សកម្មភាពតវ៉ារបស់អ្នកភូមិចម្ការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
ពលរដ្ឋ នៅពោធិ៍សាត់ បន្តតវ៉ា ឲ្យ ដោះលែងស្ត្រីម្នាក់ និងបញ្ឈប់ បណ្ដេញពលរដ្ឋ ពីលំនៅឋាន
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ១៤ កុម្ភៈ ២០១៤
ក្រុមប្រជាពលរដ្ឋដែលត្រូវកម្លាំងសមត្ថកិច្ចចុះដុតផ្ទះ និងចាប់ស្ត្រីម្នាក់ដាក់គុក នៅស្រុកវាលវែង នោះ បាននាំគ្នាកាន់តែច្រើនឡើងមកធ្វើបាតុកម្មនៅទីរួមខេត្តនេះ ដើម្បីទាមទារឲ្យមានការដោះលែង និងបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ។
ប្រជាពលរដ្ឋម្នាក់ លោក ប៉ាល់ ញ៉ មានប្រសាសន៍ថា ក្រុមអ្នកភូមិនឹងបន្តធ្វើការតវ៉ារបស់ខ្លួន រហូតដល់មានដំណោះស្រាយពីអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ។ លោកបន្តថា ប្រជាពលរដ្ឋជាង ១០០គ្រួសារ កំពុងតែគ្មានទីជម្រកពិតប្រាកដ និងខ្វះខាតស្បៀងអាហារ ក្រោយពីការបណ្ដេញចេញដោយបង្ខំនេះ៖ «សូមឲ្យជួយដោះលែង អ្នកស្រី ស៊ិន សៀន មក គាត់មិនមានកំហុសអីទេ ហេតុអីបានជាចាប់គាត់នោះ។ បញ្ឈប់ដុតផ្ទះសម្បែងទៅលោកអ្ហើយ! ចង់បានឲ្យគាត់ហ្នឹងទទួលស្គាល់ខ្ញុំជាប្រជាពលរដ្ឋផង ខ្ញុំក៏ខ្មែរដែរ ខ្មែរមិនមានសិទ្ធិរស់នៅលើដីខ្មែរទេឬ? បាទត្រូវបានគេដុតបំផ្លាញផ្ទះសម្បែងខ្ទេចខ្ទីអស់ហើយ គ្មានសល់ទេ តើឲ្យកូនខ្ញុំទៅរស់នៅឯណា?»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា បានចុះដុតផ្ទះ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានជាច្រើនគ្រួសារ ក្រោមហេតុផលថា គ្រួសារទាំងនោះបានមករស់នៅ និងកាប់រានដីព្រៃការពាររបស់រដ្ឋ។ នៅអំឡុងពេលនៃការចុះអនុវត្ដនោះ ក្រុមសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីជាអ្នកភូមិម្នាក់ឈ្មោះ ស៊ិន សៀន បញ្ជូនមកតុលាការខេត្តផងដែរ៕
No comments:
Post a Comment