អ្នកភូមិ ជាង១០០នាក់ នៅតាកែវ ដាក់ញត្តិទាមទារ សុំដោះលែង តំណាង
ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
កសិករជាង ១០០នាក់ មកពីច្រើនសហគមន៍ក្នុងខេត្តតាកែវ បាននាំគ្នាដាក់ញត្តិទៅសាលាខេត្តនេះ ស្នើសុំឲ្យដោះលែងតំណាងកសិករឈ្មោះ ថេង សាវឿន ដែលត្រូវកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលចាប់ឃុំខ្លួនជាមួយលោក វន់ ពៅ កាលពីថ្ងៃទី២ ខែមករា កន្លងមក។
នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ សវនាការសាលាឧទ្ធរណ៍ មិនអនុញ្ញាតឲ្យអ្នកទាំងនោះបាននៅក្រៅឃុំទេ។
លោក សំ លន់ តំណាងសហគមន៍កន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ថ្លែងថា ញត្តិត្រូវបានមន្រ្តីសាលាខេត្តតាកែវ ទទួលយកហើយ៖ «ប៉ូលិសមាន ប៉ុន្តែគេអត់មានមករារាំងយើងទេ ព្រោះយើងធ្វើដោយសន្តិវិធីនៅមុខសាលាខេត្ត ចៅហ្វាយខេត្តទទួលហើយបានពួកខ្ញុំវិលមកវិញ។ ខ្ញុំគិតថា ធ្វើហ្នឹងបានត្រឹមត្រូវ គឺជួយដើម្បីឲ្យ ២៣នាក់ហ្នឹងបានរួចចេញពីពន្ធនាគារ រួចពីការចោទប្រកាន់។ ក្នុង ២៣នាក់នឹងមានលោកប្រធាន ហើយលោក ថេង សាវឿន»។
លោក សំ លន់ និងអ្នកស្រី នុត សំណាង ដែលជាតំណាងសហគមន៍ក្នុងខេត្តតាកែវ អះអាងថា លោក ថេង សារឿន ជាកសិករដែលបានជួយបណ្ដុះបណ្ដាលជំនាញកសិកម្ម និងជាកសិករដែលស្វែងរកគំនិតប្លែកៗ ជួយបង្រៀនកសិករផ្សេងទៀតឲ្យរៀនសូត្រផ្នែកខាងកសិកម្មដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែនៅថ្ងៃទី២ ខែមករា មានកម្មករធ្វើកូដកម្មសុំដំឡើងប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ លោក ថេង សារឿន តំណាងសហគមន៍កសិករ ត្រូវបានគេអញ្ជើញឲ្យទៅគាំទ្រកូដកម្មរបស់កម្មករ ហើយក៏ត្រូវចាប់ខ្លួនតែម្ដង៕
No comments:
Post a Comment