Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

គ្រួសារ​ ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ពន្ធ​នាគារ​ នៅ​ថៃ អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ដោះលែង​ មក​កម្ពុជា​វិញ​

គ្រួសារ​ ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ពន្ធ​នាគារ​ នៅ​ថៃ អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ដោះលែង​ មក​កម្ពុជា​វិញ​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014,

ក្រុមគ្រួសារ​ពលរដ្ឋ​ខ្មែរ ដែល​យោធា​ថៃ​ចាប់​ដាក់​ពន្ធ​នាគារ នៅ​ខេត្ដ​សុរិន្ទ​ ប្រទេស​ថៃ អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបា​ល​ថៃ ដោះលែង​អ្នក​ត្រូវ​យោធា​ថៃ​ចាប់ខ្លួន​ទាំងនោះ ឲ្យមាន​សេរីភាព​វិញ ដើម្បី​បាន​ជួយ​ការងារ​ក្រុមគ្រួសារ​។​
​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ខ្មែរ​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ជារឿយៗ​ត្រូវបាន​យោធា​ថៃ​ចាប់ខ្លួន ដោយសារ​ឡើង​ភ្នំ​ដងរ៉ែក​បោចវល្លិ៍ រក​ផ្ដៅ និង​ស៊ីឈ្នួល​អូស​ឈើ​ក្រញូង​ឲ្យ​ឈ្មួញ​។​
​អ្នក​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង លោក លឹម ឃឿន ថ្លែងប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូនប្រុស​របស់​លោក​ឈ្មោះ ឃុន វិបុល ត្រូវបាន​ទា​ហ៊ាន​ថៃ​ចាប់​ដាក់​ពន្ធ​នា​គារ នៅ​ខេត្ដ​សុរិន្ទ​ប្រទេស​ថៃ នៅ​ចុងឆ្នាំ​២០១៣ ខណៈ​ឡើង​ភ្នំ​ដងរ៉ែក ដើម្បី​ស៊ីឈ្នួល​អូស​ឈើ​ឲ្យ​ឈ្មួញ ហើយ​វង្វេងផ្លូវ ចូល​ទឹកដី​ថៃ​។ លោក​បន្ដថា ខាង​អាជ្ញាធរ​ថៃ បាន​កាត់ទោស​ឲ្យ​កូន​របស់​លោក ជាប់​ពន្ធ​នា​គារ​១​ឆ្នាំ​៩​ខែ «​វា​អត់​ផង​អី​ផង ដល់ពេល​ទៅ​បោចវល្លិ៍ បោច​ផ្តៅ ដល់​ពេល​ហើយ​គ្នា​មិនដឹង​ព្រំប្រទល់ ខ្មែរ​-​ថៃ យើង វា​ត្រឹមណា​អី​ត្រឹមណា អញ្ចឹង​ដើរចូល​ទៅ​ដី​គេ​ទៅ ហើយ​គេ​ចាប់​យក​ទៅ​ដាក់គុក​ទៅ​។ មួយខែ ជួន​គេ​បើក​ឲ្យទៅ​មួយថ្ងៃ ទៅ​អើត​ម្តង ប៉ុន្តែ​យើង​ជា​អ្នកក្រីក្រ រកលុយ​ទៅ​មិន​បាន​ទេ​បង​អើយ​»​។​
ពលរដ្ឋ​មួយរូប​ទៀត នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​ត្រពាំងប្រិយ៍ អ្នកស្រី ជា សុខ​ហេង រៀបរាប់ថា ប្ដី​អ្នកស្រី ឈ្មោះ ហ៊ុត ឃួ​ត អាយុ​៥៨​ឆ្នាំ ជា​ជនពិការ​ជើង បាន​ជាប់​ពន្ធ​នា​គារ នៅ​ខេត្ដ​សុ​រិន្ទ ជាង​មួយ​ឆ្នាំ​ហើយ ដោយសារ​ឡើង​ភ្នំ បោច​ផ្ដៅ​យក​ធ្វើ​បង្គី​លក់​។ អ្នកស្រី​បន្ដ​ថា ស្វាមី​អ្នកស្រី​មាន​ជំងឺ​ប្រចាំកាយ ហើយ​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​ក្រីក្រ​លំបាក ដោយសារ​អត់​មាន​ស្វាមី​ជួយ​សម្រាល​បន្ទុក​ «​អំពាវ​ដល់​រាជរដ្ឋាភិបាល ឲ្យជួយ​ដោះលែង​។ ដោះលែង​មកវិញ ធ្វើ​ការងារ​ក្នុង​ក្រុមគ្រួសារ ព្រោះ​ខ្ញុំ​ពិបាក​ពេក ម្យ៉ាង​គាត់​កាន់តែ​ចាស់​ហើយ ម្យ៉ាង​គាត់​មាន​ជំងឺ​ច្រើន​ផង ឮ​គាត់​ប្រាប់​ខ្ញុំ​ថា គេ​កាត់ទោស​ឲ្យ ២​ឆ្នាំ​៣​ខែ អត់​មាន​អ្នកណា​ជួយ​ដោះស្រាយ​ឲ្យ​ផង ខ្ញុំ​វា​មិន​ដឹង​ដែរ ដឹង​ឮ​យ៉ាង​ម៉េច ខ្ញុំ​មិនដឹង​ដែរ​បើ​ខ្ញុំ​អត់លុយ ខ្ញុំ​មិនដឹង​ដើរ​ថា​ម៉េច​ដែរ​»​។​
ករណីនេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័​ក្រ បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​ទៅ​ក្រសួង​ការបរទេស ដោយ​លោក​មានប្រសាសន៍ថា ហួស​ដែន​សមត្ថកិច្ច​។
VOD មិនអាច​ទាក់ទង កុយ គង់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ទេ​។ អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ឧត្ដរមានជ័យ លោក ស្រី ណា​រ៉េ​ន ប្រសាសន៍ថា កាលពី​ឆ្នាំ​២០១៣​កន្លងទៅ អាដហុក​ទទួលបាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​រងគ្រោះ​ដែល​ឆ្លង​ដែន​ស៊ីឈ្នួល​កាប់​ឈើ​ក្រញួ​ង បោចវល្លិ៍ នៅតាម​ព្រំដែន​ខ្មែរ ថៃ ចំនួន​៣៨​ករណី និង​ដើមឆ្នាំ​២០១៤​នេះ ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់ ខណៈ​ឡើង​ភ្នំ​កាប់​ឈើ​ក្រញូង​ដែរ​ «​ភាគច្រើន​គាត់​ទៅ​រក​ឈើ ឡើង​ទៅ​រក​ឈើ ពី​ព្រោះ​ឥឡូវ​ហ្នឹង​អ្នករក​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មើល​ទៅ​មាន​ភាព​ដូច​មិន​ថយ​ចុះ​អី​ទេ មានន័យ​ថា គគ្រឹក​គ​គ្រែង ទោះបីជា​ស្លាប់​នៅ​ឆ្នាំ​ហ្នឹង​២០-៣០​ក៏ដោយ ប៉ុន្តែ​ការ​រឹតបន្តឹង​វិញ មើល​ទៅ​ដូច​មិន​មាន​ប្រសិទ្ធិភាព ចង់​និយាយ​ថា ដូចជា​បាន​ទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ចំណាត់ការ​សូន្យ​តែម្តង​»​។​
​លោក​កត់សម្គាល់ថា នៅតាម​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខេត្ដ​ឧត្ដរមានជ័យ ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការបាញ់សម្លាប់ និង​ចាប់ខ្លួន ពី​សំណាក់​ទាហាន​ថៃ ជា​បន្ដបន្ទាប់ ដោយសារ​ការឆ្លង​ចូល​ទៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​៕



No comments:

Post a Comment