Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

សិក្ខា​សាលា​ ស្ដីពី​ ហិរញ្ញប្បទាន​ ការ​ប្រែប្រួល​អាកាស​ធាតុ​ នៅ​កម្ពុជា

សិក្ខា​សាលា​ប្រែប្រួល​អាកាស​ធាតុ ៦១០
សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ដី​អំពី​ហិរញ្ញប្បទាន​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា 
នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

សិក្ខា​សាលា​ ស្ដីពី​ ហិរញ្ញប្បទាន​ ការ​ប្រែប្រួល​អាកាស​ធាតុ​ នៅ​កម្ពុជា

ប្រទេស​កម្ពុជា ឋិត​ក្នុង​ចំណោម​ ប្រទេស​ងាយ​រងគ្រោះ​បំផុត​ ពី​ឥទ្ធិពល​ នៃ​បម្រែបម្រួល​អាកាស​ធាតុ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ក៏​ជា​ប្រទេស​មួយ​ ដែល​ក្រីក្រ​បំផុត​ ក្នុង​ពិភពលោក។ មូលហេតុ​នេះ ប្រទេស​កម្ពុជា ត្រូវ​ការ​ធនធាន​ ហិរញ្ញវត្ថុ​ ជា​ប្រចាំ ដើម្បី​ដោះស្រាយ​ ផល​ប៉ះពាល់​ នៃ​បម្រែបម្រួល​ អាកាស​ធាតុ។

ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ០៧ កុម្ភៈ ២០១៤
មន្ត្រី​ស្ថាប័ន​ជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​កសិករ ប្រមាណ ៧០​នាក់ ជួប​ប្រជុំ​គ្នា​មួយ​ព្រឹក​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ ស្ដីពី​ហិរញ្ញប្បទាន​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ដើម្បី​សរសេរ​គម្រោង​ស្នើ​សុំ​ថវិកា​ពី​ប្រទេស​អភិវឌ្ឍន៍។
អនុ​ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាស​ធាតុ​ក្រសួង​បរិស្ថាន លោក ម៉ា ច័ន្ទសទ្ធា ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា កំពុង​អនុវត្ត​កម្មវិធី​បន្ស៊ាំ​ធំៗ​២ គឺ​សម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ និង​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​ទ្រាំ​នឹង​អាកាស​ធាតុ។ ក្រសួង និង​ស្ថាប័ន​ចំនួន​១០ កំពុង​រៀប​ចំ​ផែន​ការ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាស​ធាតុ​របស់​មូលនិធិ​បៃតង។ ដោយ​ឡែក ក្រសួង​បរិស្ថាន កំពុង​រៀប​ចំ​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ប្រែប្រួល​អាកាស​ធាតុ និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​របស់​ជាតិ ដើម្បី​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព៖ «នៅ​ក្នុង​មូលនិធិ​នេះ គេ​មិន​ដឹង​ថា​យើង​ចង់​បាន​អី​ទេ ប៉ុន្តែ​យើង​រៀប​ចំ​ផែន​ការ ដើម្បី​ស្នើ​សុំ​គេ។ អ៊ីចឹង ដើម្បី​សុំ​បាន យើង​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​អី​សិន មាន​ផែន​ការ​យុទ្ធសាស្ត្រ ផែន​ការ​សកម្មភាព ផែន​ការ​ហិរញ្ញប្បទាន។ ហេតុ​អី​បាន​ថា អិន.ជី.អូ ហ្វរ៉ុម (NGO forum) ជា ស៊ីវិល សុសៃអឺធី (civil society) នេះ​ជា​ការ​ល្អ ជា​ការ​ចូល​រួម​យ៉ាង​សកម្ម ពីព្រោះ​ការ​ប្រែប្រួល​អាកាស​ធាតុ មិន​មែន​ជា​វិស័យ​មួយ​ដាច់​ដោយ​ឡែក​ទេ វា​ជា​អន្តរ​វិស័យ មាន​ការ​ចូល​រួម​ពី​គ្រប់​ស្ថាប័ន សាធារណជន សង្គម​ស៊ីវិល​ទាំងអស់»
នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា អនុ​សញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ (UNFCCC) ឆ្នាំ​១៩៩៦ និង​ពិធី​សារ​ក្យូតូ ឆ្នាំ​២០០២ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​មូលនិធិ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ។ តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា ទទួល​ហិរញ្ញប្បទាន​ជាង ៦៥៥,៦​លាន​ដុល្លារ គឺ​ក្នុង​នោះ ៦៤% នៃ​ទឹក​ប្រាក់​នេះ​ជា​ជំនួយ​ឥត​សំណង និង ៣៦% គឺ​ជា​ប្រាក់​កម្ចី​សម្បទាន៖ «ថវិកា​នេះ​បាន​មក​ពី​គម្រោង​ពាក់ព័ន្ធ​នឹង​អាកាស​ធាតុ​ក្នុង​ស្រុក​សរុប​ចំនួន ៩៥ ហើយ​ក្នុង​នោះ​មាន ៤៣​គម្រោង ត្រូវ​បាន​បញ្ចប់​រួច​រាល់ និង ៤៥​គម្រោង​ទៀត កំពុង​ដំណើរ​ការ និង ៧​គម្រោង​មិន​ទាន់​ដំណើរ​ការ។ នៅ​ក្នុង​ចំណោម​ទឹក​ប្រាក់​ដែល​ប្រទេស​កម្ពុជា ប្រមូល​បាន មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៣៨,៨​លាន​ដុល្លារ ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ និង​ទឹក​ប្រាក់ ៣១៦,៨​លាន​ដុល្លារ​ទៀត នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​រយៈពេល ៧​ឆ្នាំ​បន្ទាប់​ទៀត គឺ​ចាប់​ពី​ឆ្នាំ​២០១៤ ដល់ ២០២០»
ក្រុម​ប្រឹក្សា​ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក ឃឹម ងួន ថ្លែង​ថា កសិកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ បាន​រងគ្រោះ​ក្រោម​ការ​ប្រែប្រួល​អាកាស​ធាតុ ដោយ​ការ​ខ្វះ​ទឹក​ធ្វើ​កសិកម្ម។ ហេតុ​នេះ កសិករ​បាន​សន្សំ​ទឹក និង​សុំ​អង្គការ​ជួយ​ស្ដារ​ព្រែក និង​ជីក​ស្រះ។ ទន្ទឹម​នោះ កសិករ​ថែ​ទាំ​ដី​មុខ​លើ ដោយ​បន្ថយ​ការ​ប្រើ​ជី​គីមី​ក្នុង​ការ​ដាំ​ដុះ មក​ប្រើ​ជី​ធម្មជាតិ​វិញ៖ «គាត់​ចាប់​ផ្ដើម​បន្ថយ​ជី​គីមី គាត់​ដាក់​ជី​ធម្មជាតិ​របស់​យើង កាល​ណា​ប្រើ​ជី​ធម្មជាតិ យើង​នឹង​បាន​ច្រើន គឺ​ជាតិ​ដី​របស់​យើង​ហ្នឹង គឺ​វា​អត់​រឹង​ទេ គឺ​មាន​ផុស ហើយ​មាន​ជាតិ​សំណើម​ច្រើន»
កសិករ​មក​ពី​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ លោកស្រី ទិត្យ សុភាព ថ្លែង​ថា ក្នុង​ពេល​អាកាស​ធាតុ​ប្រែប្រួល ខេត្ត​ពោធិ៍សាត់ បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់។ នៅ​ពេល​គាត់​ចិញ្ចឹម​សត្វ​ក្នុង​ទឹក​កំពុង​ជន់ គាត់​បាន​ថែ​ទាំ​សត្វ​ជ្រូក ដោយ​ការ​ចាក់​វ៉ាក់សាំង និង​ផ្តល់​ចំណី​ឲ្យ​វា​ស៊ី​គ្រប់គ្រាន់ ទើប​សត្វ​គាត់​ចិញ្ចឹម​មិន​មាន​ជំងឺ។
តំណាង​ក្រសួង​បរិស្ថាន លោក ម៉ា ច័ន្ទសទ្ធា បង្ហាញ​ថា ហិរញ្ញប្បទាន​សម្រាប់​ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ផ្តល់​តាម​រយៈ​ស្ថាប័ន​ជាតិ​តំបន់ និង​អន្តរជាតិ សម្រាប់​គម្រោង​កាត់​បន្ថយ និង​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​អនុវត្ត​ឲ្យ​មាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន។ លោក​ថា សម្ព័ន្ធភាព​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា (CCCA) បាន​អភិវឌ្ឍ​គម្រោង​សាកល្បង​សម្រាប់​ការ​ប្រែប្រួល​អាកាស​ធាតុ មាន​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​៣២ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​បុគ្គលិក​ថ្នាក់​ខេត្ត និង​មូលដ្ឋាន​ចំនួន ១.៣០០​នាក់ និង​សមាជិក​សហគមន៍​ជាង ២​ម៉ឺន ៣​ពាន់​នាក់ បាន​ទទួល​ការ​បណ្តុះ​បណ្ដាល​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ៕



No comments:

Post a Comment