៧-សីហា-២០១២៖ សាលាដំបូងខេត្តព្រះវិហារ
(RFA / Keo Nimol)
តុលាការ ខេត្តព្រះវិហារ កោះហៅ អ្នកភូមិ ១២នាក់ ទៅសាកសួរ ក្រោយតវ៉ា រឿងដី
អង្គការ សិទ្ធិមនុស្ស ក្រៅរដ្ឋាភិបាល មួយចំនួន មានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ កាន់តែច្រើនឡើងៗ ត្រូវប្រឈមមុខ នឹងការចោទប្រកាន់ ពី តុលាការ ដោយសារតែមានទំនាស់ដីធ្លី ជាមួយ នឹងក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច។
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០២ កុម្ភៈ ២០១៤
នៅក្នុងរយៈពេល ១ខែនៃឆ្នាំ២០១៤ គឺមានប្រជាពលរដ្ឋចំនួន ២២នាក់ នៅក្នុងស្រុកចំនួន២ ត្រូវបានតុលាការចេញដីកាកោះហៅទៅសាកសួរពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនេះ។
សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាកោះហៅតំណាងអ្នកភូមិស្រយង់ខាងជើង នៃឃុំស្រយង់ ស្រុកគូលែន ចំនួន ១២នាក់ ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺរយៈពេល ២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ខាងមុខនេះ។
ការកោះហៅតំណាងអ្នកភូមិទាំង ១២នាក់ឱ្យចូលទៅឆ្លើយបំភ្លឺនោះ បន្ទាប់ពីតំណាងក្រុមហ៊ុន ហ៊្វីភី ម៉ាឡេស៊ី (Fephy Malaysia) បានដាក់ពាក្យប្ដឹងចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
ស្រ្តីអ្នកភូមិស្រយង់ខាងជើងមួយរូប គឺអ្នកស្រី យីវ វ៉ាន់ថា។ អ្នកស្រីបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ថា ប្ដីរបស់អ្នកស្រីឈ្មោះ ហួន ចាន់ធឿន គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិចំនួន ១១នាក់ទៀត ដែលតុលាការខេត្តព្រះវិហារ បានចេញដីកាកោះហៅទៅសាកសួរពីបទព្រហ្មទណ្ឌ។ ស្ត្រីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ មានអ្នកភូមិជាច្រើនបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន ហ្វ៊ីភី ដែលបានពង្រីកដីសម្បទាន ដោយធ្វើរបងបិទផ្លូវចេញចូលរបស់ប្រជាពលរដ្ឋ។ នៅពេលបាតុកម្មនោះ គឺប្រជាពលរដ្ឋបាននាំគ្នាដុតបំផ្លាញទ្វារឈើមួយផ្ទាំងរបស់ក្រុមហ៊ុនដែលដាក់បិទផ្លូវនោះ។
អ្នកស្រី យីវ វ៉ាន់ថា៖ «ប្ដីខ្ញុំគេកោះហៅដែរ ហៅគ្នា ១២នាក់ ប៉ុន្តែគេហៅ ៣វគ្គ។ វគ្គទី១ មានប្ដីខ្ញុំ ថ្ងៃទី៣ មាន ៤នាក់ ថ្ងៃទី៤ មាន ៤នាក់ និងថ្ងៃទី៥ មាន ៤នាក់។ ព្រួយបារម្ភហ្នឹងឯងបានថាពឹងពាក់មេធាវីឱ្យជួយដោះស្រាយប្រជាជនផង ព្រោះប្រជាជនធ្វើនៅលើដីខ្មែរ ហើយដីជារបស់រដ្ឋ ដល់ពេលចុងក្រោយមានបញ្ហា គឺចោទប្រកាន់ថា ប្រជាជនកាន់កាប់ដីខុសច្បាប់»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សោ សាវុធ ជាចៅក្រមស៊ើបសួរនៃសំណុំរឿងក្ដីនោះ ដើម្បីសុំការអធិប្បាយបានថាយ៉ាងណានៅឡើយទេ។
ចំណែកមេធាវីការពារក្ដីឱ្យប្រជាពលរដ្ឋ គឺលោក ឡុង លន់ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងជុំវិញរឿងតុលាការកោះហៅកូនក្ដីរបស់លោកទៅសាកសួរនោះទេ។
លោក ឡុង លន់ បានបញ្ជាក់ថា កូនក្ដីរបស់លោកគ្រាន់តែជាជនសង្ស័យដែលគេបានប្ដឹង ដូច្នេះតាមគោលការណ៍ច្បាប់ តុលាការត្រូវតែកោះហៅមេធាវីដើម្បីឱ្យមេធាវីបានចូលទៅការពារសិទ្ធិកូនក្ដីរបស់ខ្លួន។
លោក ឡុង លន់ បានសង្កត់ធ្ងន់ថា ជានីតិវិធី តុលាការត្រូវតែកោះហៅមេធាវីទើបត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែបែរជាកោះហៅតែប្រជាពលរដ្ឋ ហើយមេធាវីមិនដឹងទៅវិញ៖ «បើសិនជានៅថ្ងៃស្អែក និងខានស្អែក មានការកោះហៅមែន ហើយអវត្តមានមេធាវី រឿងហ្នឹងខ្ញុំយល់ថា បើតាមនីតិវិធី ការធ្វើហ្នឹងមិនត្រឹមត្រូវ»។
ក្នុងរយៈពេលចន្លោះគ្នាតែកន្លះខែនៃឆ្នាំ២០១៤ នេះ តុលាការខេត្តព្រះវិហារ បានកោះហៅតំណាងអ្នកភូមិទៅសាកសួរសំណុំរឿងព្រហ្មទណ្ឌ ដោយសារទំនាស់ដីធ្លីចំនួន ២លើកហើយ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ កន្លងទៅ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាកោះហៅតំណាងអ្នកភូមិអូរពោធិ៍ ក្នុងស្រុករវៀង ចំនួន ១០រូប ទៅសាកសួរជុំវិញករណីរារាំងកិច្ចការសាធារណៈ ដោយសារតែអ្នកភូមិបានតវ៉ាជុំវិញរឿងដីធ្លីជាមួយក្រុមហ៊ុនដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បានមានប្រសាសន៍ថា អ្នកភូមិស្រយង់ខាងជើង ស្រុកគូលែន ដែលតុលាការកំពុងកោះហៅទៅសាកសួរបន្តបន្ទាប់នោះ គឺត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយចេតនា។ លោក ឡោ ចាន់ បានសំដែងការព្រួយបារម្ភខ្លាចក្រែងតុលាការចាប់ឃុំខ្លួនតំណាងអ្នកភូមិទាំងនោះ៕
No comments:
Post a Comment