កម្មករបើកបដាទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៣។
សហជីពកម្មករ ៩ ត្រៀម ធ្វើមហាបាតុកម្ម លើកទី២ ឆាប់ៗនេះ
មេដឹកនាំ សហជីព និងសមាគមធំៗ ចំនួន ៩ស្ថាប័ន ត្រៀមដឹកនាំ ក្រុមកម្មករ រោងចក្រកាត់ដេរ និងផលិតស្បែកជើង ធ្វើមហាកូដកម្ម ជាលើកទី២ នៅពេលដ៏ឆាប់ខាងមុខ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដំឡើងប្រាក់ខែគោល ជូន កម្មករ ១៦០ដុល្លារ និងស្នើឲ្យ ដោះលែងមនុស្ស ២៣នាក់ ពីពន្ធនាគារ ត្រពាំងផ្លុង។
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០៥ កុម្ភៈ ២០១៤
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា នៅថ្ងៃទី៥ កុម្ភៈ មេដឹកនាំសហជីពធំៗទាំង៩ នឹងជួបប្រជុំដើម្បីកំណត់ថ្ងៃធ្វើមហាបាតុកម្មជាលើកទី២ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ។ លោកព្រមានថា មហាកូដកម្មរបស់ក្រុមកម្មករនៅទូទាំងប្រទេស ទំនងជាមិនអាចជៀសផុតទេ បើរដ្ឋាភិបាលមិនពិចារណាដំឡើងប្រាក់ខែជូនកម្មករឲ្យបានសមរម្យ និងមិនព្រមដោះលែងមនុស្សទាំង ២៣នាក់នោះទេ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមេដឹកនាំសមាគម សកម្មជនសិទ្ធិមនុស្ស និងកម្មករសរុបចំនួន ២៣នាក់ ដាក់ពន្ធនាគារ។ ការចាប់ខ្លួននេះគឺក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងអាជ្ញាធរជាមួយក្រុមកម្មករទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល តាមផ្លូវជាតិលេខ៤ និងសួនឧស្សាហកម្មកាណាឌីយ៉ា តាមផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
ទោះយ៉ាងណា មន្ត្រីនាំពាក្យសាលារាជធានី និងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា បើការធ្វើបាតុកម្ម ឬកូដកម្ម មានច្បាប់អនុញ្ញាត គឺសមត្ថកិច្ចត្រៀមកម្លាំងដើម្បីការពារសន្តិសុខ ប៉ុន្តែបើមិនមានច្បាប់ពីអាជ្ញាធរទេ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងនេះក្តី មេដឹកនាំសហជីពកម្មករទាំង ៩ បានត្រៀមរៀបចំបោះពុម្ពខិត្តប័ណ្ណស្ដីពីគម្រោងធ្វើមហាកូដកម្មជាលើកទី២ ចំនួន ៥ម៉ឺនសន្លឹក សម្រាប់ចែកជូនក្រុមកម្មករតាមរោងចក្រនៅទូទាំងប្រទេសឲ្យចូលរួមឲ្យបានច្រើន៕
No comments:
Post a Comment