ប្រជាសហគមន៍បឹងកក់ ត្រូវបានរំខានពីសមត្ថកិច្ច នៅពេលពួកគេលក់ផ្កា នៅថ្ងៃបុណ្យនៅសេចក្តីស្រលាញ់ (រូបថត៖ ណាត សុភាព)
អ្នកបឹងកក់ លក់ផ្កា បានជោគជ័យ តាមការគ្រោងទុក បើទោះមានការរារាំង ពីសមត្ថកិច្ច
ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
ប្រជាសហគមន៍បឹងកក់ប្រមាណជាង១០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ដើរលក់ផ្កា រហូតបានជោគជ័យ តាមការគ្រោងទុក បើទោះជាមានការរារាំងពីកម្លាំងសមត្ថកិច្ច និងក្រុមសន្តិសុខខណ្ឌដូនពេញខ្លះៗក៏ដោយ។
នៅម៉ោងជិត១០ព្រឹកនេះ ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានស្នើឲ្យសកម្មជនបឹងកក់ បញ្ឈប់ការលក់ផ្កានៅមុខសាលារាជធានីភ្នំពេញ ក្រោមហេតុផលថា កន្លងមក អាជ្ញាធរមិនដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ លក់ផ្កានៅទីនោះទេ ព្រោះខ្លាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ប៉ុន្តែ ប្រធានក្រុមសន្តិសុខសាលាខណ្ឌដូនភ្នំពេញ លោក ជៀម រដ្ឋា បានជួយទិញផ្កាអ្នកបឹងកក់ ចំនួន១០ទង ជាថ្នូរបញ្ឈប់ការប្រមូលផ្តុំលក់ផ្កា នៅមុខសាលារាជធានីភ្នំពេញ។
សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងអរគុណ ចំពោះសមត្ថកិច្ច និងក្រុមសន្តិសុខទាំងនោះ បើទោះមិនអនុញ្ញាតិឲ្យលក់នៅមុខសាលារាជធានី ក៏អ្នកស្រីលក់ផ្កាអស់ដែរ ពីព្រោះប្រជាពលរដ្ឋជាច្រើនបានគាំទ្រ និងជួយទិញផ្ការបស់ក្រុមអ្នកស្រី «យើងគិតថា តាំងពីសមត្ថកិច្ច អាជ្ញាធរ សន្តិសុខ សណ្តាប់ធ្នាប់ក្តី យើងមើលទៅ មិនត្រឹមតែថា ពួកខាងគាត់ទេត្រូវចុះមក ឲ្យយើងទៅលក់ចេញពីហ្នឹង ទៅឆ្ងាយទៅកោះពេជ្រ ខ្ញុំជឿថា នេះមានបញ្ជាពីមេខាងលើផង។ អញ្ចឹងអ្វីដែលខ្ញុំចង់បាន ខ្ញុំមិនចង់ឲ្យគាត់រើសអើងពួកខ្ញុំ ខ្ញុំមិនចង់ឲ្យគាត់ចាត់ទុកខ្ញុំជាសត្រូវទេ គឺក្នុងថ្ងៃនៅបុណ្យទិវានៅក្តីស្រលាញ់ហ្នឹង ខ្ញុំចង់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់នូវក្តីធម៌មេត្តា ផ្តល់នូវភាពកក់ក្តៅ ផ្តល់នូវក្តៅស្រលាញ់ដល់ពួកខ្ញុំ ដែលពួកខ្ញុំខ្វះនូវភាពយុត្តិធម៌ ខ្វះនូវភាពកក់ក្តៅយូរឆ្នាំកន្លងមកហើយ»។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា ការរំខានរបស់សមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌ ជាសារមួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពគ្រប់យ៉ាង ព្រោះថ្ងៃនេះជាថ្ងៃទិវានៃក្តីស្រលាញ់។ លោកបញ្ជាក់ ដើម្បីកុំឲ្យខ្មាស់ប្រទេសជិតខាង រដ្ឋាភិបាលត្រូវបញ្ឈប់រូបភាពអាក្រក់បែបនេះនៅកម្ពុជា «រដ្ឋធម្មនុញ្ញ យើងមានហើយ គោរពរដ្ឋធម្មនុញ្ញយើង បើកសេរីភាពឲ្យប្រជាពលរដ្ឋ មានសិទ្ធិក្នុងការបញ្ចេញមតិ មានសិទ្ធិក្នុងការជួបជុំ ហើយព្រឹកមិញនេះ មិនមែនជារឿងមួយដែលគាត់ទៅធ្វើបាតុកម្មឯណា គាត់គ្រាន់ទៅលក់ផ្កា វាអ្វីត្រូវអាជ្ញាធរព្រួយបារម្ភសោះ»។
VOD មិនអាចសុំការអត្ថាធិការពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ នៅរសៀលថ្ងៃសុក្រនេះ។
សកម្មជនដីធ្លីបឹងកក់ លក់ផ្កាអស់ចំនួន៣០០ដើមនៅថ្ងៃទិវានៃក្តីស្រលាញ់នេះ បន្ទាប់មកពួកគេនឹងយកថវិកានោះជួយទ្រទ្រង់សហគមន៍បឹងកក់ ក្នុងយុទ្ធនាការរកយុត្តិធម៌សម្រាប់អ្នកជាប់ឃុំទាំង២១នាក់ នៅត្រពាំងផ្លុង ខេត្តកំពង់ចាម៕
No comments:
Post a Comment