លោក ហោ ណាំហុង ក្នុងសន្និសីទកន្លងមក (រូបថត តាត ឧត្តម)
លោក ហោ ណាំហុង ប្រាប់រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី ថា រដ្ឋាភិបាលកម្ពុជា គឺស្រប រដ្ឋធម្មនុញ្ញ ខុសពី ការលើក របស់ បក្សប្រឆាំង
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2014
រដ្ឋមន្ត្រី ការបរទេស កម្ពុជា នៅថ្ងៃសៅរ៍នេះ ប្រាប់ទៅ រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី ក្នុងកិច្ចប្រជុំទ្វេភាគីមួយ ថា រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើង ក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា និងកំពុងដំណើរការនេះ គឺស្របតាម រដ្ឋធម្មនុញ្ញ កម្ពុជា ផ្ទុយពី ការអះអាង របស់ គណបក្សប្រឆាំង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំបិទទ្វារមួយនៅព្រឹកថ្ងៃ២២ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ឲ្យដឹងថា ក្នុងជំនួបផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop គឺលោក បានលើកឡើងពីដំណើរការគ្រប់គ្រងរដ្ឋជាធម្មតា របស់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នរដ្ឋនានា ដោយលោក អះអាងថា មិនមានការជាប់គាំងនយោបាយអ្វីនោះទេ។
លោក ហោ ណាំហុង បន្តថា លោក បានស្នើឲ្យលោកស្រី Julie Bishop ពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង នៅមុនការបោះឆ្នោត ដែលបានគូសបញ្ជាក់ជាមុនថា ខ្លួនចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលឆ្នោតឡើយ ហេតុដូចនេះ អ្វីៗដែលកើតឡើង គឺគណបក្សប្រឆាំងនេះ បានគ្រោងទុកជាមុនហើយ។ លោក ហោ ណាំហុង ក៏បានប្រាប់លោកស្រី Julie Bishop ថា ការដែលគណបក្សប្រឆាំង ទាមទារចង់កែទម្រង់ការបោះឆ្នោត ឬចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិនោះ គឺត្រូវចូលសភា ដើម្បីជជែក និងពិភាក្សាសម្រេច ដែលនេះជាដំណោះស្រាយជម្លោះរវាងអ្នកនយោបាយ។
កន្លងទៅ អ្នកនាំគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ធ្លាប់អះអាងថា គណបក្សនេះ បានដឹងជាមុនពីគម្រោងរបស់គណបក្សប្រជាជនកម្ពុជា ឃុបឃិតជាមួយ គជប បង្កភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត ហើយការចូលរួមការបោះឆ្នោតនៅអាណត្តិទី៥នេះ គឺដើម្បីបង្ហាញទៅដល់ប្រជាពលរដ្ឋ និងអន្តរជាតិ ទទួលដឹងពីភាពមិនប្រក្រតីនេះ និងភាពមិនឯករាជ្យរបស់ គជប។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និង២២ខែកុម្ភៈនេះ។ នៅម៉ោងជាង៩ ព្រឹកថ្ងៃសៅរ៍នេះ លោកស្រី បានជួបពិភាក្សាជាមួយនឹងប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយដល់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា៕
No comments:
Post a Comment