លោក សួង សុភ័ណ្ឌ គ្រោងប្ដឹង លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិ
ដោយ៖ ណុល ដារ៉ា / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន និងជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហារជាតិ លោកសួង សុភ័ណ្ឌ នឹងប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ខណៈពាក្យបណ្ដឹងរបស់លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តម្កល់ទុកមិនចាត់ការទាំងពីរលើក។
លោក សួង សុភ័ណ្ឌ បានឲ្យVOD ដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ម្សិលមិញថា លោកនឹងមិនដកពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ហើយពាក្យបណ្ដឹងរបស់លោកជាបណ្ដឹងព្រហ្មទណ្ឌ ដូច្នេះគ្មាននរណាម្នាក់អាចដកបានទេ។
លោក សួង សុភ័ណ្ឌ មានប្រសាសន៍បន្ថែមថា អ្វីដែលសំខាន់បំផុត គឺរាល់ពេលលោកប្ដឹង តុលាការតែងតែឆ្លើយតបមកលោកវិញ ដោយចេញដីកាតម្កល់ទុកមិនចាត់ការឲ្យលោកបានដឹង «ហើយពាក្យបណ្តឹងដែលខ្ញុំប្តឹងទាំងពីរលើក ខ្ញុំបានដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែសាលាឧទ្ធរណ៍ មិនបានទទួលនូវអ្វីដែលខ្ញុំដាក់ពាក្យបណ្តឹង ប្តឹងឡើងទៅសាលាឧទ្ធរណ៍នោះទេ តែបែរជារុញច្រានទៅវិញទៅមក រវាងសាលាឧទ្ធរណ៍នឹងសាលាដំបូង ខ្ញុំមានការលោកស្តាយ ហើយក្នុងពេលខាងមុខនេះ ខ្ញុំបានសម្រេចចិត្តច្បាស់ហើយថា ខ្ញុំនឹងប្តឹងទៅ ICC (International Criminal Court) តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលខ្ញុំនឹងកំណត់ថាថ្ងៃណា ទើបខ្ញុំប្តឹង ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា នឹងប្តឹងរួចទៅហើយ»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ឲ្យ VOD ដឹងនៅព្រឹកថ្ងៃសុក្រនេះថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនជម្រះសេចក្ដីករណីព្រហ្មទណ្ឌធម្មតានោះទេ «មិនអាចទេ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានតែបទល្មើសអន្តរជាតិទេ»។
ទោះជាយ៉ាងណា លោក សួង សុភ័ណ្ឌ អះអាងថា លោកនឹងមិនបោះបង់ពាក្យបណ្ដឹងរបស់លោកឡើយ។
សូមបញ្ជាក់ថា ករណីយុវជន សួន សុភ័ណ្ឌ ប្ដឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានពីរករណី គឺករណីការស្លាប់មនុស្សលើស្ពានកោះពេជ្រ និងករណីមួយទៀត ប្ដឹងពីបទផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាមមានសិទ្ធិបោះឆ្នោតនៅកម្ពុជា៕
No comments:
Post a Comment