអនុក្រឹត្យបញ្ឈប់នាំពលករបម្រើការជាស្ត្រីតាមផ្ទះម្ដងរួចមកហើយ ដោយរកឃើញថា ការនាំចេញរបស់ក្រុមហ៊ុនឯកជន មានភាពមិនប្រក្រតី។ ទន្ទឹមនឹងនេះ មន្ត្រីអង្គការលីកាដូ ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស ឲ្យដឹងថា ការធ្វើស្ថិតិពលករបម្រើការនៅប្រទេសថៃ ពីមន្ត្រីជំនាញរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១២ រកឃើញថា មានពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ ៤០ម៉ឺននាក់ កំពុងបម្រើការនៅទីនោះ៕
No comments:
Post a Comment