វិភាគ៖ គណបក្ស ទាំងពីរ អាចឯកភាពគ្នា ខណៈពេល ដើរដល់ផ្លូវទ័លច្រក រៀងៗខ្លួន
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ជំនួបក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាង២ម៉ោង នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកុម្ភៈ បានឯកភាពគ្នាលើបីចំណុច៣ គឺទី១ បង្កើតគណៈកម្មការចម្រុះដែលមានសមាសភាពស្មើគ្នា រវាងគណបក្សទាំងពីរ ដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ ទី២ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីប្រមូលយោបល់ និងអនុសាសន៍ពីគ្រប់មជ្ឈដ្ឋានជុំវិញការងារបោះឆ្នោត និងទី៣ ដំណើរការធ្វើកំណែទម្រង់ការបោះឆ្នោត ត្រូវមានការឧបត្ថម្ភបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ។
ក្នុងជំនួបនោះគណបក្សសង្គ្រោះជាតិ នាំយករបៀបវារៈពីរ គឺការធ្វើកំណែទម្រង់ការបោះឆ្នោត និងការរៀបចំការបោះឆ្នោតឡើងវិញ ឬការបោះឆ្នោតមុនអាណត្តិ។ ចំណែកគណបក្សប្រជាជនកម្ពុជាលើកយកតែចំណុចមួយទេ គឺការធ្វើកំណែទម្រង់ការបោះឆ្នោត ដោយផ្នែកលើស្មារតីនៃសេចក្តីប្រកាសជំនួបកំពូល រវាងបក្សទាំងពីរកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
បើប្រៀបធៀបលទ្ធផលនៃជំនួប និងបញ្ហាដែលគណបក្សទាំងពីរ កំពុងលើកយកទៅជជែកនោះដូចជានៅឆ្ងាយគ្នា ប្រៀបបានដូចជា ទើបនឹងចេញដំណើរលើប្រវែងផ្លូវវែងឆ្ងាយមួយដូច្នោះ។ ទោះយ៉ាងណាការចាប់ផ្តើមចេញនេះ គឺជាចំណុចល្អប្រសើរ ដែលគណបក្សទាំងពីរ ចាប់ផ្តើមគិតរកដំណោះស្រាយបញ្ហា មិនមែនគិតរកចំណុចដើម្បីឈ្នះគ្នាដូចមុនទេ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុខ ទូច យល់ថា ការឯកភាពគ្នារវាងគណបក្សទាំងពីរក្នុងជំនួបនោះ មិនសំខាន់សម្រាប់ដោះស្រាយវិបត្តិនយោបាយទេ តែជំនួបនោះ ជាសញ្ញាល្អថ្មី ដែលអ្នកនយោបាយ បង្ហាញឥរិយាបថចូលតុចរចាចង់បញ្ចប់បញ្ហា «វាមានផលប្រយោជន៍ ដែលធ្វើឲ្យអ្នកនយោបាយចូលតុចរចា ជាមួយគ្នា ដើម្បីឲ្យមានលំនឹងខាងនយោបាយ»។
ជំនួបនោះអាចហៅថាជា សញ្ញាល្អបាន ឬអត់ បើចាប់ពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣មក លោក ហ៊ុន សែន និង សម រង្ស៊ី រួមទាំងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ធ្លាប់ជួបគ្នាជាបន្តបន្ទាប់ តែស្ថានភាពនយោបាយប្រែប្រួល ពីធូរស្រាលដល់សភាពធ្ងន់ធ្ងរ រហូតដល់សមត្ថកិច្ចវាយបង្ក្រាបបាតុកររ បស់គណបក្សសង្គ្រោះជាតិ និងប្រកាសដាក់បម្រាមនៃការប្រមូលផ្តុំ។
ក្រោយការជួបជាបន្តបន្ទាប់នោះ គណបក្សសង្គ្រោះជាតិប្រមូលកម្លាំង ធ្វើបាតុកម្ម ពីរាប់ម៉ឺនទៅក្បែរលាននាក់ ចំណែកកម្លាំងសមត្ថកិច្ចដែលស្ថិតនៅក្រោមការបញ្ជា របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីការប្រើកម្លាំងដើម្បីទប់ទល់បាតុករ រហូតដល់វាយបង្ក្រាប និងបាញ់សម្លាប់លើបាតុករ។
តើការចាប់ផ្តើមយោងដៃរកគ្នាជាថ្មី របស់គណបក្សទាំងពីរ អាចនឹងធ្វើឲ្យស្ថានភាពនយោបាយកាន់តែធ្ងន់ធ្ងរដូចមុនៗទៀតទេ?
លោក សុខ ទូច យល់ឃើញការជួបគ្នាលើកនេះ អាចមានផលវិជ្ជមានច្រើន ដែលអាចឈានទៅរកចំណុចរួមអាចដោះស្រាយវិបត្តិនយោបាយបាន ព្រោះគណបក្សទាំងពីរ ហាក់ដូចដើរដល់ផ្លូវទ័លច្រក រៀងខ្លួនហើយ «អ្នកនយោបាយកំពុងតែដើរទៅដល់ច្រកទាល់រៀងខ្លួន។ គណបក្សប្រជាជន គាត់មិនអាចទទួលប្រាក់កម្ចី ពីបរទេស ដូចជា World Bank ADB ឬម្ចាស់ជំនួយ នៅក្នុងបច្ចឹមប្រទេស។ ហើយឯគណបក្សសង្គ្រោះជាតិ លោក មិនហ៊ានធ្វើបាតុកម្ម ព្រោះធ្វើបាតុកម្ម គណបក្សប្រជាជន បង្ក្រាប។ អញ្ចឹងទេ អ្នកទាំងពីរនោះ ដឹងហើយ ចំនុចខ្សោយរៀងខ្លួនដឹងហើយ គួរតែអ្នកនយោបាយ ត្រូវតែបញ្ចប់ ភាពជាប់គាំងនយោបាយ ត្រូវតែចូលចរចា»។
ចាប់ពីក្រោយថ្ងៃ២ ថ្ងៃ៣ និងថ្ងៃ៤ ខែមករា ពេលដែលសមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាបបាញ់សម្លាប់ផ្ទូនៗ លើបាតុករ ជាកម្មករ និងបាតុករជាប្រជាពលរដ្ឋ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិមក មានការផ្ទុះតវ៉ាប្រឆាំងរដ្ឋាភិបាលដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហគមន៍អន្តរជាតិជាបន្តបន្ទាប់ដូចជា នៅអាមេរិក អង់គ្លេស បារាំង អូស្ត្រាលី កូរ៉េខាងត្បូង និងហ្វីលីពីន ជាដើម។
ចំណែកគណបក្សសង្គ្រោះជាតិ ក្រោយពេលសមត្ថកិច្ចបង្ក្រាបបាតុកររបស់ខ្លួន ក្រោយថ្ងៃទី៤ ខែមករាមក គណបក្សនេះក៏មិនហ៊ានប្រមូលផ្តុំបាតុករដូចមុនទៀត ដោយសារតែក្រសួងមហាផ្ទៃបានចេញបម្រាមហាមការប្រមូលផ្តុំ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។ មិនមែនតែនៅភ្នំពេញទេ ដែលមានការរំខាននោះ គឺនៅតាមបណ្តាខេត្ត ពេលដែលគណបក្សង្គ្រោះជាតិចង់ប្រមូលផ្តុំ ក៏មានសកម្មជនគណបក្សប្រជាជនកម្ពុជា ចេញមុខរំខានដែរ ដូចជានៅខេត្តកណ្តាល ខេត្តកំពង់ចាម ព្រៃវែងជាដើម។
សម្ពាធទាំងខាងក្នុង និងខាងក្រៅប្រទេសទេសនេះ ហាក់ទុកផ្លូវតែមួយសម្រាប់ឲ្យគណបក្សទាំងពីរ ដើរទៅរកកន្លែងអង្គុយទល់មុខគ្នា លើកបញ្ហាដាក់លើតុដើម្បីជជែកស្វែងរកដំណោះស្រាយ។
លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិអង្គការនិចហ្វិច និងជាអ្នកតាមដានបញ្ហានយោបាយ យល់ថា នេះជាលទ្ធផលវិជ្ជមានបឋម ដែលអាចជាសញ្ញាណជំរុញឲ្យថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ពិចារណាចូលតុចរចាជាថ្មី តែការដោះស្រាយបញ្ហាទាំងស្រុង គឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយផ្ទាល់ «ពាក្យហ្នឹង គេមិនយកទៅធ្វើអ្វីទៀតទេ ប៉ុន្តែគេហ្នឹងយកទៅធ្វើអ្វីទៀតប្រសិនបើ ការចរចាហ្នឹងធ្វើឲ្យបាត់បង់ ផលប្រយោជន៍របស់គណបក្សខ្លួនឯង ឬក៏ចង់បន្តូចបង្គាប់ចំពោះលទ្ធផលនៃការចរចា»។
ក្រោយពេលជំនួបនៅថ្ងៃទី១៨ ខែកុម្ភៈ ក្រុមការងារគណបក្សទាំងពីរថ្លែងក្នុងសន្និសីទសារព័ត៌មានថា ជំនួបនោះមានផ្លែផ្លា ហើយពួកគេនឹងរាយការណ៍ដល់ថ្នាក់ដឹកនាំរៀងៗខ្លួន ដើម្បីឈានទៅរកជំនួបកំពូល ដែលអាចទម្លុះភាពជាប់គាំងនយោបាយបាន។
កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៣ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំមន្ត្រីរបស់ខ្លួន ជួបគ្នាទៅវិមានរដ្ឋសភាដើម្បីរកច្រកចេញពីភាពទ័លច្រកនយោ បាយ ក្រោយថ្ងៃបោះឆ្នោត។ ក្រោយជំនួបនោះភាគីទាំងពីរ សុទ្ធតែអះអាងថា ទទួលបានលទ្ធផលល្អកើតពីការជជែកក្នុងការដោះស្រាយវិបត្តិនយោបាយ តែលទ្ធផលនោះក្លាយជាអត់ន័យពេលដែលភាគីទាំងពីរ មិនអនុវត្តតាមការព្រមព្រៀង ហើយបណ្តាលឲ្យស្ថានភាពនយោបាយ កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ៕
No comments:
Post a Comment