ការប្រើកម្លាំងទាហាន ឬជនស្លៀកពាក់ទាហានបង្ក្រាបការតវ៉ារបស់មហាជនស៊ីវិល អាចក្លាយទៅជាគំរូមួយសម្រាប់ការបង្ក្រាបក្រោយៗមកទៀតរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើការតវ៉ា ឬការជួបប្រជុំសម្ដែងមតិនានា។ តើការប្រើទាហាន ឬជនស្លៀកពាក់ទាហានដើម្បីបង្ក្រាបការតវ៉ានានារបស់ជនស៊ីវិលនោះ ជាការត្រឹមត្រូវឬទេ?
ទាហានជាកងកម្លាំងប្រដាប់អាវុធកើតចេញពីប្រជាពលរដ្ឋ និងសម្រាប់ការពារប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋរៀបចំសណ្ដាប់ធ្នាប់សង្គមក្នុងករណីចាំបាច់ និងសម្រាប់ការពារទឹកដីប្រឆាំងការឈ្លានពានរំលោភនានាពីបរទេស។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើកម្លាំងទាហានមានច្រើន មានសភាពប្លែកជាងនៅប្រទេសនានា ដោយមានការតវ៉ារបស់ប្រជាពលរដ្ឋដែលមានតែបាតដៃទទេ ក៏រដ្ឋាភិបាលប្រើកម្លាំងទាហានមានអាវុធមកបង្ក្រាបតវ៉ាដែរ។
ការដែលរដ្ឋាភិបាលប្រើកម្លាំងទាហានប្រដាប់អាវុធបង្ក្រាបបាតុកម្មតវ៉ារបស់កម្មករសុំឡើងប្រាក់ខែ សកម្មជនការពារសិទ្ធិមនុស្ស ប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង ហើយជាពិសេសទៅទៀតនោះ គឺប្រជាពលរដ្ឋដែលមានតែដៃទទេ ដុំថ្ម និងដបទឹកសុទ្ធជាដើមនោះ ទទួលរងការរិះគន់ជាខ្លាំងពីសាធារណៈមតិជាតិ និងអន្តរជាតិ ពីព្រោះជម្លោះនោះត្រូវអ្នកនយោបាយទាញចូលឲ្យពាក់ព័ន្ធ។
ការប្រើកម្លាំងទាហានមានអាវុធបង្ក្រាបបាតុកម្មតវ៉ានានានោះ វាមុខជាមានមនុស្សស្លាប់ របួស ដោយសារការបាញ់កាំភ្លើងជាមិនខាន។ ដូច្នេះហើយបានជាសាធារណៈមតិ និងមន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ការប្រើកម្លាំងទាហានមានអាវុធធ្វើសកម្មភាពបង្ក្រាបការតវ៉ារបស់មហាជនស៊ីវិលនោះ អាចធ្វើទៅបានលុះត្រាណាតែស្ថានភាពជាក់ស្ដែងនៃការតវ៉ានោះបង្ហាញថា ការបង្ក្រាបនោះមានភាពចាំបាច់ទាក់ទងជាមួយអ្នកតវ៉ានោះមានអាវុធ ត្រូវមានសមតុល្យកម្លាំង និងប៉ះពាល់ជាមួយសន្តិសុខប្រទេសជាតិទាំងមូលតែម្ដង។
ដោយសារការប្រើកម្លាំងទាហានបង្ក្រាបបាតុកម្មតវ៉ាមានប្រសិទ្ធភាពនៅចំណុចផ្លូវជាតិលេខ៤ និងផ្លូវវ៉េងស្រេង និងធ្វើឲ្យអ្នកតវ៉ាមានការភ័យខ្លាចនោះ អ្នកសង្កេតការណ៍កត់សម្គាល់ឃើញថា ក្រោយៗមកទៀត រាល់ការតវ៉ានានា អាជ្ញាធរមានសមត្ថកិច្ចតែងតែប្រើរូបភាពទាហាន ឬជនស្លៀកពាក់ទាហាន ដើម្បីទៅបង្ហាញខ្លួននៅកន្លែងតវ៉ានានា ឬកន្លែងមានការប្រមូលផ្តុំមនុស្សដើម្បីគាំទ្រគណបក្សប្រឆាំង។
ជាឧទាហរណ៍បញ្ជាក់ចំពោះការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋនៅចាំបានថា ក្រោយការប្រើកម្លាំងទាហានបង្ក្រាប និងចាប់កម្មករនៅផ្លូវជាតិលេខ៤ មក រដ្ឋាភិបាលបានប្រើទាហានប្រដាប់អាវុធបង្ក្រាបការតវ៉ារបស់កម្មករនៅផ្លូវវ៉េងស្រេង និងយាមល្បាតនៅតំបន់នោះ ដោយមានរថយន្តបំពាក់កាំភ្លើងយន្តបើកល្បាតទៅមកទៀតផង។
ក្រោយព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង នោះបន្តិច ការបង្ក្រាបការជួបជុំរបស់ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យដោយកម្លាំងចម្រុះស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិលនោះ ក៏មានការប្រើឧទ្ធម្ភាគចក្រយោធាត្រួតពិនិត្យសកម្មភាពបង្ក្រាបពីលើអាកាសផងដែរ។
បន្ទាប់ពីការបង្ក្រាបនៅទីលានប្រជាធិបតេយ្យនារាជធានីភ្នំពេញនោះ ការប្រើកម្លាំងទាហាន ឬជនស្លៀកពាក់ទាហានដោយមានអាវុធ និងប្រើរថយន្តកងទ័ព ក៏បានបង្ហាញរូបរាងឡើង ជាសញ្ញាគំរាមនៅពេលលោក កឹម សុខា ចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង និងសមាជិកគណបក្សនៅខេត្តកំពង់ចាម និងកំពង់ធំដែរ។
ការនិយមប្រើកម្លាំងស្លៀកពាក់ទាហានមានអាវុធប្រុងបង្ក្រាបនេះ បានបន្តប្រើក្នុងទីសាធារណៈនានា ដើម្បីសម្លុតនិងបំភ័យ បង្ហាញប្រជាពលរដ្ឋក្នុងការបដិសេធមិនឲ្យសមាជិកគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល សាច់ញាតិបានជួបជាមួយសាច់ញាតិ មិត្តភ័ក្ដិរបស់គេនៅគុកត្រពាំងផ្លុង ម្តងទៀត។
នៅតំបន់គុកត្រពាំងផ្លុង នាខេត្តកំពង់ចាមនោះ អ្នកសង្កេតការណ៍ពីសង្គមស៊ីវិលបានរកឃើញថា អាជ្ញាធរភូមិដែលជាជនស៊ីវិលនោះ និងកម្លាំងប្រជាការពារ ពុំមែនជាកងឯកភាពប្រដាប់អាវុធនោះ ក៏ស្លៀកពាក់ស្រដៀងទាហានដែរ ហើយមនុស្សមួយចំនួនទៀតបានស្លៀកពាក់ទាហាន ដោយក្នុងដៃមានកាន់ព្រនង់ឫស្សី ត្រៀមវាយសំពងការប្រមូលផ្តុំតវ៉ាទាំងឡាយទៀតផង។
តើការបំពាក់ឲ្យកងសេនាជនប្រជាការពារស្លៀកពាក់ឯកសណ្ឋានទាហាននេះមានទោសឬទេ?
តាមច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បើសិនជាជនណាប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានសភាពប្រហាក់ប្រហែលគ្នានគរបាល ឬយោធា ដែលនាំឲ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន គឺត្រូវប្រឈមមុខផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល (១០០.០០០) ទៅ ១លានរៀល (១.០០០.០០០)។
ប៉ុន្តែគេមិនបានឃើញថា ប្រជាការពារស្លៀកពាក់ឯកសណ្ឋានទាហាននៅខេត្តកំពង់ចាមនោះ មានទោសដូចច្បាប់ព្រហ្មទណ្ឌនៅប្រទេសកម្ពុជា បានចែងឡើយ។ ផ្ទុយទៅវិញ ពួកគេបានទទួលការឧបត្ថម្ភបាយទឹក និងលើកទឹកចិត្តឲ្យត្រៀមបង្ក្រាបសាច់ញាតិអ្នកជាប់ឃុំ សមាជិកគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន បើសិនជាហ៊ានរំលោភការហាមឃាត់របស់មន្ត្រីពន្ធនាគារទៀតផង។
ច្បាប់នៅក្នុងប្រទេសកម្ពុជា មិនមានមាត្រាណាមួយចែងថា សមាជិកគណបក្សនយោបាយកាន់អំណាចអាចស្លៀកពាក់ឯកសណ្ឋានទាហានដោយគ្មានទោសពៃរ៍នោះឡើយ។ ដូច្នេះមានន័យថា ការហាមប្រើប្រាស់ឯកសណ្ឋានទាហាននេះ មិនមានប្រកាន់គណបក្សណាមួយឡើយ គឺទោះប្រជាពលរដ្ឋរូបណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឬសមាជិកគណបក្សសង្គ្រោះជាតិក៏ដោយ កាលណាអ្នកណាមួយស្លៀកពាក់ខោអាវទាហាន ឬខោអាវដែលមានសភាពប្រហាក់ប្រហែលអាចនាំឲ្យមានការភ័ន្តច្រឡំថា ទាហានដោយគ្មានច្បាប់អនុញ្ញាតគឺត្រូវមានទោសហើយ។
ទាក់ទងជាមួយរឿងទាហាននេះដែរ កាលពីថ្ងៃទី៣ មករា ក្រសួងការពារជាតិ ឬហៅថា ក្រសួងទាហាន បានចេញសេចក្ដីថ្លែងការណ៍មួយអះអាងអំពីការប្ដេជ្ញាចិត្តរបស់ទាហានក្នុងការការពារ រក្សាការពារសណ្ដាប់ធ្នាប់សន្តិសុខជាតិ ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធផលបោះឆ្នោត និងជាពិសេស ការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ បើទោះបីជាលទ្ធផលនៃការបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ កំពុងទាមទារឲ្យធ្វើការផ្ទៀងផ្ទាត់ឡើងវិញក៏ដោយ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិនោះ បានសម្ដែងការសោកស្ដាយ និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះការញុះញង់របស់គណបក្សនយោបាយ ក្រុមជនឱកាសនិយមមួយចំនួន រួមទាំងព្រះសង្ឃមួយចំនួន ប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានបំភ័ន្តមតិសាធារណៈ វាយប្រហារទៅលើទាហាន ហើយក្រសួងការពារជាតិ មិនអាចទទួលយកបានឡើយ។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មានជំនឿថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិនោះ ហាក់មានភាពលម្អៀង ពីព្រោះកងទ័ពត្រូវមានភាពអព្យាក្រឹត ឯករាជ្យ ពីគណបក្សនយោបាយនានា ហើយទាំងនាយទាហាន និងនាយប៉ូលិស ត្រូវតែប្រកាសថា មិនប្រើមុខងារ តួនាទី តំណែងរបស់ខ្លួន គាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនជាសមាជិក ឬខ្លួនគាំទ្រនោះទេ។ ហើយបើសិនជាកងទ័ពមិនមានភាពឯករាជ្យពិតប្រាកដនោះ សេចក្ដីថ្លែងការណ៍របៀបគាំទ្រគណបក្សនយោបាយរបស់កងទ័ពអាចចេញម្ដងហើយម្ដងទៀតជាមិនខាន បើទោះបីជាគណបក្សដែលនាយទាហានគាំទ្រនោះចាញ់ឆ្នោតក៏ដោយ។
ប្រជាពលរដ្ឋជាសាច់ញាតិរបស់ទាហាន និងគ្រួសារដែលបានបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើទាហាន គឺចង់បានកិត្តិយស ហើយទាហានខ្លួនឯងក៏មិនចង់មានឈ្មោះថា ជាកងទ័ពដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងដែរ។ ដូច្នេះការប្រើទាហាន និងជនស្លៀកពាក់ឯកសណ្ឋានទាហានទៅបង្ក្រាបកម្មករកាត់ដេរ ដែលភាគច្រើនជានារីភេទនោះ ឬមួយក្នុងចំណោមអ្នកតវ៉ាទាំងនោះជាសាច់ញាតិខ្លួនឯង អ្នកមានស្រុកកំណើតជាមួយគ្នានោះ អាចមិនមែនជាចំណង់របស់ទាហានមួយចំនួនដែរ។ ប៉ុន្តែទាហានគឺជាកងកម្លាំងប្រដាប់អាវុធដែលគោរពតាមបញ្ជាការមេរបស់ខ្លួន។
កាលពីថ្ងៃទី៣០ មករា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើដំឡើងឋានន្តរសក្ដិឲ្យនាយទាហានជាន់ខ្ពស់ចំនួន ២៩នាក់ ពីផ្កាយ ៣ ទៅផ្កាយ៤។ មួយថ្ងៃក្រោយការស្នើនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារថា យល់ព្រមលើសំណើសុំឡើងសក្ដិនោះ រួចបញ្ជូនទៅថ្វាយព្រះមហាក្សត្រដើម្បីសម្រេច និងចេញព្រះរាជក្រឹត្យតែងតាំង។ ការស្នើសុំដំឡើងសក្ដិនេះ ធ្វើឲ្យមន្ត្រីសង្គមស៊ីវិលគិតថា នេះជាកាយវិការបង្ហាញជាសាធារណៈឲ្យឃើញថា រដ្ឋាភិបាលលើកទឹកចិត្តនាយទាហានដែលបានអនុវត្តតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការបង្ក្រាបសកម្មភាពប្រជាពលរដ្ឋទាមទារតវ៉ាទាំងឡាយ ដែលកើតមានក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា កន្លងទៅ។
តែទោះបីជាទាហានជាកងកម្លាំងប្រដាប់អាវុធដែលឋិតនៅក្រោមបញ្ជារបស់មេខ្លួនក៏ដោយ ក៏ទាហានមួយចំនួនគេអាចប្រកែកមិនអនុវត្តបញ្ជារបស់មេខ្លួនឡើយ កាលណាមេរបស់ខ្លួនបញ្ជាឲ្យទៅបាញ់សម្លាប់ ឬវាយធ្វើបាបប្រជាពលរដ្ឋដែលគ្រាន់តែមានទស្សនៈ និងការគាំទ្រគណបក្សនយោបាយខុសពីមេរបស់ខ្លួន ហើយមិនបានប្រព្រឹត្តកំហុសអ្វីប៉ះពាល់ធ្វើឲ្យក្រឡាប់ចាក់ស្ថានការណ៍សន្តិសុខនយោបាយនោះ។
ប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិបានបង្ហាញថា បើទោះបីជាកងទ័ពមានចំនួនច្រើន មានអាវុធទំនើបៗក៏ដោយ បើសិនជាប្រជាពលរដ្ឋមិនគាំទ្រទេ កងទ័ពនោះមិនបានបំពេញការងារដែលប្រទេសជាតិរបស់គេចង់ឲ្យគេធ្វើឡើយ ហើយកងទ័ពនោះនឹងក្លាយទៅជាក្រុមប្រដាប់អាវុធមួយដែលប្រជាពលរដ្ឋខ្លួនឯងមិនចូលចិត្ត ឬអាចសម្លាប់ប្រជាពលរដ្ឋខ្លួនឯងទៀតផង ហើយកងទ័ពនោះនឹងមានកេរ្តិ៍ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ ដូចជាកងទ័ពរបស់ខ្មែរក្រហមអ៊ីចឹងដែរ។
នៅប្រទេសកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងគោរពច្បាប់ នាយទាហាននិងមេបញ្ជាការដែលបានបញ្ជាឲ្យទាហាននៅក្រោមបង្គាប់របស់ខ្លួនទៅធ្វើសកម្មភាពរំលោភច្បាប់ជាតិ អន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិនានា គឺមិនអាចគេចផុតពីការកាត់ទោសបានឡើយ បើទោះជាសកម្មភាពល្មើសច្បាប់នោះបានកន្លងផុតហើយក៏ដោយ៕
No comments:
Post a Comment