ក្រសួងការងារ ឲ្យពលរដ្ឋ ដែលចាញ់បោក អង្គការ អភិវឌ្ឍន៍សេដ្ឋកិច្ច អតីតយុទ្ធជន កម្ពុជា រួសរាន់ ដាក់ពាក្យបណ្តឹង
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ចាញ់បោក អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចអតីតយុទ្ធជនកម្ពុជា រួសរាន់ដាក់ពាក្យបណ្តឹង ដើម្បីទាមទារសំណងជំងឺចិត្ត និងដាក់ទោសលើជនប្រព្រឹត្តបទល្មើស។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញនៅថ្ងៃអង្គារម្សិលមិញនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោករបស់អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចអតីតយុទ្ធជនកម្ពុជា ដែលមានលោកស្រី ឯម សំអឿន ជានាយិកា ហើយកំពុងត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួនពីបទឆបោកជាក្រុម មានការចាត់តាំង ឲ្យរួសរាន់ដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងជំងឺចិត្ត និងដាក់ទោសលើជនប្រព្រឹត្តបទល្មើស។
ក្រសួងការងារ បញ្ជាក់ថា ប្រព័ន្ធនៃការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ គឺជាប្រព័ន្ធបញ្ជូនរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដែលក្នុងនោះមានមន្ត្រីនៃក្រសួងមុខរបរ និងការងារនៃសាធារណកូរ៉េចំនួន២រូប កំពុងប្រចាំនៅកម្ពុជា និងធ្វើការជាមួយគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសដោយផ្ទាល់តែម្តង ដូច្នេះភ្នាក់ងារឯកជន អង្គការ សាលា វិទ្យាស្ថាន និងសហគមន៍សាសនា ដែលបណ្តុះបណ្តាលភាសាកូរ៉េ ពុំមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េឡើយ៕
No comments:
Post a Comment