Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

សង្គម​ស៊ីវិល៖ លោក​ ហ៊ុន ​សែន​ ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ ការពារ ​រដ្ឋធម្មនុញ្ញ​ គឺ​ការពារ ​រូប​លោក

ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

សង្គម​ស៊ីវិល៖ លោក​ ហ៊ុន ​សែន​ ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ ការពារ ​រដ្ឋធម្មនុញ្ញ​ គឺ​ការពារ ​រូប​លោក


ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល ដែល​អំពាវនាវ​ឲ្យ​កង​កម្លាំង​ទាំងអស់ ការពារ​រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ អ្នក​ច្បាប់​បាន​លើក​ឡើង​ថា អ្នក​រំលោភ​រដ្ឋធម្មនុញ្ញ​នោះ គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ថា រដ្ឋាភិបាល​បាន​បង្កើត​សភា​ឯក​បក្ស បាន​បិទ​សិទ្ធិ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជាដើម។
ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ការពារ​រដ្ឋធម្មនុញ្ញ​នោះ គឺ​ជា​ការ​ប្រកាស​ដើម្បី​ឲ្យ​កង​កម្លាំង​ទាំង​នោះ ការពារ​រូប​លោក​កាន់​អំណាច​ទៅ​វិញ​ទេ។
ក្រុម​អ្នក​ច្បាប់​បាន​ពន្យល់​ថា ការ​រំលោភ​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​នេះ បង្ក​ឡើង​ដោយ​រដ្ឋាភិបាល និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ ដូច​ជា​ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​សំណាញ់​ច្បាប់ នៅ​ខណៈ​ដែល​កម្ពុជា មិន​មាន​ទោស​ប្រហារ​ជីវិត ការ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង ដែល​មិន​ស្ថិត​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ន​នោះ ជាដើម។
ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា ការ​គោរព​រដ្ឋធម្មនុញ្ញ​ជា​រឿង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ។ ផ្ទុយ​ទៅ​វិញ លោក ហួន ជុនឌី បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​អ្នក​ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ​នោះ គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ។
«សំឡេង»
ការ​លើក​ឡើង​ដូច្នេះ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៣ នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដោយ​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ការពារ​រដ្ឋធម្មនុញ្ញ។ ហើយ​លោក​ព្រមាន​ថា រាល់​ឧបាយកល​នានា​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព សន្តិសុខ​សង្គម ស្ថិរភាព​នយោបាយ ភាព​ចលាចល ការ​ប៉ុនប៉ង​ឲ្យ​មាន​អំពើ​ហិង្សា និង​ភាព​វឹកវរ​ក្នុង​សង្គម ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សមាជិក​សភា​ចក្រភព​អង់គ្លេស លោក ណីក ដេឃីន (Nic DaKin) មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​មនុស្ស​ជួប​ប្រជុំ​គ្នា មិន​មែន​ជា​រឿង​ល្អ​ទេ រដ្ឋាភិបាល​ត្រូវ​ថ្លឹងថ្លែង​រវាង​សិទ្ធិ​នៃ​ការ​ជួប​ជុំ និង​បញ្ហា​សន្តិសុខ ដែល​នេះ​ជា​រឿង​មួយ​ស្មុគស្មាញ។
ការ​អូស​បន្លាយ​ពេល​ជាប់​គាំង​នយោបាយ ជា​ដើម​ចម​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​គ្នា ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ហើយ​រាល់​ការ​ជួប​ជុំ ឬ​ធ្វើ​បាតុកម្ម តែង​តែ​មាន​ការ​បង្ក្រាប​ពី​កង​កម្លាំង​រដ្ឋាភិបាល ទោះ​បី​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​ទីកន្លែង​សាធារណៈ​ផ្សេងៗ​ទៀត​ក្ដី។ បញ្ហា​ទាំង​នេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រំលោភ​រដ្ឋធម្មនុញ្ញ។
ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ដើម​ខែ​មករា នៅ​ខណៈ​ដែល​កង​កម្លាំង​របស់​រដ្ឋាភិបាល បាន​ទៅ​បោស​សម្អាត​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ មករា ឆ្នាំ​២០១៤ នោះ​ថា ការ​ប្រមូល​ផ្ដុំ​នានា​បាន​នាំ​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា ការ​បិទ​ផ្លូវ​សាធារណៈ និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។
ដើម្បី​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម ការ​ធ្វើ​បាតុកម្ម​តាម​រយៈ​ការ​ជួប​ប្រជុំ​ជា​សាធារណៈ ឬ​ការ​ដង្ហែ​ក្បួន​នានា ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន រហូត​ដល់​សភាពការណ៍​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​បាន​ធានា និង​វិល​រក​ភាព​ប្រក្រតី​ឡើង​វិញ។
ទាក់ទង​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​ច្បាប់​នៃ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ប៊ុន សេង មាន​ប្រសាសន៍​ថា កម្ពុជា មិន​ទាន់​ស្ថិត​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ន​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ។
«សំឡេង»
កម្ពុជា បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​១៩៩២។ មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ ធានា​អនុសញ្ញា​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា ហើយ​មាត្រា​ដទៃ​ទៀត​គូស​បញ្ជាក់​ឡើង​វិញ ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ថា ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​អាច​អាស្រ័យ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួក​គេ តាម​វិសាលភាព​ពេញ​លេញ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។
មាត្រា​៣៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា ឬ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ទោះ​បី​ជា​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ ប៉ុន្តែ​រដ្ឋាភិបាល​បិទ​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​តាម​រយៈ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ គឺ​ការ​បោះ​ឆ្នោត​ក៏​មិន​មាន​ន័យ​ដែរ។
«សំឡេង»
បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​កង​កម្លាំង​ការពារ​រដ្ឋធម្មនុញ្ញ​នេះ ជា​ការ​បារម្ភ​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មក​នេះ ជា​សកម្មភាព​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។
អ្នក​ច្បាប់​អះអាង​ថា បញ្ហា​សំខាន់​ដែល​រដ្ឋាភិបាល​បិទ​សិទ្ធិ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តួនាទី ពីព្រោះ​រដ្ឋាភិបាល​បាន​ឃើញ​បទ​ពិសោធន៍​នៅ​ប្រទេស​ប៉ែក​មជ្ឈិម​បូព៌ា នៅ​ខណៈ​ដែល​លោក​បាន​ដឹក​នាំ​ប្រទេស​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម​ជាច្រើន​កើត​ឡើង ដូច​ជា​ការ​រំលោភ​ដីធ្លី ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ នៅ​ពេល​បង្ក្រាប​បាតុកម្ម ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល ជាដើម៕




No comments:

Post a Comment