Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

ពលរដ្ឋ​ អះអាង​ ថា​ មាន​ការ​កាប់​ឈើ​ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំ​ឱរ៉ាល់

ពលរដ្ឋ​ អះអាង​ ថា​ មាន​ការ​កាប់​ឈើ​ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំ​ឱរ៉ាល់

បទ​ល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដែន​អភិរក្ស​បរិស្ថាន ស្ថិត​នៅ​ក្នុង​ទឹក​ដី​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កំពុង​តែ​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ។

ដោយ ជិន ជេដ្ឋា​ / ០២ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ជៀប ស្រុក​ទឹកផុស ជា​ច្រើន​នាក់ បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​មក សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ទាំង​ពីរ​នេះ បាន​កើត​មាន​កាន់​តែ​ច្រើន​ឡើង ដោយ​ក្នុង​១​ថ្ងៃ​គេ​ឃើញ​មាន​រទេះ​គោយន្ត​ដឹក​ឈើ​ចាប់​ពី ៥០ ទៅ ១០០​គ្រឿង។
តំណាង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ឃុំ​ជៀប ស្រុក​ទឹកផុស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដែន​រដ្ឋបាល​ព្រៃឈើ ស្ថិត​នៅ​ក្នុង​ទឹក​ដី​ស្រុក​ទឹកផុស នឹង​ត្រូវ​វិនាស​ហិនហោច​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​បន្ត​ទៅ​ទៀត​នោះ។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ជៀប ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ឈើ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​សម្រុក​កាប់ និង​ដឹក​តាម​រទេះ​គោយន្ត​ចេញ​ពី​ប៉ែក​ខាង​ជើង​នៃ​ឃុំ​ជៀប ដូច​ជា​នៅ​ចំណុច​ចម្ការ​ម៉ុច ស្ថិត​នៅ​ភូមិ​កោះ​ខ្ទុម ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ស្រុក​សាមគ្គីមានជ័យ និង​បន្ត​បែងចែក​ទៅ​តាម​ដេប៉ូ​ឈើ​មួយ​ចំនួន​ទៀត ដូចជា​នៅ​ផ្សារ​សាលា​លេខ​ប្រាំ ក្រុង​កំពង់ឆ្នាំង និង​ទៅ​រាជធានី​ភ្នំពេញ ជាដើម។
ពលរដ្ឋ៖ «រាល់​ថ្ងៃ​មាន​តែ​ពីរ​តំបន់​ទេ ដែល​ត្រូវ​ដឹក​ចេញ​នោះ​វា​មាន​ដែន​ជម្រក និង​ដី​ដែល​វា​អត់​មាន​នៅ​ក្នុង​ដែន​ជម្រក។ ព្រលឹម​ឡើង​ចាប់​ផ្ដើម​ចេញ​ពី​ម៉ោង ៤ រហូត​ដល់​ម៉ោង ១២ (ព្រឹក) អា​ហ្នឹង​ចេញ ហើយ​ដល់​ពេល​ចុះ​មក​វិញ គឺ​ចាប់​ពី​ម៉ោង ១២​មក​រហូត​ទៅ​ទល់​ម៉ោង​១ ឬ​ម៉ោង ២​យប់។ ខ្ញុំ​ជម្រាប​ប្រភេទ​ដែល​ត្រូវ​ដឹក​ហ្នឹង គឺ​កូន​ឈើ​ដំ​សំបក និង​អុស​ស្ដែរ (អុស​គីប) ឡ​ធ្យូង រ៉ឺម៉ក​ក៏​មាន​អី​ក៏​មាន​ថា​សព្វ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ឈើ​ប្រណីត​ឥឡូវ​ហ្នឹង​វា​ស្កក​បន្តិច​ហើយ ឈើ​ប្រណីត​តាម​ខ្ញុំ​ដឹង​អត់​សូវ​ដឹក​ថ្ងៃ​ទេ គេ​ដឹក​តែ​យប់​ៗ​ទេ​ឥឡូវ​នោះ»
ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ិន កុសល បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា បទ​ល្មើស​ព្រៃ​ឈើ​អាច​កើត​មាន​នៅ​ដែន​អភិរក្ស​បរិស្ថាន ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេ​ព្រៃ ឬ​នៅ​ដែន​រដ្ឋបាល​ព្រៃឈើ ក៏​ប៉ុន្តែ​សម្រាប់​ដែន​រដ្ឋបាល​ព្រៃឈើ ខាង​លោក​កំពុង​តែ​ចាត់​វិធានការ​ហើយ។
យ៉ាង​ណា​អភិបាល​ស្រុក​ទឹកផុស លោក សោម វឺន មាន​ប្រសាសន៍​ថា ការ​កាប់​អុស​ពិត​ជា​កើត​មាន​មែន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ក៏​ប៉ុន្តែ​អុស​ទាំង​នោះ​គឺ​ជា​ប្រភេទ​អុស​ក្រាក់ ឬ​ដើម​ឈើ​ងាប់ៗ​ប៉ុណ្ណោះ ហើយ​ក៏​ពុំ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ច្រើន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ដែរ៖ «បាទ! អត់​មាន​ទេ មាន​តែ​គោយន្ត​បន្តិចបន្តួច អ្នក​ស្រុក​គាត់​កាប់​អុស​កាប់​អី​ហ្នឹង​ណា។ នៅ​កាប់​ក្បាល​ស្រែ​គាត់​នៅ​អែប​ដែន​ជម្រក ហើយ​និង​ក្រាក់​ដែល​វា​រលំៗ​ហ្នឹង គាត់​ទៅ​សុំ​គេ​នៅ​ក្នុង​ដែន​ជម្រក​ហ្នឹង​យក​មក​ធ្វើ​អុស»
ប្រធាន​គម្រោង​នៃ​អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍ (CCD) អ្នកស្រី សេង គឹមស្រ៊ឺ ថ្លែង​ថា តំណាង​និង​ប្រជាពលរដ្ឋ​តែងតែ​ទទួល​រង​នូវ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​ពេល​ណា​ដែល​ពួកគាត់​ហ៊ាន​ចេញ​មុខ ឬ​រាយការណ៍​ពី​បទ​ល្មើស​ផ្សេងៗ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា៖ «ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ឃើញ​រយៈពេល​ទើប​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ហ្នឹង ហាក់​ដូច​ជា​វា​លែង​មាន​ប្រសិទ្ធភាព​ទៅ​វិញ។ គិត​ថា​ទី​១ ទាក់ទង​នឹង​កត្តា​ការ​គំរាម​កំហែង​របស់​សហគមន៍​ពេល​ដែល​គាត់​រាយការណ៍​ទៅ អា​ការ​អន្តរាគមន៍​ហ្នឹង​វា​យឺតយ៉ាវ​ធ្វើ​ឲ្យ​សហគមន៍​បាក់​​ទឹក​ចិត្ត អ៊ីចឹង​ការ​ចូល​រួម​របស់​ពួកគាត់​ហ្នឹង​លែង​មាន​ការ​ចូល​រួម។ ហើយ​មួយ​ទៀត បន្ទាប់​ពី​គាត់​បាក់​ទឹក​ចិត្ត គាត់​ចាប់​ផ្ដើម​ទិញ​ឧបករណ៍​បំផ្លាញ ដូច​រណារ​ដូច​អី​ហ្នឹង គាត់​គិត​ថា​បើ​គាត់​មិន​រក​គាត់​នៅ​តែ​អត់ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ទិញ​អា​ឧបករណ៍​ហ្នឹង​ឡើង​វិញ​ទៅ​ជា​គាត់​ហ្នឹង​បំផ្លាញ​ខ្លួន​ឯង​វិញ»
បណ្ដាញ​សហគមន៍​ព្រៃ​ឈើ​នៅ​ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​ទឹកផុស សរុប​ប្រមាណ​ជា ៧០​នាក់ មាន​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ​តានៃ ឃុំ​ជៀប ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ និង​ចាត់​វិធានការ​ការពារ​ព្រៃឈើ​នៅ​តាម​មូលដ្ឋាន​របស់​ពួកគាត់ ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​នោះ៕


No comments:

Post a Comment