សកម្មភាពកម្មករលីស្រូវដាក់ទូករបស់ឈ្មួញជនជាតិវៀតណាម នៅមាត់ទន្លេតូច នាភូមិតាមៅ ឃុំរាធរ ស្រុកព្រះស្ដេច
ខេត្តព្រៃវែង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤។
ពលរដ្ឋ នៅព្រៃវែង ត្អូញ ពីតម្លៃស្រូវចុះថោក ដោយសារ ប៉ូលិសទារលុយ ពីឈ្មួញវៀតណាម
ប្រជាកសិករ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង រិះគន់ អាជ្ញាធរប៉ូលិស ថា ដាក់កុងត្រូល យកលុយ ពី ទូកឈ្មួញទិញស្រូវ របស់ ជនជាតិវៀតណាម មួយជើងពី ១៥០ ទៅ ២៥០ដុល្លារអាមេរិក ខណៈដែលធ្វើដំណើរ ដឹកស្រូវ តាមដងទន្លេតូច នៅចំណុចច្រកទ្វារចេញចូល នៃឃុំកោះសំពៅ ស្រុកពាមជរ។ ហើយ បញ្ហានេះ បានធ្វើឲ្យ តម្លៃស្រូវ របស់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់នោះ ធ្លាក់ចុះ។
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ០៨ កុម្ភៈ ២០១៤
ប្រជាកសិករអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឲ្យបញ្ឈប់សកម្មភាពរបស់ប៉ូលិស ដាក់កុងត្រូលយកប្រាក់ពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ដែលធ្វើដំណើរដឹកស្រូវរបស់ពលរដ្ឋតាមដងទន្លេតូច នៅខេត្តព្រៃវែង បន្តទៀត។
ប្រជាកសិករសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ រស់នៅភូមិថ្កោល ឃុំបឹងដោល នៃស្រុកព្រះស្ដេច ថ្លែងបញ្ជាក់នៅថ្ងៃទី០៨ កុម្ភៈ ថា អាជ្ញាធរប៉ូលិសដាក់កុងត្រូលយកប្រាក់ពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ច្រើនពេក ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រូវរបស់ប្រជាពលរដ្ឋ។ ហើយសព្វថ្ងៃ តម្លៃស្រូវប្រាំងប្រភេទអ៊ីអ៊ែរ ដែលឈ្មួញជនជាតិវៀតណាម ចុះមកប្រមូលទិញពីប្រជាពលរដ្ឋមួយគីឡូក្រាមប្រមាណ ៩៥០រៀលសម្រាប់ស្រូវស្ងួត។
លោកថ្លែងបន្តថា តម្លៃស្រូវអាចឡើងដល់ ១.៥០០ ទៅ ២ពាន់រៀលក្នុងមួយគីឡូក្រាម ប្រសិនបើអាជ្ញាធរមិនគាបសង្កត់ពីទូកឈ្មួញទិញស្រូវជនជាតិវៀតណាម៖
«លក់ស្រូវ ហើយដល់ពេលថោកទៀត ធ្វើស្រូវយកទៅសងគេអ៊ីចឹងទៅ សងគេមិនរួចទៀត។ ហើយដល់ពេលអ៊ីចឹងទៅ អត់ទៅណា ការជីក៏ឡើងថ្លៃ ប្រេងក៏ឡើងថ្លៃ ហើយស្រូវចុះតម្លៃទៀត។ ហើយអ៊ីចឹង ធ្វើបាបប្រជាពលរដ្ឋណាស់ ដោយសារប៉ុស្តិ៍កោះសំពៅ គាត់យកលុយពីអ្នកឡើងមកទិញច្រើនពេក។ ដល់ពេលអ៊ីចឹង គេឡើងមកជាន់កពួកខ្ញុំ»។
ស្រដៀងគ្នានេះដែរ ឈ្មួញទិញស្រូវជនជាតិវៀតណាម មកពីខេត្តដុងថាប់ លោក ជួ ឡុក ថ្លែងបញ្ជាក់តាមរយៈអ្នកបកប្រែថា តម្លៃស្រូវនៅកម្ពុជា អាចឡើងខ្ពស់ជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម ប្រសិនបើអាជ្ញាធរខ្មែរបន្ធូរតម្លៃពន្ធលើកាណូតឈ្មួញវៀតណាម ចូលទិញស្រូវនៅកម្ពុជា។ លោកថ្លែងបន្តថា លោកចូលមកទិញស្រូវក្នុងស្រុកខ្មែរមួយជើងមានរយៈពេលប្រមាណ ៣ថ្ងៃ ហើយក្នុងមួយជើងត្រូវចំណាយប្រាក់បង់ទៅឲ្យប៉ូលិសខ្មែរប្រមាណពី ១៥០ ទៅ ២៥០ដុល្លារអាមេរិក ពោល គឺគេយកតម្លៃទៅតាមចំណុះនៃទម្ងន់របស់កាណូតដឹកស្រូវ៖ «មានជើងខ្លះ ៣លាន ទៅដល់ ៥លានលុយវៀតណាម លុយដុង។ បង់ទៅឲ្យខាងណាគេ? គាត់បង់ទៅឲ្យពួកកោះសំពៅ។ កាលណាគាត់បង់ច្រើន ស្រូវហ្នឹងចុះថោក គេរឹបកាន់តែច្រើន ស្រូវហ្នឹងកាន់តែចុះទៀត»។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រ៊េង ជា មានប្រសាសន៍បញ្ជាក់ថា លោកពុំទទួលបានព័ត៌មានពាក់ព័ន្ធនឹងប៉ូលិសដាក់កុងត្រូលយកលុយពីកាណូតឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម នេះនៅឡើយទេ៖ «ខ្ញុំអត់មានពាក់ព័ន្ធការកុងត្រូលយកស្រូវយកអីទេ ខ្ញុំអត់មានដាក់បទបញ្ជាអីអ៊ីចឹងទេ។ បាទ! ចាំមើលខ្ញុំសួរនាំទៀតមើល ទេបានព័ត៌មានប៉ុណ្ណឹង ខ្ញុំស្រាវជ្រាវទៀតមើលវាយ៉ាងម៉េច ព្រោះខ្ញុំបំបាត់ហើយរឿងហ្នឹងអត់មានឲ្យធ្វើអ៊ីចឹងទេ»។
កាណូតជនជាតិវៀតណាម ចូលមកទិញស្រូវពលរដ្ឋខ្មែរក្នុងមួយថ្ងៃមានប្រមាណពី ២៥ ទៅ ៣០គ្រឿង ទិញនៅចំណុចមាត់ទន្លេតូចនៃផ្សារដីក្រហម នៅភូមិតាមៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ទូកទិញស្រូវរបស់វៀតណាម ភាគច្រើនមានចំណុះពី ៤០ ទៅ ៦០តោន ធ្វើដំណើរតាមដងទន្លេតូចឆ្លងកាត់ស្រុកព្រះស្ដេច និងស្រុកពាមជរ។ ហើយក្នុងពេលធ្វើដំណើរមកទិញស្រូវមួយលើក ត្រូវបង់ប្រាក់ទៅឲ្យប៉ូលិសខ្មែរនៅម្ដុំច្រកទ្វារឃុំកោះសំពៅ ស្រុកពាមជរ ប្រមាណពី ១៥០ ទៅ ២៥០ដុល្លារអាមេរិក៕
No comments:
Post a Comment