អង្គការអន្តរជាតិជាង១០ ដាក់លិខិតទៅលោក ហ៊ុន សែន
អង្គការ អន្តរជាតិ ជាង១០ ដាក់លិខិត ទៅលោក ហ៊ុន សែន រំលឹក ពីរឿងរំលោភសិទ្ធិមនុស្ស នៅកម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
អង្គការអន្តរជាតិជាង១០ ដែលមានមូលដ្ឋាននៅក្រៅប្រទេស កាលពីថ្ងៃចន្ទ បានដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជំរុញឲ្យមានវិធានការមួយចំនួន ដើម្បីអនុវត្តការគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា។
អង្គការទាំងនោះ មានដូចជា Human Rights Watch (HRW), Worker Rights Consortium (WRC), Maquila Solidarity Network (MSN), Urgent Appeals Coordinator , Clean Clothes Campaign International Secretariat (CCC), Asia Monitor Resource Centre (AMRC), International Labor Rights Forum (ILRF), Union League for Brand Responsibility, International Federation for Human Rights (FIDH), Amnesty International,Civil Rights Defenders,Southeast Asia, Freedom House និងAsian Forum for Human Rights and Development (FORUM-ASIA)។
លិខិតរបស់អង្គការទាំងនោះ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងលើការបន្តឃុំឃាំងមនុស្សទាំង២១នាក់ ក្នុងចំណោម២៣នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងពេលការបង្ក្រាបកាលពីដើមខែមករា ពេលកម្មករ ធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល។អង្គការទាំងនោះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ អ្នកត្រូវបានឃុំខ្លួន និងដកបទចោទទាំងអស់ប្រឆាំងនឹងអ្នកត្រូវបានចាប់ខ្លួនទាំងនោះ។ អង្គការ ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់លើរោងចក្រ ដែលប្រឆាំងនឹងកម្មករ និងសមាជិកសហជីព ជាការសងសឹក។
អង្គការទាំងនោះ ក៏បានស្នើឲ្យមានការដកបំរាមនៃការជួបជុំជាសាធារណៈ និងធានាសិទ្ធិនៃការប្រមូលផ្តុំដោយសន្តិភាព ការជួបជុំ និងការបញ្ចេញមតិផ្សេងៗ។ លិខិត ក៏បានស្នើឲ្យលោក ហ៊ុន សែន ធានាថា មានអ្នកទទួលខុសត្រូវនៃការប្រើប្រាស់កម្លាំងហួសហេតុ អំឡុងពេលតវ៉ា ជាពិសេសការស្លាប់ និងការរបួសផ្សេងៗ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ លោកPhil Robertson មានប្រសាសន៍ថា ការឃុំខ្លួនសកម្មជន ដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា និងបំរាមរឹតត្បិតលើការតវ៉ា គឺមិនត្រឹមតែកំពុងតែបង្កើតនូវការបារម្ភរបស់សាធារណជនយ៉ាងច្រើននៅកម្ពុជាទេ តែថែមទាំងនៅក្នុងពិភពលោក។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយទេ។ កាលពីសប្តាហ៍មុន កម្មករ២នាក់ ត្រូវបានដោះលែងតាមសំណើររបស់មេធាវី ហើយនៅថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍ បានបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំរបស់មនុស្ស២១នាក់ទៀត ដែលកំពុងជាប់ឃុំឃាំង៕
No comments:
Post a Comment