មន្ត្រីរដ្ឋាភិបាល៖ កម្ពុជា មិនចាប់អារម្មណ៍ នឹងការប្តឹង លោកនាយក រដ្ឋមន្ត្រីទៅ ICC នោះទេ
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍នឹងការប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ទេ ដោយចាត់ទុកថា ជាបណ្តឹងដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។
ប្រតិកម្មតបនេះ បានធ្វើឡើងខណៈដែលប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានសរសេរ Status នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះថា មេធាវីជនជាតិអាមេរិកាំង តំណាងឲ្យក្រុមសម្ព័ន្ធនៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ម័រតុន សក្លា (Morton Sklar) នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃនេះ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកមួយចំនួន ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងរារាំងការស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហម។ ក្នុង Status របស់លោក សម រង្ស៊ី ដដែលលើកឡើងពីសំដីដែលលោក ម័រតុន សក្លា បញ្ជាក់ថា ក្រុមរបស់លោកបានប្រមូលភស្តុតាងជាយូរឆ្នាំមកហើយ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជា និងមិនអាចរងចាំបានតទៅទៀត ដោយខ្លាចក្រែងស្ថានភាពសិទ្ធិមនុស្ស កាន់តែអាក្រក់ជាងនេះ។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់នឹងពាក្យបណ្តឹងនេះទេ ព្រោះថាកម្ពុជាមានច្បាប់ក្នុងប្រទេស ហើយរាល់ការចោទប្រកាន់ណាមួយ ត្រូវទាមទារឲ្យមានភស្តុតាងពិតប្រាកដ បើមិនដូច្នោះទេវាជារឿងខុសច្បាប់ «ការប្រកូកប្រកាសនេះ ហាក់ដូចជាមិនមានឥទ្ធិពលណាមួយសម្រាប់ឲ្យរាជរដ្ឋាភិបាលឬក៏សម្តេច ហ៊ុន សែន ខ្វល់ពីបញ្ហាហ្នឹងទេ ពីព្រោះនេះជាសិទ្ធិនៃអ្នកប្តឹង ក៏ប៉ុន្តែយើងគិតពីតម្លៃនៃការអនុវត្តច្បាប់នៅក្នុងប្រទេស គឺគេផ្តល់អាទិភាពទៅលើអំណាចតុលាការនៅក្នុងប្រទេស ដូច្នេះប្រសិនជារឿងណាមួយដែលមិនមានការចោទប្រកាន់ធ្ងន់ធ្ងរ ឬមួយទំហំនៃរឿងនេះមិនឆ្លងកាត់តុលាការនៅក្នុងប្រទេសទេ ហើយពង្រីកវិសាលភាពទៅអន្តរជាតិ ខ្ញុំយល់ថានីតិវិធីនេះ ខុសច្បាប់»។
មេធាវីរបស់រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍ថាប្រាប់ VOD នៅរសៀលថ្ងៃសុក្រនេះថា លោកមិនទាន់អាចឆ្លើយតបនឹងព័ត៌មាននេះបានទេ ដោយលោកត្រូវសិក្សាឲ្យឃើញថា ពិតជាមានករណីដូចការលើកឡើងពិតមែន ឬយ៉ាងណា «ខ្ញុំអត់ទាន់ឆ្លើយកើត ព្រោះអត់ដឹងព័ត៌មានពិត តែបើតាមច្បាប់ចឹងវាមិនអាចនិយាយ ទាល់តែយើងសិក្សាឲ្យច្បាស់ថាមានមែន អីមែនចឹងទើបបានអាចនិយាយកើត»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ក្នុងករណីទាំងនេះ លោកមិនអាចបកស្រាយបានទេ មានតែតុលាការ ICC ទើបអាចវិនិច្ឆ័យបាន។ លោកបន្ថែមថា ប្រសិនបើករណីធ្ងន់ធ្ងរ ហើយតុលាការក្នុងប្រទេសមិនអាចដោះស្រាយបាន នោះតុលាការអន្តរជាតិអាចនឹងត្រូវមានវិធានការ ពេលដែលមានការប្រមូលផ្តុំភស្តុតាងគ្រប់គ្រាន់ «មានតែតុលាការ ICC ទេដែលគាត់ដឹង ក៏ប៉ុន្តែការជម្លៀសប្រជាជនដោយបង្ខំ ការសម្លាប់ប្រជាជនក្រៅច្បាប់ ការធ្វើទារុណកម្មទៅលើអ្នកណាម្នាក់ក្រៅច្បាប់ វាសុទ្ធតែជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិប្រសិនបើមានអ្នកបញ្ជា អញ្ចឹងបើកាលណាតុលាការក្នុងស្រុកមិនដែលចាត់វិធានការមិនមានប្រសិទ្ធភាព សំណុំរឿងទាំងអស់ដែលកើតឡើង អាចគេប្រមូលផ្តុំគ្នាដើម្បីយកទៅពិភាក្សានៅក្នុង ICC ដែរ»។
បើតាមគេហទំព័ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបញ្ជាក់ថា នៅ ICC មានបទល្មើស៤ គឺបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងជនណាមួយ ឬក្រុមណាមួយ ដែលបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរ ទៅលើជនស៊ីវិលដែលគ្មានអាវុធឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានអ្នកច្បាប់ក្នុងស្រុកណាម្នាក់អាចបកស្រាយបានថា សំណុំរឿងដែលនឹងដាក់ទៅ ICC ជាប្រភេទនៃបទល្មើសណាមួយនៅឡើយទេ៕
បើចម្លងព៌តមានពីគេ គួរប្រាប់អ្នកអានអំពីប្រភពព៌តមានផង ។
ReplyDeleteអរគុណ