Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

វិភាគ​៖ សញ្ញាណ​ នៃ​ការបែកបាក់​ សាមគ្គី​ ជាតិ​​

វិភាគ​៖ សញ្ញាណ​ នៃ​ការបែកបាក់​ សាមគ្គី​ ជាតិ​​


ដោយ៖​ ណុល ដា​រ៉ា​ / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

ចាប់​ពី​ក្រោយ​ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ មកដល់ពេលនេះ ការជាប់គាំង​នយោបាយ​ខ្មែរ បាន​អូសបន្លាយ​រយៈពេល​ជាង​៦​ខែ​មក​ហើយ​។ មូលហេតុ​ចម្បង​ដែល​នាំឲ្យ​មាន​វិបត្តិ​នយោបាយ​នេះ គឺ​លទ្ធផល​បោះឆ្នោតជាតិ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់ថា​មាន​ការលួចបន្លំ​។​
​ភ្លាមៗ​ក្រោយ​ការប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន គណបក្ស​សង្គ្រោះ​ជាតិ​បានទាមទារ​ឲ្យមាន​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោ​ត​ឡើងវិញ ដោយ​មាន​ការចូលរួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ប៉ុន្តែគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បាន​បដិសេធ​ទៅនឹង​ការទាមទារ​នេះ។​
​ទោះយ៉ាងណា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​ឲ្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បើក​កញ្ចប់​សុវត្ថិភាព​មួយចំនួន​តូច ហើយ​កញ្ចប់​សុវត្ថិភាព​បើក​ដំបូង​គេ​ មក​ពី​ខេត្ត​ក្រចេះ សុទ្ធ​តែ​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​។​
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ហើយ​បាតុកម្ម​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពីមុនមក មាន​បាតុករ​ចូលរួម​ហែ​ក្បួន​ប្រមាណ​មួយ​លាន​នាក់ កាលពី​ចុង​ខែ​ធ្នូ​កន្លងទៅ​។​
ស្របពេល​ជាមួយ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ បាតុកម្ម​របស់​កម្មក​រ​រោងចក្រ សហជីព និង​សហគមន៍​មាន​វិវាទ​ដីធ្លី បាន​រីក​ឡើង​ដូច​ផ្សិត​។ នៅ​ថ្ងៃ​ទី​២ និង​៣ ខែ​មករា រដ្ឋាភិបាល​បាន​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ ទៅ​លើ​បាតុកម្ម​របស់​សហជីព និង​កម្មករ នៅ​មុខ​រោងចក្រ​យ៉ាក់ ជី​ង តាម​ផ្លូវជាតិ​លេខ​៤ និង​នៅ​ផ្លូវ​វ៉េងស្រេង បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​៤នាក់ របួស​ប្រមាណ​៤០​នាក់ និង​ចាប់ខ្លួន​២៣​នាក់​។​
មួយ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៤ ខែ​មករា កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល បាន​បំបែក​ការជួបជុំ​របស់​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​វាយ​ទាំង​ព្រះសង្ឃ កម្ទេច​ទាំង​វេទិកា ហើយ​បំបិទ​លែងឲ្យ​មាន​សិទ្ធិ​ជួបជុំ​គ្នា​ទៀត ដោយ​ពង្រាយ​កងសន្តិសុខ​នៅ​ទីលាន​ប្រជាធិបតេយ្យ ធ្វើឲ្យ​ទីលាន​នេះ លែង​បំពេញ​តួនាទី ដូច​ឈ្មោះ​ដែល​គេ​ដាក់ឲ្យ​។​
ក្រោយ​ពី​បាត់​មុខ​ជា​យូរ បន្ទាប់​ពី​ការប្រកាស​លទ្ធផល​ឆ្នោត​ដ៏​ចម្រូងចម្រាស នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភូមិ​កុមារ អេស អូ អេស នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​ប្រឆាំង​តប​នឹង​បាតុកម្ម​ដែល​មាន​ចរិត​ផ្ដួលរំលំ​រដ្ឋាភិបាល «ការទាមទារ​ណាក៏ដោយ ខុស​ពី​រដ្ឋធម្មនុញ្ញ មិន​អាច​ទទួលយក​បាន​ទេ បងប្អូន​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​ទាំងឡាយ ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ប្រឆាំង​តប​ជាមួយ​ទង្វើ​ទាំងឡាយ ដែល​ខ្វះ​ការទទួលខុសត្រូវ និង​មាន​ចរិត​ជា​រដ្ឋប្រហារ​»។​
​មួយ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​១៩ ខែ​មករា កូនប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ហ៊ុន ម៉ានិត បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា «​ខ្ញុំ​ប្រហែល​ជា​មិន​អាច​ឃាត់​ក្រុមយុវជន និង​ក្រុមគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៀត​ទេ ... បេះដូង​ពួកគេ​កំពុង​ឆេះ និង​ពោរពេញ​ដោយ​ការ​ស្អប់​មេដឹកនាំ​គណបក្សប្រឆាំង និង​មិន​ចង់​ស្ដាប់​ការ​ព្រុស ការដាក់​បណ្ដាសារ និង​ការជេរប្រមាថ​មេដឹកនាំ​ខ្លួន ជាពិសេស​លោក​នាយករដ្ឋមន្ត្រី» នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា កន្លងទៅ។
​ក្រុមអ្នកវិភាគ​យល់ថា សារ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី និង​កូនប្រុស​របស់​លោក​ជា​បន្តបន្ទាប់​គ្នាបែបនេះ គឺជា​សញ្ញា​មួយ​បញ្ជាក់​ឲ្យឃើញ​ពី​ការបែកបាក់​សាមគ្គី​ជាតិ​យ៉ាងធ្ងន់ធ្ងរ និង​ដ៏​គួរឲ្យ​ព្រួយបារម្ភ​។​
​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក​សំបូរ ម៉ា​ណ្ណា​រ៉ា មានប្រសាសន៍ថា អ្នកចេះដឹង​ខាង​ប្រវត្តិសាស្ត្រ និង​ដំណើរការ​វិវត្តន៍​នៃ​ពិភពលោក​ជាក់ស្ដែង គេ​គិត​ទុកជាមុន​ហើយ​ថា នឹង​មាន​បញ្ហា​ប្រឈម​បែបនេះ​។ លោក​សាស្ត្រាចារ្យ​បានលើកឡើង ​ពី​ការបែកបាក់​សាមគ្គី​គ្នា​នៅ​សម័យបុរាណ ដូចជា​សម័យ​អាណាចក្រ​ភ្នំ អាណាចក្រ​ចេនឡា និង​សម័យ​កណ្ដាល​ជាដើម ហើយ​ថា​សកម្មភាព​ដែល​កើតឡើង​នៅ​ពេល​ថ្មីៗ​នេះ ជា​សញ្ញាណ​បញ្ជាក់​ឲ្យឃើញ​នូវ​ការបែកបាក់​។​
បើសិនជា​មាន​ទំនាស់​គ្នា តាមរយៈ​នៃ​វិបត្តិ​រវាង​ក្រុម​បក្សពួក​ម្ខាងៗ​តទល់​គ្នា នោះឯង​គឺជា​សញ្ញាណ​នៃ​ការបែកបាក់​ជាតិ​ហើយ​បាទ​។
​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត​សុខ ទូច ឲ្យយោបល់​ថា សញ្ញាណ​នៃ​ការបែកបាក់​ជាតិ គឺ​នៅ​ពេល​ដែល​អ្នកនយោបាយ​ទ័លច្រក អស់​ផ្លូវ​ដោះស្រាយ​។​
​នៅពេល​ដែល​អ្នកនយោបាយ​ប្រើប្រាស់​បន្លា​ជោះបន្លា យើង​ឃើញថា ជាតិ​យើង​ឈាន​ទៅ​ដល់​បែកបាក់​ជា​ទម្ងន់​ហើយ ដែល​អ្នក​នយោបាយ​គ្មាន​ដំណោះស្រាយ​។​
​លោក​បណ្ឌិត​សុខ ទូច បន្ថែមទៀតថា មូលហេតុ​ដែល​នាំឲ្យ​ឈាន​ដល់​ការបែកបាក់​គ្នា​នេះ មក​ពី​អ្នកនយោបាយ​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​មិន​ដោះស្រាយ​បញ្ហា​ទាន់ពេលវេលា បណ្ដែតបណ្ដោយ​ឲ្យ​សភាព​ការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។​

​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ខ្មែរ លោក​ កែម ឡី មានប្រសាសន៍ថា ការប្រឆាំង​គ្នា​ទៅវិញទៅមក​ពី​គ្នា​បក្ស​មួយ​ទៅ​គណបក្ស​មួយ វា​មិន​ជា​ការ​អាក្រក់​ទេ បើសិន​ការប្រឆាំង​នោះ​ជា​ការសម្ដែង​មតិ សម្ដែង​គំនិត​។
​ប្រជាជន​មិន​បែកបាក់​ទេ ខ្ញុំ​គិតថា អ្នកនយោបាយ​រាល់ថ្ងៃនេះ​បាន​បែកបាក់​។ ខ្ញុំ​គិតថា​ជាតិ​ទាំងមូល​មិន​បែកបាក់​ទេ គាត់​មាន​ការយល់ដឹង​ច្រើន ប៉ុន្តែ​អ្នក​នយោបាយ​វា​មាន​ការបែកបាក់​ទៅវិញ​។​
​លោក​បន្ថែមថា កត្តា​ដែល​ធ្វើឲ្យ​មាន​ភាព​តានតឹង​ដូច​សព្វថ្ងៃ​គឺ​មាន​បី មួយ​អ្នកនយោបាយ​ធ្វើ​នយោបាយ​សម្រាប់​តែ​ខ្លួនឯង មិន​គិត​ដល់​ភាព​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ ទី​ពីរ​មក​ពី​ខ្មែរ​យើង​ខ្វះ​ទិន្នន័យ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​រួម យើង​ឃើញ​ព្រឹត្តិការណ៍​មួយ​បកស្រាយ​ពីរ វែកញែក​ចេញ​ជា​ពីរ និង​ទី​បី​មក​ពី​យើង​មានច្បាប់​មិន​ច្បាស់លាស់ ជា​កត្តា​ធ្វើឲ្យ​អ្នកដឹកនាំ​ញៀន​អំណាច មិន​ចង់​ចុះចេញ​ពី​អំណាច​។​
ទោះបីជា​យ៉ាងណា ក្រុមអ្នកវិភាគ​យល់​ឃើញ​ដូចគ្នា​ថា ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គឺជា​បុព្វហេតុ​ចម្បង​នៃ​ការបែកបាក់​នេះ ហើយ​ថា ចំណង​នៅត្រង់ណា គេ​ត្រូវតែ​ស្រាយ​នៅ​កន្លែង​នោះ​។​



No comments:

Post a Comment