Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

​សហជីព និង​សង្គម​ស៊ីវិល គ្រោង​ធ្វើ​ យុទ្ធនាការ​ថ្មី និង​កូដកម្ម​ ទ្រង់ទ្រាយ​ធំ ដើម្បី​ដាក់​សម្ពាធ​តុលាការ​ ដោះលែង​ជន​ទាំង​២៣​នាក់​​

ការទាមទារឲ្យដោះលែងអ្នកទាំង២៣ ដែលសង្គមស៊ីវិលបានធ្វើកន្លងមក ដោយដើរដាក់ញត្តិនៅតាមស្ថានទូតនានា (រូបថត៖ តាត ឧត្តម)


​សហជីព និង​សង្គម​ស៊ីវិល គ្រោង​ធ្វើ​ យុទ្ធនាការ​ថ្មី និង​កូដកម្ម​ ទ្រង់ទ្រាយ​ធំ  ដើម្បី​ដាក់​សម្ពាធ​តុលាការ​ ដោះលែង​ជន​ទាំង​២៣​នាក់​​


ដោយ៖​ តាំង វីដា​ | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014

សហជីព​ធំៗ និង​អង្គការ​សង្គម​ស៊ីវិល គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ និង​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​ជា​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​ប្រព័ន្ធតុលាការ ផ្តល់​យុត្តិធម៌ និង​ដោះលែង​ជន​ជាប់​ឃុំ ២១​នាក់ ព្រមទាំង​ទម្លាក់​បទ​ចោទ​លើ​ជន​ទាំង​២៣​នាក់ ដែល​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​។​
​ការបង្ហាញ​ជំហរ​នេះ ធ្វើឡើង​នេះ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថា​ទុកជា​បានការ​។ ករណីនេះ ត្រូវបាន​សហជីព​បណ្តាញ​ពហុ​វិស័យ និង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា ប្រព័ន្ធតុលាការ សម្រេចសេចក្តី​មិន​ឯករាជ្យ ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​។​
ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក សរ ម៉ូ​រ៉ា ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ សហជីព និង​សមាគម​ធំៗ​ចំនួន១៦ នឹង​ជួបពិភាក្សា កំណត់​ថ្ងៃ និង​ពេលវេលា ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ជា​ថ្មី ក្រោមរូបភាព​ដាក់​គំនាប​នានា ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុនៗ ហើយ​មាន​រយៈពេល​វែង ដើម្បី​បន្ត​ការទាមទារ​រក​យុត្តិធម៌​ដល់​សកម្មជន​សិទ្ធិមនុស្ស សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី និង​កម្មករ​ទាំង​២៣​នាក់​។ លោក​ថា ការប្តេជ្ញាចិត្ត គឺ​សហជីព ក៏ដូចជា​កម្មករ មិន​ខ្លាច​នូវ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នោះឡើយ «​រស់នៅ​ដោយ​មាន​ការគំរាមកំហែង រស់នៅ​ដោយ គ្មាន​នូវ​សេរីភាព ហើយ​យើង​មើលឃើញថា សូម្បី​តែ​ជួបជុំគ្នា ក៏​មិន​ឲ្យ​ជួបជុំគ្នា មាន​អ្វី​ខុសគ្នា​ពី​រស់នៅក្នុង​គុក វា​ដូច​តែ​នៅក្នុង​គុក​អញ្ចឹង យើង​អត់​មាន​បារម្ភ ក្នុងការ​គំរាម​ហ្នឹង​ទៀត​ទេ ព្រោះ​យើង​មិន​មាន​ជម្រើស​ទៀត​ទេ​»​។​
នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​រួម​គ្នា​ជាង ១៤០​អង្គការ នឹង​សាមគ្គី​គ្នា​បន្ត​យុទ្ធនាការ គ្រប់​រូបភាព នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​រក​អន្តរាគមន៍ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល បញ្ឈប់​ការដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​ផល​ប្រយោជន៍​នយោបាយ ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ «​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​ដោយ មិន​តាម​បញ្ជា​ពី​ថ្នាក់លើ របស់​គាត់​ទេ តាម​ខ្សែ​បក្ស​របស់​គាត់​ទេ​។ អញ្ចឹង​បើ​មាន​សម្ពាធ​ពី​ម​ជ្ឈ​ដា្ឋន​ជាតិ ពី​ប្រជាពលរដ្ឋ​ខ្មែរ កាន់តែ​ច្រើនឡើងៗ ហើយ​ពី​សហគមន៍​អន្តរជាតិ​នោះ ការផ្តល់​នូវ​យុត្តិធម៌ នោះ​នឹង​បាន​ប្រសើរ នឹង​មាន​ការប្រែប្រួល​»​។​
​សម្រាប់ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៊ុនតេញ មាន​សង្ឃដីកា​ថា ក្នុង​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ដល់​អ្នក​ទាំង​២៣​នាក់ ព្រះអង្គ នឹង​បន្ត​ការតស៊ូ​ធម្មយា​ត្រា ធម្មទេសនា​ផ្សេងៗ ដើម្បី​ពន្យល់​ដល់​មនុស្ស​លោក​យល់​ច្បាស់​ពី​សច្ចៈ​ភាព និង​តថភាព​សង្គម ដើម្បី​សេចក្តីសុខ​ដល់​ខ្មែរ​ទាំងពួង​។ ព្រះ​តេជគុណ មាន​សង្ឃដីកា​ជូនដំណឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ ព្រះអង្គ នឹង​ចាប់ផ្តើម​យុទ្ធនាការ​ទាំងនេះ នៅ​សហគមន៍​បឹងកក់ វេលា​ម៉ោង​៩​ព្រឹក​។​
​ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​សំណូមព​រ​ដល់​ប្រជាពលរដ្ឋ សហគមន៍ជាតិ និង​អន្តរជាតិ ជៀសវាង​ការប្រមូលផ្តុំ ឬ​ធ្វើ​បាតុកម្ម​នានា​។ លោក​ថា អាជ្ញាធរ នឹង​បន្ត​អនុវត្ត​បម្រាប បំបែក​រាល់​ការប្រមូលផ្តុំ​នានា ដោយសារ​ស្ថានការណ៍​កម្ពុជា នៅ​មិនទាន់​វិល​ទៅ​រក​ប្រក្រតីភាព​ពេញលេញ​នៅឡើយ​ «បាតុកម្មតវ៉ានេះ តវ៉ានោះអី ស្នើសុំមតិជាតិ អន្តរជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រោះថាសភាពការណ៍នេះ បច្ចុប្បន្ននេះ មិនទាន់អាចសុំផ្អាកប្រជាពលរដ្ឋសិន រង់ចាំសភាពការណ៍វិលមករកភាពប្រក្រតី ហើយសេចក្តីប្រកាសព័ត៌មាននេះ នៅជាផ្លូវការនៅឡើយទេ»។
​កន្លងមក ប្រជា​សហគមន៍​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ បាន​ធ្វើ​យុទ្ធនាការ​នានា និង​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ និង​ទម្លាក់​បទ​ចោទ​ទៅ​លើ​អ្នក​ទាំង​២៣​នាក់ ដោយ​ឥត​លក្ខខណ្ឌ​។ តែ​ទោះ​យ៉ាងណា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ ហើយ​ក្រោយ​ការប្រកាស​សេចក្តី​របស់​សាលាឧទ្ធរណ៍ ក្រុម​មេធាវី​១០​រូប​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព បាន​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ដោយ​បញ្ជាក់​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ ទៅលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​នោះ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​មាត្រា​ច្បាប់ ក្នុងការ​សំអាង​ហេតុ​៕




No comments:

Post a Comment